វិបត្តិនៅអឺរ៉ុប

អឺរ៉ុបកំពុងឆ្ពោះទៅរកវិបត្តិ ឬយ៉ាងណា ក្រោយការចំណាយប្រចាំថ្ងៃកើនឡើងខ្លាំង និងសេដ្ឋកិច្ចកាន់តែអាប់អួរ?


នៅតាមប្រទេសចាយប្រាក់អឺរ៉ូស្ទើរតែធ្លាក់ទៅក្នុងវិបត្តិទៅហើយ ក្រោយពីការស្ទង់មតិកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានបង្ហាញថា ការចំណាយថ្លៃរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅក្នុងប្រទេសទាំងនេះកាន់តែកើនខ្ពស់ឡើងៗ ខណៈទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាប់អួរ នៅក្រោយពេលដែលរុស្ស៊ីបិទការបង្ហូរថាមពលឧស្ម័នទាំងស្រុងមកឲ្យតំបន់មួយនេះ ដោយមិនទាន់កំណត់ថានឹងបើកដំណើរការឡើងវិញនៅពេលណានោះទេ។
ការចំណាយប្រចាំថ្ងៃនៅអឺរ៉ុបកើនឡើងខ្លាំង!
ដោយ

យ៉ាងណាមិញ ភាពចលាចលនៅតាមប្រទេសមួយចំនួនក៏កំពុងចាប់ផ្ដើមផងដែរ ដោយសារតែក្រុមកម្មករនាំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យរដ្ឋាភិបាលគិតគូពីអត្ថប្រយោជន៍ការងារសម្រាប់ពួកគេ ចំពេលដែលការចំណាយលើជីវភាពកើនខ្ពស់នាពេលនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ត្រូវបានជំរុញដោយតម្លៃថាមពលឡើងថ្លៃ រួមទាំងបញ្ហាគ្រោះរាំងស្ងួតបង្កឡើងដោយរលកកំដៅដ៏ហួតហែងផងនោះ បានធ្វើឲ្យតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់បានហក់ឡើងខ្លាំងជាងការរំពឹងទុកកាលពីខែសីហាកន្លងទៅនេះ។ ក្នុងខែសីហាដដែល ធនាគារកណ្តាលសហភាពអឺរ៉ុបបានប្រកាសពីកំណើនអតិផរណាក្នុងកំរិតខ្ពស់បំផុត ពោលគឺមានដល់ទៅ ៩,១%។

ធនាគារកណ្តាលសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងតម្លើងអត្រាការប្រាក់គោលដើម្បីទប់ទល់នឹងអតិផរណា ក្នុងចំនួន ៧៥ពិន្ទុ ឬស្មើនឹង ០,៧៥%។ ប៉ុន្តែ វានឹងឈានទៅបង្កើនការចំណាយលើការខ្ចីប្រាក់ នឹងបន្ថែមបន្ទុកដល់អ្នកប្រើប្រាស់ ដែលជំពាក់បំណុលគេ។

ប្រាក់អឺរ៉ូកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ដោយការធ្លាក់ចុះនេះ គឺបន្ទាប់ពីរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរឧស្ម័នដ៏ធំរបស់ខ្លួនទៅកាន់អឺរ៉ុប ដែលបង្កឲ្យមានហានិភ័យខ្វះខាតថាមពល ស្របពេលដែលតម្លៃកំពុងតែកើនខ្ពស់ស្រាប់ផងនោះ។ ជាក់ស្តែង តម្លៃឧស្ម័ននៅក្នុងទ្វីបអឺរ៉ុបបានកើនឡើងដល់ទៅ ៣០% ភ្លាមៗកាលពីថ្ងៃចន្ទ។

ក្រឡេកមកមើលអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប ហើយក៏ជាប្រទេសដែលពឹងផ្អែកលើថាមពលពីរុស្ស៊ីខ្លាំងជាងគេផងដែរ។ សកម្មភាពសេវាកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះពីរខែជាប់ៗគ្នាគិតត្រឹមខែសីហា ខណៈដែលតម្រូវការក្នុងស្រុកបានស្ថិតនៅក្រោមសម្ពាធពីការកើនឡើងនៃអតិផរណា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ ការស្ទង់មតិរបស់ Reuters នៅសប្តាហ៍មុនបង្ហាញថា សេដ្ឋកិច្ចរបស់អាល្លឺម៉ង់កំពុងឆ្ពោះទៅរកការធ្លាក់ចុះសម្រាប់រយៈពេល៣ត្រីមាសជាប់ៗគ្នា ដោយនឹងចាប់ផ្តើមពីត្រីមាសទី៣ឆ្នាំនេះតទៅ។

ដោយឡែក នៅប្រទេសបារាំង ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូនោះ វិស័យសេវាកម្មក៏បានបាត់បង់ចំណូលច្រើនណាស់ដែរ។ ក្រៅពីនោះ វិស័យសេវាកម្មនៅប្រទេសអ៊ីតាលីបានងើបឡើងវិញបន្តិច ប៉ុន្តែកំពុងមានកំណើនតិចតួចបំផុត ខណៈនៅប្រទេសអេស្ប៉ាញ ចាប់តាំងពីខែមករាដើមឆ្នាំនេះមក កំណើននៃវិស័យសេវាកម្មមានអត្រាទាបបំផុតអស់ពេលជាច្រើនខែមកហើយ។

សូមជម្រាបថា អ្នកវិនិយោគ និងក្រុមហ៊ុននានានៅក្នុងប្រទេសចាយប្រាក់អឺរ៉ូកំពុងពិចារណាលើការវិនិយោគរបស់ពួកគេ ដោយសារបារម្ភអំពីអត្រាអតិផរណាខ្ពស់ក្នុងតំបន់ ដែលបានជះឥទ្ធិពលលើប្រាក់ចំណេញរបស់ពួកគេ និងលើតម្រូវការរបស់អតិថិជន៕




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នឹងប្រកាន់គោលជំហរប្រឆាំងចិនខ្លាំងក្លាយ៉ាងណាខ្លះ?

នៅទីបំផុងរដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានឈ្នះការបោះឆ្នោតរបស់សមាជិកគណបក្សអភិរក្ស ដែលកំពុងតែកាន់អំណាច ដើម្បីក្លា…

កាន់តែពិសេស! បង់រំលស់ជាមួយ អេ អឹម ខេ ទទួលបានសាំងឥតគិតថ្លៃ

ទទួលបានសាំង ៥០លីត្រលើសេវាបង់រំលស់ឡាន និង ១៥លីត្រលើសេវារំលស់ម៉ូតូពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ សេវារំលស់របស់ អេ អឹម ខេ គឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ