រុស្ស៊ីដកទ័ពចេញពីទីក្រុងសំខាន់មួយទៀតរបស់អ៊ុយក្រែន!

រុស្ស៊ីដកទ័ពចេញពីទីក្រុងខឺសុនរបស់អ៊ុយក្រែន ខណៈអាមេរិកថា ម៉ូស្គូបាត់បង់ទ័ព ១០ម៉ឺននាក់ក្នុងសង្គ្រាមជិត៩ខែមកនេះ


រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធ ទី ៩ វិច្ឆិកា បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនដកចេញពីទីក្រុងយុទ្ធសាស្ត្រខឺសុន (Kherson) របស់អ៊ុយក្រែន ដែលខ្លួនបានកាន់កាប់ចាប់តាំងពីដើមដំបូងនៃសង្គ្រាម ដោយដកទៅតាំងទីនៅផ្នែកម្ខាងទៀតនៃទន្លេឌីមីប្រូ (Dnipro) ដើម្បីធ្វើជាខ្សែការពារវិញ។ ការដោះបង់ចោលទីក្រុងដ៏សំខាន់ដែលរុស្ស៊ីបានកាន់កាប់នេះ កើតឡើងចំពេលដែលមេទ័ពកំពូលអាមេរិកថា មានជីវិតទាហានរុស្ស៊ីប្រហែល១០ម៉ឺននាក់បានស្លាប់ និងរបួសក្នុងសង្គ្រាមជិត៩ខែមកនេះជាមួយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីដកទ័ពចេញពីទីក្រុងខឺសុនរបស់អ៊ុយក្រែន ខណៈអាមេរិកថា ម៉ូស្គូបាត់បង់ទ័ព ១០ម៉ឺននាក់ក្នុងសង្គ្រាមជិត៩ខែមកនេះ

ជាការពិត សេចក្តីប្រកាសនេះបានសរបង្ហាញយ៉ាងច្បាស់ថា យោធារុស្ស៊ីកំពុងស្គាល់នូវការដកថយជាបន្តបន្ទាប់ និងធ្លាក់ដៃខ្លាំងមែនទែនក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ដែលមានប្រទេសលោកខាងលិចចាំជួយផ្គត់ផ្គង់នៅពីក្រោយនោះ។ ហើយវាក៏ជាចំណុចរបត់ថ្មីមួយថា តើវិមានក្រឹមឡាំងគួរតែសុំចរចាជាមួយទីក្រុងកៀវ ឬយ៉ាងណា ដើម្បីមានពេលពង្រឹងកងទ័ពខ្លួនឡើងវិញ?

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍រដ្ឋរុស្ស៊ី ឧត្តមសេនីយ សឺហ្គី ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលជាមេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំសមរភូមិអ៊ុយក្រែនបាននិយាយថា៖ «យើងមិនអាចរក្សាទីក្រុង Kherson បានតទៅទៀតទេ» ដោយលោកបានបញ្ជាឱ្យកងទ័ពដកថយមកច្រាំងភាគខាងកើតនៃទន្លេ (Dnipro) ដើម្បីជាខែលការពារវិញ។

មេបញ្ជាការកំពូលរុស្ស៊ីរូបនេះបាននិយាយយ៉ាងដូច្នេះថា៖ «វាជាការសម្រេចចិត្តដ៏លំបាកមួយ តែយើងគ្មានជម្រើសនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងនឹងរក្សានូវអ្វីដែលសំខាន់បំផុតនោះគឺជីវិតរបស់ទាហាន និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធ ព្រមទាំងជីវិតប្រជាជានរស់ក្នុងតំបន់ផងដែរ។

គួរជម្រាបដែរថា ស្របពេលដែលកងកម្លាំងអ៊ុយក្រែនកាន់តែវាយសម្រុកចូលក្នុងទីក្រុងដែលរុស្ស៊ីបានកាន់កាប់នេះ ទីក្រុងម៉ស្គូបានជម្លៀសប្រជាជនជាង១០ម៉ឺននាក់ដោយកប៉ាលទៅត្រើយម្ខាងនៃទន្លេឌីមីប្រូរួចស្រេចទៅហើយ។

ខឺសុន (Kherson) គឺជាទីក្រុងដ៏សំខាន់មួយរបស់អ៊ុយក្រែន ដែលមានទន្លេ Dnipro ឆ្លងកាត់ និងជាផ្លូវភ្ជាប់ទៅកាន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីកាត់បញ្ចូលជាទឹកដីខ្លួនក្នុងឆ្នាំ ២០១៤។ ម៉្យាងវិញទៀត ទីក្រុង Kherson នេះក៏ជាតំបន់មួយក្នុងចំណោមបួនដែលរដ្ឋអំណាចទីក្រុងម៉ូស្គូ បានដាក់បញ្ចូលជាឧបសម្ព័ន្ធដែនដីថ្មីដោយការធ្វើប្រជាមតិ និងដោយវិមានក្រឹមឡាំងក៏បានដាក់ឱ្យស្ថិតនៅក្រោមការការពារនៃឆ័ត្រនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

ចំពេលជាមួយគ្នានេះ ឧត្តមសេនីយកំពូលរបស់អាមេរិក លោក Mark Milley កាលពីថ្ងៃ ពុធ ទី ៩ វិច្ឆិកា ដដែលនោះបានអះអាងថា យោធារុស្ស៊ីដែលមានទាហានជាង ១០ម៉ឺននាក់បានពលីជីវិត និងរងរបួសក្នុងសមរភូមិអ៊ុយក្រែនជិតប្រាំបួនខែមកនេះ ហើយកងកម្លាំងរបស់ទីក្រុងកៀវក៏មានការបាត់បង់ប្រហាក់ប្រហែលគ្នានេះដែរ។

ការកត់សម្គាល់របស់លោក មីលី ធ្វើឡើងដោយផ្តល់នូវការប៉ាន់ប្រមាណខ្ពស់បំផុតក្នុងសង្គ្រាមកាន់តែអូសបន្លាយនេះ ខណៈដែលទីក្រុងម៉ូស្គូអាចនឹងផ្តើមកិច្ចចរចាមួយចំនួន ដើម្បីពង្រឹងយោធាខ្លួនក្នុងការត្រៀមប្រយុទ្ធនារដូវរងាដែលកំពុងឈានជើងចូលមកដល់។

អ្នកជំនាញយោធាខ្លះនិយាយថា ការដកទ័ពចុងរបស់ទីក្រុងម៉ូស្គូអាចអនុញ្ញាតឱ្យអ៊ុយក្រែនមានប្រៀបក្នុងការចរចាបាន។ ដោយឡែក អ្នកជំនាញផ្សេងទៀតអះអាងថា រុស្ស៊ីអាចប្រើការចរចាដើម្បីទិញពេលវេលាដើម្បីកំណត់ និងពង្រឹងកងកម្លាំងរបស់ខ្លួនសម្រាប់ការវាយលុកក្នុងនិទាឃរដូវជាថ្មី។

ទោះបីជាយ៉ាងណា មេទ័ពកំពូលសហរដ្ឋអាមេរិក លោក ម៉ាក មីលី បានសង្កត់ធ្ងន់ថា៖ «ទន្ទឹមនឹងការដកទ័ពរបស់រុស្ស៊ីទៅកាន់ច្រាំងខាងកើតនៃទន្លេ Dnipro នោះ កងកម្លាំងអ៊ុយក្រែននឹងមិនអាចរុញច្រានកងទ័ពម៉ូស្គូក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនោះទេ តែវានឹងចំណាយពេលជាច្រើនថ្ងៃ ឬប្រហែលជាច្រើនសប្តាហ៍ខាងមុខទៀត ព្រោះកងទ័ពរុស្ស៊ីដែលកំពុងឈរជើងប្រយុទ្ធក្នុងតំបន់ភាគខាងជើងទីក្រុងខឺសុននោះមានជាងពី២-៣ម៉ឺននាក់ឯណោះ៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន គ្រោងនឹងឈរឈ្មោះម្ដងទៀតសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយបង្ហើបឲ្យដឹង កាលពីថ្ងៃពុធថា លោកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅអាណត្…

តើវិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេសផុងកប់ជ្រៅដល់កម្រិតណាហើយ មកទល់នឹងពេលនេះ?

ព័ត៌មាន
តើវិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេសផុងកប់ជ្រៅដល់កម្រិតណាហើយ មកទល់នឹងពេលនេះ? ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើកាន់តែខ្លាំងឡើងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ