Advertisement
Advertisement
Advertisement
រថភ្លើង-ព្រលានយន្ដហោះ

ផ្លូវរថភ្លើងថ្មីទៅកាន់ព្រលានយន្ដហោះ​មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់


បន្ទាប់ពីបើកឲ្យដំណើរការបណ្ដោះអាសន្នរថភ្លើងចម្ងាយខ្លីស្ថានីយអយស្ម័យយានភ្នំពេញទៅមកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា កំណាត់ផ្លូវរថភ្លើងដែលតភ្ជាប់ពីផ្លូវរថភ្លើងចាស់ត្រង់ចំណុចវត្តតាំងកសាង ឆ្ពោះមកព្រលានយន្ដហោះ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ ដោយសារ មានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ បង្កឡើងដោយផ្លូវដែកដែលធ្វើនៅចំកណ្តាលផ្លូវថ្នល់នេះ។
នេះជាផ្លូវរថភ្លើងដែលធ្វើនៅចំកណ្ដាលផ្លូវលេខ១០៥ (រូបថត៖ ហេង ភារម្យ)
ដោយ
Advertisement

ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ សំឡេងរំខានពីស៊ីផ្លេរថភ្លើង ក៏ត្រូវបានពលរដ្ឋរស់នៅជាប់ផ្លូវ១០៥នេះ រអ៊ូរទាំយ៉ាងខ្លាំងផងដែរ។ លោក ហ៊ន សឹង ពលរដ្ឋរស់នៅជាប់ផ្លូវលេខ១០៥ ដែលជាផ្លូវដ៏ចម្លែកជាងគេនៅកម្ពុជា ដោយសារ មានផ្លូវដែកនៅចំកណ្ដាលផ្លូវថ្នល់ បានប្រាប់ខេម​បូណូ​មីស​ថា ផ្លូវនេះ បានបង្កផលប៉ះពាល់ច្រើនណាស់ដល់ពលរដ្ឋរស់នៅជាប់ផ្លូវ។  

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រថភ្លើងនេះ បង្កសំឡេងរំខានណាស់ ឲ្យតែមកម្តងៗ ស៊ីផ្លេចង់រយះស្លឹកត្រចៀកអស់ហើយ មិនបាច់នរណាដេកនរណាពូនទេអីទេទាំងយប់ទាំងថ្ងៃ។ និយាយរួមទៅ អ្នករស់នៅ តាមផ្លូវហ្នឹង ដេកមិនបានហ្មង…ហើយក៏មានគ្រោះថ្នាក់ច្រើនដែរ ទោះរថភ្លើងមិនកៀរ ក៏ជិះដួលខ្លួនឯង ព្រោះម៉ូតូចូលក្នុងចង្អូរផ្លូវរថភ្លើង។ ថ្ងៃមុនរថភ្លើងបុកគូទឡានគេមួយដែរ ហើយសប្ដាហ៍មុន នៅជិតរដ្ឋាករទឹក ស្ដ្រីពោះធំម្នាក់ ដួលឡើងធ្លាក់ឈាម។ និយាយទៅ តាំងពីបង្កើតផ្លូវរថភ្លើងនេះ បង្កបញ្ហាច្រើនណាស់»។ 

ដូចគ្នាដែរ លោក ហេង ឆាយជីវ ពលរដ្ឋលក់ចាប់ហួយនៅជាប់ផ្លូវ១០៥នេះ ក៏បានរអ៊ូរទាំពីការរំខានដោយសំឡេងស៊ីផ្លេរថភ្លើងផងដែរ។

លោករៀបរាប់ថា៖ «សំឡេងវាលឺខ្លាំងណាស់ រញ្ជូយហ្មង។ បើអ្នកមានកូនតូច ឬកូនខ្ចីអីវិន នៅអត់កើតទេ។ មួយទៀត ផ្លូវនេះ ក៏មានគ្រោះថ្នាក់ដែរ ជាពិសេសអ្នកជិះម៉ូតូចូលប្រឡោះផ្លូវរថភ្លើង ដួលមួយពីរៗ រាល់តែថ្ងៃហ្នឹង»។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកឲ្យដំណើរការបណ្ដោះអាសន្នរថភ្លើងចម្ងាយខ្លីកាលពីថ្ងៃទី១០ ខែមេសាថា ការធ្វើផ្លូវរថភ្លើងនៅចំកណ្ដាលផ្លូវថ្នល់ ឬជាភាសាអង់គ្លេសគេហៅថា Tramway នេះ មិនមែនមានតែនៅកម្ពុជានោះទេ ប៉ុន្តែ នៅបរទេស ក៏គេធ្វើផ្លូវរបៀបនេះដែរ។

ឯកឧត្តមពន្យល់យ៉ាងដូច្នេះថា៖ «តាមពិតផ្លូវលេខ១០៥នេះ ពីមុនជាផ្លូវលិចទឹក និងមានទទឹងតែ៧ម៉ែត្រទេ តែឥឡូវយើងបានពង្រីក១៤ម៉ែត្រ ដោយទុកផ្លូវរថភ្លើង៤ម៉ែត្រនៅចំកណ្ដាល និង៥ម៉ែត្រសងខាងសម្រាប់អ្នកដំណើរឡានម៉ូតូ ប៉ុន្តែ ត្រូវផ្តល់អាទិភាពសម្រាប់រថភ្លើង ហើយនៅពេលរថភ្លើងមិនទាន់បើក ឡានម៉ូតូអាចធ្វើដំណើរលើផ្លូវនេះបាន។ ហើយសួរថា ហេតុអ្វីមានផ្លូវរថភ្លើងនៅកណ្ដាលផ្លូវ? កម្ពុជាមិនមែនជាប្រទេសទី១ទេ ដែលមានរថភ្លើងរត់នៅកណ្ដាលផ្លូវគេហៅ Tramway នៅលើពិភពលោកទាំងមូលក៏មានរថភ្លើងរត់នៅកណ្ដាលផ្លូវដែរ…»។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានសុំទោសដល់ពលរដ្ឋដែលរស់នៅតាមផ្លូវ១០៥ចំពោះការកកស្ទះចរាចរណ៍ ឬការលំបាកផ្សេងៗទៀត ខណៈក្រសួងបាននិងកំពុងសាងសង់ផ្លូវមិនទាន់រួចរាល់ និងបានស្នើឲ្យពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕  

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋ​ត្រេកអរ​ចំពោះ​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​តាម​ផ្លូវ​ទឹក

ព័ត៌មាន
ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ត្រេក​អរ​ជា​ខ្លាំង នៅ​ពេល​បាន​ជិះ​កាណូត​សាធារណៈ​ព្រែកព្នៅ​-តាខ្មៅ ដែល​បើក​សម្ពោធ​ឲ្យ​ចរាចរ​តាម​ផ្ល...

ជំទាវ លឹម ឈីវហូ បោះ​ទុនខ្ទង់​លានដុល្លារ​សង់ផ្ទះ​តម្លៃ​សមរម្យ

ព័ត៌មាន
ជំទាវឧកញ៉ា លឹម ឈីវហូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកដឹកនាំស្ត្រីដ៏មានឥទ្ធិពលបំផុតក្នុងវិស័យជំនួញនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នតំបន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ