
ក្រោយជម្លោះព្រំដែនមានការឡើងកម្តៅ ធ្វើឱ្យគេមានការព្រួយចំពោះបញ្ហានេះក្នុងការរាលដាលធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។ តើការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានស្ថានភាពយ៉ាងណា ក្រោយមានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែន?
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាកត់សម្គាល់ឃើញថា មកទល់ពេលនេះការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅតែមានដំណើរការជាធម្មតា ខណៈការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរក៏មិនមានអ្វីប្រែប្រួលនោះដែរ។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស សង្កេតឃើញថា ក្រោយមានភាពតានតឹងរវាងកងកម្លាំងកម្ពុជាជាមួយថៃរួចមក សកម្មភាពដឹកជញ្ជូននៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតាមច្រកទ្វារនានានៅតែមានសកម្មភាពជាធម្មតា។ ទន្ទឹមនេះ អ្នកជំនួញរូបនេះជឿជាក់ថា ក្នុងករណីកម្ពុជាប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហានេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ទំនងជាមិនប៉ះពាល់នោះដែរ ព្រោះក្នុងអំឡុងវិវាទកាលពីឆ្នាំ២០០៨ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែដំណើរការល្អប្រសើរ។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ថៃ នៅតែមានទំនាក់ទំនងល្អ។ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានទំហំតិចជាងប្រទេសថៃនាំចូលមកម្ពុជា ពោលគឺថៃទទួលបានផលប្រយោជន៍ច្រើនពីការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ទោះបីស្ថានការណ៍តាមព្រំដែនរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹង ហើយកម្ពុជាគ្រោងយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ តែអ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះទំនងជាមិនអាចរុញច្រានឱ្យប្រទេសទាំងពីរឈានដល់ការបិទច្រកទ្វានោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសថៃសម្រេចបានទំហំជាង១,៤៩៤លានដុល្លារកើនឡើងជាង៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំជាង៣២៧លានដុល្លារ ខណៈថៃនាំចូលមកម្ពុជាវិញមានទំហំជាង១,១៦៦លានដុល្លារ។ ជាមួយគ្នានេះនៅពេញ១ឆ្នាំ២០២៤ កន្លងទៅការធ្វើពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានទំហំ៤,២៨៨លានដុល្លារ កើនឡើងជាង១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៨៤៤លានដុល្លារ ហើយថៃនាំចូលមកម្ពុជាវិញ មានទំហំជាង៣,៤៤៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ