ក្រោយរងការគំរាមផង និងវាយប្រហារយ៉ាងខ្លាំងក្លាផងពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទីក្រុងតេអេរ៉ង់ បានចេញមកអះអាងយ៉ាងមុតមាំថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើសង្គ្រាមយូរអង្វែងជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលសង្រ្គាមនេះអាចនឹងរីករាលដាលល្មមនឹងបំផ្លាញសេដ្ឋកិច្ចពិភពលោកបាន។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិក ប្រកាសចាក់បញ្ចូលកញ្ចប់ថវិកាដល់ទៅ២០ពាន់លានដុល្លារទៅក្នុងសេវាធានារ៉ាប់រងនាវាចរណ៍ ដើម្បីរក្សាប្រក្រតីភាពនៅច្រកសមុទ្រហ័រមូស។ ទោះបីជាមានការការពារពីមហាអំណាចអាម៉េរិក ក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ថា បើគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ទេ គ្មាននាវាណាមួយអាចឆ្លងកាត់តំបន់នេះដោយសុវត្ថិភាពឡើយ។
បើយោងតាមអត្ថបទវិភាគ ដែលចុះផ្សាយដោយសារព័ត៌មាន The Week ការបិទច្រកសមុទ្រហ័រមូស គឺជាមរណភាព នៃសេដ្ឋកិច្ចសកល។ ច្រកនេះគ្រប់គ្រងចរន្តដឹកជញ្ជូនប្រេងឆៅរហូតដល់១៥លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង២០% នៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។ ប្រសិនបើច្រកនេះត្រូវគេចាក់សោ វានឹងធ្វើឱ្យសរសៃឈាមសេដ្ឋកិច្ចពិភពលោកទទួលរងរបួសធ្ងន់ធ្ងរ ដែលមិនអាចចៀសផុត។
លោក ប្រាយអេន ក្លាក (Bryan Clark) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Hudson បានព្រមានថា ប្រសិនបើការបិទច្រកនេះអូសបន្លាយរាប់ខែ វានឹងបង្កើតអស្ថិរភាពសេដ្ឋកិច្ច ដែលមិនធ្លាប់មាន។ ស្របពេលជាមួយគ្នានេះ លោក ណូហ្វ បារ៉េត (Noah Barrett) អ្នកវិភាគមកពីចក្រភពអង់គ្លេស ក៏បានសង្កត់ធ្ងន់ដែរថា ឥទ្ធិពលនៃច្រកសមុទ្រនេះមានទំហំធំធេង និងគ្របដណ្ដប់ទូទាំងសកលលោក។
ជារួមក្រុមអ្នកជំនាញបានសន្និដ្ឋានថា អ៊ីរ៉ង់ កំពុងប្រើប្រាស់ថាមពលធ្វើជាចំណាប់ខ្មាំងនយោបាយ ដើម្បីដាក់សម្ពាធលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលឱ្យបញ្ចប់សង្គ្រាម។ គ្រាប់អុកដែលអ៊ីរ៉ង់ កំពុងកាន់នៅក្នុងដៃនេះ គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចសព្វថ្ងៃ បើឆ្អឹងខ្នងនេះត្រូវបាក់ នោះវិស័យផ្សេងៗទៀត ក៏មិនអាចរស់រានបានដែរ៕
ដោយៈ សរ សុជាតិ