តៃវ៉ាន់-ចិន-វៀតណាម

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចតៃវ៉ាន់រើផលិតកម្មចេញពីចិនឆ្ពោះទៅប្រទេសវៀតណាមកាន់តែច្រើន


បណ្ដុំក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់កំពុងតែកើនឡើងទាំងនៅក្នុង និងនៅជុំវិញរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។ ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនផលិតមានកិច្ចសន្យារបស់តៃវ៉ាន់ធំៗមួយចំនួនបានចុះកិច្ចព្រមព្រៀង ដើម្បីសាងសង់ ឬពង្រីករោងចក្ររបស់ពួកគេនៅភាគខាងជើងប្រទេសវៀតណាម ដែលត្រូវបានកំណត់ថាជាមជ្ឈមណ្ឌលផលិតកម្មថ្មីសម្រាប់ផលិតផលប្រើប្រាស់ទូទៅដូចជា អាយផែត (iPads) និង អ៊ែរផត់ (AirPods) របស់ក្រុមហ៊ុន អែពភល (Apple) ជាដើម។
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចតៃវ៉ាន់រើផលិតកម្មចេញពីចិនឆ្ពោះទៅប្រទេសវៀតណាមកាន់តែច្រើន

សារព័ត៌មាន ឌឹ ស្ត្រេត ថាមស៍ របស់សិង្ហបុរី រាយការណ៍ថា ការរុះរើរបស់ក្រុមហ៊ុនតៃវ៉ាន់ចេញពីប្រទេសចិនបានបង្ហាញពីការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់តៃវ៉ាន់ពីកន្លែងដ៏សំខាន់សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់តៃវ៉ាន់អស់រយៈពេល ២ ទសវត្សរ៍កន្លងមកហើយ។

អ្នកស្រី គ្រីស្ទី ស៊ូ នាយិកាមជ្ឈមណ្ឌលសិក្សាអាស៊ានរបស់តៃវ៉ាន់នៅទីក្រុងតៃប៉ិបាននិយាយប្រាប់សារព័ត៌មាននេះថា៖ «ក្រុមហ៊ុនផលិតរបស់តៃវ៉ាន់ទាំងនេះមានទំនោរមករកប្រទេសចិនដោយចាត់ទុកថាជាជម្រើសដ៏ល្អបំផុត ព្រោះវាមានប្រព័ន្ធទ្រទ្រង់ឧស្សាហកម្មពេញលេញ។ ប៉ុន្តែពួកគេក៏កំពុងដឹងដែរថា វាប្រថុយប្រថានខ្លាំងពេក ក្នុងការប្រមូលផ្ដុំអ្វីគ្រប់យ៉ាងនៅកន្លែងតែមួយ»។

សារព័ត៌មានសិង្ហបុរីបានកត់សម្គាល់ឃើញថា ពេលដែលក្រុមហ៊ុនតៃវ៉ាន់មួយចំនួនបានផ្លាស់ប្ដូរទៅកាន់ភាគខាងត្បូងនៃប្រទេសវៀតណាមក្នុងរយៈពេល ១ ទសវត្សរ៍មកនេះ ក្រុមហ៊ុនតៃវ៉ាន់ទាំងនោះភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យមដែលផ្តោតលើការផលិតស្បែកជើងនិងសម្លៀកបំពាក់។

ឌឹ ស្ត្រេត ថាមស៍ បានរាយការណ៍ថា ឥឡូវក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់តៃវ៉ាន់មួយចំនួនកំពុងដឹកនាំការជំរុញកាន់តែខ្លាំងរបស់ក្រុមហ៊ុនតៃវ៉ាន់ផ្សេងៗទៀតឱ្យចូលទៅក្នុងប្រទេសវៀតណាម ស្របពេលដែលពួកគេស្វែងរកការបង្វែរផលិតកម្មចេញឆ្ងាយពីប្រទេសចិន ដោយសារមានភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ហើយការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងជំងឺកូវីដ-១៩ ក៏ជាមូលហេតុជំរុញឱ្យមានការផ្លាស់ប្តូរនេះផងដែរ។

ក្រុមហ៊ុនឧស្សាហកម្មរបស់តៃវ៉ាន់បានបណ្ដាក់ទុនជាង ១៨០ លានដុល្លារនៅក្នុងប្រទេសវៀតណាមអំឡុងត្រីមាសដំបូងនៃឆ្នាំ២០២៣ ពោលគឺបានកើនឡើងជាង ៣៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់ ដែលសារព័ត៌មានសិង្ហបុរីបានស្រង់យកមកផ្សាយ។

យោងតាមសារព័ត៌មាននេះ កាលពីខែមេសា ក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ ខ្វាន់តា កុំព្យូធឺ ដែលផលិតកុំព្យូទ័រចល័តម៉ាក ម៉េកប៊ុក របស់ក្រុមហ៊ុន អែពភល បានចុះកិច្ចសន្យាសាងសង់រោងចក្រក្នុងប្រទេសវៀតណាមជាលើកដំបូង ដោយបោះទីតាំងនៅខេត្ត ណាំឌីញ ភាគខាងជើងនៃប្រទេសនេះ។

ឌឹ ស្ត្រេត ថាមស៍ បានរំលឹកថា មុននោះ ក្រុមហ៊ុន ខ្វាន់តា បានប្រមូលផ្តុំផលិតកម្មកុំព្យូធឺម៉ាក ម៉េកប៊ុក នៅប្រទេសចិន ប៉ុន្តែបញ្ហាបានកើតឡើងនៅពេលរោងចក្រនៅទីក្រុងសៀងហៃត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្តោះអាសន្ននៅដើមឆ្នាំ២០២២ ដោយសាររលកនៃការផ្ទុះឡើងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមជ័យលាភីបីក្រុមបានឈ្នះរង្វាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី HEINEKEN SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ព័ត៌មាន
ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រ…

សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទកភាព ដែលកម្ពុជាសម្រេចជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់ប្រទេស ដែលជាសមាជិកអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ