
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយអាម៉េរិក ដើម្បីបញ្ចៀសការវិនិច្ឆ័យខុស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាចទាំងពីរ។ ការបង្ហាញឆន្ទៈបែបនេះធ្វើឡើងក្នុងអំឡុងពេល លោក ជួបពិភាក្សាជាជាមួយគណៈប្រតិភូធុរកិច្ចអាម៉េរិក ដែលមានការចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Boeing និង Apple ជាដើម នៅទីក្រុងប៉េកាំង។ ការលើកឡើងនេះធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីអ្នកចរចាកំពូលរបស់ចិន និងសហរដ្ឋអាម៉េរិក បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មចុងក្រោយនៅទីក្រុងស្តុកហូល ប្រទេសស៊ុយអ៊ែត ដោយភាគីទាំងពីរបានយល់ព្រមស្វែងរកការពន្យារពេលអនុវត្តពន្ធរយៈពេល៩០ថ្ងៃបន្ថែម លើអ្វីដែលបានសម្រេចកាលពីខែឧសភា កន្លងទៅ។
ប្រមុខការទូតរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាម៉េរិក ចាំបាច់ត្រូវបង្កើតបណ្តាញទំនាក់ទំនង និងការពិគ្រោះយោបល់បន្ថែមទៀត ហើយសម្លឹងមើលគ្នាទៅវិញទៅមកប្រកបដោយហេតុផល និងភាពជាក់ស្តែង ក៏ដូចជាបដិសេធទស្សនៈបែបឯកតោភាគីនិយម និងការគំរាមកំហែង។ ពន្ធដែលសហរដ្ឋអាម៉េរិក បានដាក់លើចិន ក្នុងអត្រា១៤៥% ប៉ុន្តែនៅខែឧសភា សហរដ្ឋអាម៉េរិក បានយល់ព្រមបញ្ចុះមកនៅត្រឹម៣០% សម្រាប់រយៈពេល៩០ថ្ងៃ ដើម្បីបន្តចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕
ដោយៈសរ សុជាតិ