លោកស្រី អាន ស្តេវិនសុន-យ៉ាង (Anne Stevenson-Yang) សហស្ថាបនិកនៃក្រុមហ៊ុនស្រាវជ្រាវមូលធន J Capital Research និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមួយរូបបានទម្លាយប្រាប់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ New York Times កាលពីថ្ងៃទី១១ ខែឧសភា ថា សេដ្ឋកិច្ចរបស់មហាយក្សចិន ពេលនេះកំពុងឈានទៅរកការជាប់គាំង ដែលរដ្ឋាភិបាលក្រុងប៉េកាំង មិនអាចទប់ស្កាត់បាន។
អ្នកជំនាញរូបនេះបានលើកឡើងថា គោលនយោបាយខុសគន្លង និងដែលគ្មានការទទួលខុសត្រូវជាច្រើនឆ្នាំមកនេះរបស់ចិន ការគ្រប់គ្រងតឹងរ៉ឹងពេករបស់បក្សកុម្មុយនីស្តចិនលើវិស័យឯកជន និងការសន្យាធ្វើកំណែទម្រង់ដែលបានត្រឹមតែជាការសន្យាខ្យល់បានធ្វើឱ្យសេដ្ឋកិច្ចចិន បោះជំហានឈានទៅរកការជាប់គាំងនៅថ្ងៃអនាគត ខណៈដែលតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ ហើយកំណើនក៏មានសន្ទុះយឺត។ មេដឹកនាំចិនជឿថា ការបង្កើនការនាំចេញ គឺជាមធ្យោបាយតែមួយគត់ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចចិន ឱ្យចេញផុតពីស្ថានភាពនេះ។
លោកស្រីបានព្យាករថា លទ្ធផលនៃការបង្កើនការនាំចេញនេះនឹងធ្វើឱ្យបណ្ដាដៃគូពាណិជ្ជកម្មរបស់ប្រទេសចិន កាន់តែមានភាពតឹង ឬមិនសប្បាយចិត្ត ខណៈដែលទំនិញថោកៗរបស់ចិន នៅតែបន្តហូរចូលទីផ្សារនានាយ៉ាងជន់ជោរ។
លោកស្រីបានអះអាងថា អំណាចលើសលប់របស់បក្សកុម្មុយនីស្តចិន នៅក្នុងការគ្រប់គ្រងលើវិស័យឯកជន គឺជាឫសគល់នៃបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយថា គោលនយោបាយនានារបស់ខ្លួនដែលមានគោលដៅបង្កើនសមត្ថភាពឧស្សាហកម្ម គឺគ្មានប្រសិទ្ធភាពនោះទេ។
លោកស្រីបានបន្ថែមថា អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនបានផ្តល់អនុសាសន៍ឱ្យមេដឹកនាំចិន បន្ធូរបន្ថយការគ្រប់គ្រងរបស់ពួកគេលើវិស័យឯកជន និងជំរុញការចំណាយបន្ថែមទៀត ដែលនឹងទាមទារឱ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយជាក់ស្ដែងយ៉ាងពិតប្រាកដ៕
ដោយ: តែម សុខុម