វិស័យ ការងារ

តើការវិលត្រឡប់របស់ពលរដ្ឋខ្មែរប្រហែល១លាននាក់ពីប្រទេសថៃ គឺជាបញ្ហា ឬជាឱកាស សម្រាប់ សេដ្ឋកិច្ចកម្ពុជា?


ពលរដ្ឋខ្មែរបន្តចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ ដូចទឹកបាក់ទំនប់ ដោយបានកើនដល់ជិត ១លាននាក់ហើយ ក្រោយពីមានការផ្ទុះសង្រ្គាមឈ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការវិលចូលមកវិញយ៉ាងគំហុកនេះ នឹងធ្វើឱ្យកម្ពុជា សម្បូរកម្លាំងពលកម្មឡើងវិញ ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវធ្វើការដោះស្រាយបន្ទាន់ផងដែរ។ តើការវិលត្រឡប់របស់ពលរដ្ឋខ្មែរ គឺជាបញ្ហា ឬជាឱកាសសម្រាប់សេដ្ឋកិច្ចកម្ពុជា?
វិស័យ ការងារ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា គូសបញ្ជាក់ថា ការវិលត្រលប់មកវិញរបស់ពលរដ្ឋខ្មែរនឹងរួមចំណែកក្នុងការបំពេញកម្លាំងពលកម្មក្នុងស្រុក ដែលកំពុងតែមានតម្រូវការ។ ប៉ុន្ដែ ការវិលត្រលប់មកវិញយ៉ាងគំហុកនេះ អាចធ្វើឱ្យមានបញ្ហាប្រឈមខ្លះដែរ ដោយសាររដ្ឋាភិបាល ពុំទាន់អាចដោះស្រាយបានភ្លាមៗទាំងអស់នោះទេ បើទោះបីជារដ្ឋាភិបាល បានដាក់ចេញនូវគោលការនយោបាយនាពេលកន្លងមកក៏ដោយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច រូបនេះ ជឿជាក់ថា ការហូរចូលនូវកម្លាំងពលកម្មយ៉ាងច្រើននេះ នឹងត្រូវដោះស្រាយបាន ចាប់ពីឆមាសទី២ ឆ្នាំ២០២៥ តទៅ ខណៈតម្រូវការនៃការសាងសង់រោងចក្រនៅកម្ពុជា កំពុងមានការកើនឡើង។

នៅពេលដែលត្រូវបានសួរថា តើរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយបែបណាចំពោះពលរដ្ឋខ្មែរ ដែលទើបវិលមកកម្ពុជាវិញ? ហើយការវិលត្រលប់មកវិញរបស់ពលរដ្ឋខ្មែរ អាចជាឱកាសក្នុងការផ្គត់ផ្គង់កម្លាំងពលកម្ម ដើម្បីជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ចដែរឬទេ? ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ខ្លីថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងតែសកម្មលើកិច្ចការនេះ ខណៈការវិលត្រលប់មកវិញរបស់ពលរដ្ឋខ្មែរ ក៏នឹងចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

ទាក់ទិននឹងបញ្ហានេះ លោក ង៉ែត ជូរ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ប្រសិនបើរដ្ឋាភិបាល បានចាត់វិធានការសមស្រប និងទាន់ពេលវេលាក្នុងការបង្កើតការងារបន្ថែមឱ្យបានច្រើននោះ វាគឺជាឱកាសក្នុងការជំរុញកំណើនសេដ្ឋកិច្ចដ៏ខ្លាំង ក្នុងពេលដែលប្រទេសចិន កំពុងប្រឈមមុខនឹងការរងសម្ពាធនៃពន្ធនាំចេញទៅកាន់ទីផ្សារអាម៉េរិក រហូតដល់ទៅ ៥១% រីឯពន្ធនាំចេញសម្រាប់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក មានត្រឹមតែ១៩%។ ការណ៍នេះ ត្រូវបានលោក ង៉ែត ជូរ លើកឡើងថា ប្រសិនបើក្រុមហ៊ុនរបស់ចិន បង្វែរការវិនិយោគមកប្រទេសកម្ពុជាវិញ នោះចិននឹងទទួលផលចំណេញ ៣២ % លើពន្ធនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។ បន្ថែមលើកញ្ចប់លើកទឹកចិត្តដែលមានស្រាប់ រាជរដ្ឋាភិបាលអាចសម្របសម្រួលជំរុញការវិនិយោគទាំងប្រភពក្នុងស្រុក និងក្រៅស្រុកតាមរយៈ ការកាត់បន្ថយថ្លៃដើម ក្នុងការធ្វើអាជីវកម្មដូចជា តម្លៃអគ្គិសនី ការដឹកជញ្ជូន សេវាក្រៅផ្លូវការ,បង្កើតតម្លាភាព និងប្រសិទ្ធិភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ និងនិតិវិធីផ្សេងៗ, បំពាក់ជំនាញតាមរយៈការបណ្តុះបណ្តាលដល់ពលករដែលត្រឡប់ពីប្រទេសថៃ និងយុវជនដែលដល់អាយុត្រូវចូលបម្រើការងារ,ផ្តល់សេវាផ្គូរផ្គងរវាងនិយោជិតដែលត្រូវការកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ និងរិតបន្តឹងសន្តិសុខ លើនូវបទឧក្រិដ្ឋគ្រប់ប្រភេទជាដើម។

ជាមួយគ្នានេះ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនដែរ ដោយលើកជាឧទាហរណ៍ថា ប្រសិនបើពលករខ្មែរ ១លាននាក់ មានការងារ និងមានប្រាក់ចំណូល ២៥០ដុល្លារ ក្នុងមួយខែ នោះពួកគេនឹងចូលរួមបង្កើតបានចំណូលសរុប ៣ពាន់លានដុល្លារ ដែលនឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុកកើនឡើងប្រមាណ ៦%។ ប៉ុន្ដែ អ្នកជំនាញរូបនេះលើកឡើងថា ប្រសិនបើមិនមានការងារធ្វើ ហើយវិលត្រលប់ទៅប្រទេសថៃវិញនោះ គឺជាបន្ទុកធ្ងន់ធ្ងរដល់វិស័យធនាគារ ដែលកំពុងតែមានអត្រាកម្ចីមិនដំណើរការខ្ពស់រួចស្រាប់ទៅហើយ។ នៅក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលគួរមានការសិក្សា និងចេញអន្តរាគមន៍ជាបន្ទាន់ ជាជាងពន្យារពេល ឬរង់ចាំជម្លោះជាមួយថៃចប់។ នេះបើតាមការគូសបញ្ជាក់របស់ លោកច័ន្ទ សុផល ដែលបានបន្ថែមថា នៅពេលនេះ គឺជាឱកាសដ៏ធំមួយសម្រាប់កម្ពុជា ពង្រីកសេដ្ចកិច្ច ដែលជាខឿនគ្រឹះសម្រាប់ការពារខ្លួន ទប់ទល់នឹងប្រទេសជិតខាងជាយូរអង្វែង ក្នុងសម័យកាល ដែលច្បាប់អន្តរជាតិ ចុះខ្សោយ។ ហើយប្រសិនបើរដ្ឋាភិបាល កាត់បន្ថយអំពើពុករលួយ ៥០% នោះរដ្ឋនឹងមានថវិកាច្រើន ដើម្បីធ្វើអន្តរាគមន៍នៅក្នុងគ្រប់វិស័យផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ការនាំចូលទំនិញពីប្រទេសថៃ ដាំក្បាលចុះខ្លាំង ក្រោយពលរដ្ឋកម្ពុជាពហិការ ឈប់ប្រើប្រាស់ទំនិញថៃ

ការធ្វើពហិការ ឈប់ប្រើប្រាស់ទំនិញថៃ ដោយប្រជាពលរដ្ឋខ្មែរ ដោយសារតែកងទ័ពថៃ ឈ្លានពានកម្ពុជា កំពុងធ្វើឱ្យការនាំចូលទំនិញពីប្រទេសថៃ មកកម្ពុជា ដ…

ក្រុមហ៊ុននាំចេញស្វាយកំពុងបានផ្លាស់ប្ដូរទិសដៅទីផ្សារចេញពីថៃ ងាកទៅរកប្រទេសផ្សេង ចំពេលបញ្ហាជម្លោះព្រំដែននៅជាប់គាំង

ខណៈរដូវប្រមូលផលស្វាយ កែវរមៀតខុសរដូវ កំពុងចាប់ផ្ដើមជាបណ្ដើរ ក្រុមហ៊ុនបញ្ជាទិញស្វាយមួយចំនួន កំពុងត្រៀមបង្វែរទិសដៅទីផ្សារនាំចេញរបស់ពួកគេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ