អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីចិនបានប្រកាសដាក់ស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀង CP TPP មិនបានប៉ុន្មានថ្ងៃផង កោះតៃវ៉ាន់ឯណោះវិញ ក៏បានស្នើជាផ្លូវការដែរ ដើម្បីចូលរួមកិច្ចព្រមព្រៀងនេះដូចគ្នា ហើយតៃវ៉ាន់ ក៏បានព្រលយពាក្យសម្ដីថា ប្រសិនបើចិនអាចចូលក្នុងកិច្ចព្រមព្រៀង CP TPP បានមុនខ្លួន វាក៏អាចនឹងជាហានិភ័យមួយសម្រាប់កោះតៃវ៉ាន់ផងដែរ។ នេះបើយោងទៅតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយនៅថ្ងៃនេះ។
គេនៅចាំបានថាភាគីចិន ធ្លាប់បានផ្ញើរលិខិតមួយច្បាប់មកកាន់រដ្ឋសភាអូស្ត្រាលី ដើម្បីពឹងឲ្យជួយសម្របសម្រួលខ្លួន ឲ្យបានចូលរួមជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CPTPP)។ ប៉ុន្តែ នៅមិនយូរប៉ុន្មាន រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានប្រកាសជាផ្លូវការតែម្តងថាខ្លួនបានស្នើសុំចូលរួមជាមួយ CPTPP ជាផ្លួវការរួចហើយ តាមរយៈការដាក់សំណើទៅប្រទេសញូហ្សេលែន។
បន្ទាប់ពីប្រទេសចិនបានប្រកាសស្នើបេក្ខភាពជាផ្លូវការដូចនេះ ភាគីអូស្ត្រាលីដែលជាសមាជិកមួយ ក្នុងចំណោមសមាជិកទាំង១១ប្រទេស ហើយដែលកំពុងតែមានភាពតានតឹងជាមួយចិនផងនោះ បានចេញមុខមកប្រតិកម្មថា ខ្លួននឹងមិនមានឆន្ទៈក្នុងការចរចាជុំវិញការស្នើសុំរបស់ចិន ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ប្រសិនបើក្រុងប៉េកាំងមិនលុបចោលរនាំងពន្ធគយលើទំនិញនាំចូលពីប្រទេសអូស្ត្រាលី ដែលចិនបានដាក់ ជាការសងសឹកអំឡុងពេលមានជម្លោះពាណិជ្ជកម្មរវាងគ្នា។
តើកិច្ចព្រមព្រៀងCPTPP កំពុងក្លាយជាសង្វៀងប្រកួតប្រជែងនយោបាយ រវាងគ្នា ជាជាងដើម្បីប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មហើយមែនទេ?
តើអូស្ត្រាលីជាឧបសគ្គមួយរបស់ចិនក្នុងការចូលរួមក្នុង CPTPP ដែរទេ?
ដូចបានដឹងស្រាប់ហើយថា អូស្ត្រាលី និងចិនកំពុងពាក់មុខយក្សដាក់គ្នាខ្លាំងណាស់ រាប់ចាប់តាំងពីនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មរហូតដល់ចុងក្រោយថ្មីៗនេះ អូស្ត្រាលីបានទៅចាប់ដៃជាអាមេរិក និងអង់គ្លេស ទិញនាវាមុជទឹក ដែលចិនហៅថា ជាការគម្រាមកំហែងដល់តំបន់បន្ថែមទៀត។
ចំពោះកិច្ចព្រមព្រៀង CP TPPវិញ ដូចបានរៀបរាប់ខ្លះៗខាងលើហើយ គឺអូស្ត្រាលីនឹងមិនពិនិត្យលើសំណើចូលរួមរបស់ចិននោះទេ ប្រសិនបើចិនមិនព្រមដកចេញវិញនូវរនាំងពន្ធគយលើការនាំចូលទំនិញពីអូស្ត្រាលី ដូចជាកប្បាស ផលិតផលគ្រាប់ធញ្ញជាតិ ធ្យូងថ្ម សាច់គោ និងជាពិសេសគឺស្រាក្រហមតែម្តង ដែលចិន បានតម្លើងពន្ធកប់ពពក។
អូស្ត្រាលីហ៊ានដាក់លក្ខខណ្ឌដូច្នេះ ក៏ដោយសារតែក្រុងកង់បេរ៉ា មានប្រៀបជាងប្រទេសចិន។ មានប្រៀបនៅត្រង់ថា អូស្ត្រាលីជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១១ប្រទេសរបស់ CP TPP ដែលបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងមួយនេះរួចហើយ។ ហេតុនេះហើយបើតាមនិតិវិធី អូស្ត្រាលីមានសិទ្ធិពិនិត្យលើសំណើចូលរួមរបស់ប្រទេសដទៃ តួយ៉ាង សំណើរបស់ចិននេះតែម្ដង។
សូមជម្រាបដែរថា ចិនអាចចូលរួមបាន ក៏ត្រូវទទួលបានការយល់ព្រម «កុងសង់ស៊ីស» ពីសមាជិកទាំងអស់ផងដែរ។ ប៉ុន្តែទន្ទឹមនឹងការយល់ព្រមនេះ ចិនក៏ត្រូវចាំបាច់បំពេញតាមស្តង់ដារតម្រូវខ្ពស់ផ្នែកពាណិជ្ជកម្មរបស់កិច្ចព្រមព្រៀងដ៏ធំនេះដែរ។
ចេញពីការប្រទាំងប្រទើសគ្នារវាងចិន
និងអូស្ត្រាលី យើងមកមើលកោះតៃវ៉ាន់វិញម្ដង
ដែលកំពុងតែតាមចែចូវចូលរួមជាសមាជិកក្នុងកិច្ចព្រមព្រៀង CP TPP នេះដូចគ្នាដែរ។
ជាក់ស្ដែង មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រទេសចិនបានស្នើចូលរួមជាសមាជិក CP TPP កោះតៃវ៉ាន់ឯណោះវិញ នៅពុធសប្តាហ៍នេះ បានប្រកាសដែរថា ខ្លួនបានដាក់សំណើសុំចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP ដែរ។ ការដាក់សំណើដ៏លឿនរហ័សនេះ ត្រូវបានក្រុងតៃប៉ិអះអាងថា ជាការឆ្លើយតបទៅនឹងសំណើរបស់ចិន។ ក្នុងន័យនេះ តៃប៉ិ ត្រូវបង្កើនល្បឿនស្នើសុំចូលរួមជាមួយ CP TPP ឲ្យបានមុនក្រុងប៉េកាំង ពុំនោះទេ វានឹងក្លាយជាឧបសគ្គសម្រាប់កោះតៃវ៉ាន់ ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះជាក់ជាមិនខាន។
សូមបញ្ជាក់ថា
មកទល់នឹងពេលនេះ គេសង្កេតឃើញសមាជិក CP TPP ចំនួនពីរប្រទេសហើយដែលបានបង្ហាញជំហរជាវិជ្ជមានដល់សំណើសុំចូលរួមរបស់ចិន
ក្នុងនោះរួមមាន ម៉ាឡេស៊ី និង សិង្ហបុរី។ ប៉ុន្តែ
សម្រាប់សំណើរបស់កោះតៃវ៉ាន់វិញ គេសង្កេតឃើញថា
មានប្រទេសជប៉ុនបានបង្ហាញពីសញ្ញាវិជ្ជមាន
ដោយបាននិយាយស្វាគមន៍ពីការស្នើសុំចូលរួមនេះ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍