កាស៊ីណូ

តើការដាក់កាស៊ីណូឱ្យស្របច្បាប់របស់ថៃ អាចទៅរួចទេ ក្រោយមានការតវ៉ាប្រឆាំងពីពលរដ្ឋ?


ការជំរុញរបស់រដ្ឋាភិបាលថៃ ក្នុងការដាក់ឱ្យកាស៊ីណូស្របច្បាប់ បានជួបប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ដោយសារសមាជិកសភាបានពន្យារពេលការពិភាក្សាពីផែនការនេះ ចំពេលមានប្រតិកម្មពីសាធារណជន និងភាពតានតឹងនៅក្នុងក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
កាស៊ីណូ
ដោយ

រដ្ឋាភិបាលថៃ បានអះអាងថា រដ្ឋសភារបស់ថៃនឹងមិនពិភាក្សាពីច្បាប់ថ្មី ដែលលើកកម្ពស់ការអភិវឌ្ឍរមណីយដ្ឋានដែលដាក់បញ្ចូលគ្នាជាមួយនឹងល្បែងស៊ីសងរហូតដល់ការចាប់ផ្ដើមសម័យប្រជុំថ្មីនៅក្នុងខែកក្កដា ដែលទំនងជាទុកពេលឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ផ្តោតលើការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា កាលពីចុងខែមីនា។

ទោះជាយ៉ាងណា មនុស្សជាច្រើនជឿថា ការពន្យារពេលអនុម័តច្បាប់នេះ គឺដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋខ្លាំងជាងការរំពឹងទុកប្រឆាំងនឹងច្បាប់នេះ។ ការលេងល្បែងស៊ីសងត្រូវបានចាត់ទុកថា ជាអំពើបាបមួយនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនាដ៏លេចធ្លោនៅក្នុងប្រទេសនេះ និងបានកើតឡើងជាយូរមកហើយនៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាមួយនេះលើកលែងតែការលេងកន្ទុយលេខគ្រប់គ្រងដោយរដ្ឋ និងការប្រណាំងសេះ។

ក្រុមអ្នកគាំទ្រចំពោះការដាក់ឱ្យស្របច្បាប់ការលេងល្បែងកាស៊ីណូ បានចង្អុលបង្ហាញទៅរកផលប្រយោជន៍សេដ្ឋកិច្ចដ៏មានសក្តានុពល។ ថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់យឺតបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមគំហែងដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសនេះ។

ការធ្វើឱ្យកាស៊ីណូស្របច្បាប់អាចនាំមកនូវការវិនិយោគដោយផ្ទាល់យ៉ាងតិច១០០ពាន់លានបាតប្រមាណ៣ពាន់លានដុល្លារ និងទាក់ទាញភ្ញៀវទេសចរបរទេស បានកាន់តែច្រើនក្នុងចន្លោះពី៥% ទៅ១០% ក្នុងមួយឆ្នាំៗ។ នេះបើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខសភាក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៩ ខែមេសា ដោយបានព្រមានថា ច្បាប់នេះនឹងបំផ្លាញគ្រួសារ និងជំរុញឱ្យមានអំពើពុករលួយដោយពួកគេប្តេជ្ញាថានឹងបន្តតវ៉ារហូតដល់រដ្ឋាភិបាលដកច្បាប់នេះចេញវិញ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម គ្រោងជះលុយជាង២៥០លានដុល្លារ បង្កើតតំបន់បណ្តុំឧស្សាហកម្មដ៏ធំមួយនៅហាណូយ

វៀតណាម គ្រោងជះលុយ២៥៤លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់បណ្តុំឧស្សាហកម្មថ្មីមួយនៅទីក្រុងហាណូយ ដើម្បីជួយធ្វើទំនើបកម្មផលិតកម្មសិប្បកម្មប្រពៃណី និងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ