ទោះបីបាតុភូតធម្មជាតិអែលនីណូបានធ្វើឱ្យការចិញ្ចឹមត្រីរបស់ប្រជាកសិករមួយចំនួនមានការពន្យារពេលក៏ដោយ តែលោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជាអះអាងថា ការផ្គត់ផ្គង់ត្រីនៅលើទីផ្សាបច្ចុប្បន្នពុំទាន់មានសញ្ញាបង្ហាញពីការខ្វះខាតនៅឡើយទេ ហើយនៅក្នុងរដូវបិទនេសាទទៀតសោត ក៏ទំនងជាមិនចោទជាបញ្ហាសម្រាប់ការផ្គត់ផ្គង់ត្រីនោះដែរ ព្រោះកសិករនៅមានត្រីក្នុងស្រះអាចចិញ្ចឹមបំប៉ន និងផ្គត់ផ្គង់នៅលើទីផ្សាបាន ខណៈនៅអំឡុងពេលបិទនេសាទ ក៏មានត្រីស្រែអាចចូលរួមផ្គត់ផ្គង់បានមួយចំណែកផងដែរ។
តែយ៉ាងណាអ្នកជំនាញរូបនេះ វាយតម្លៃថា នៅតាមបណ្ដាខេត្តមួយចំនួនដែលពុំមានស្រះចិញ្ចឹមត្រី អាចនឹងមានតម្រូវការនាំត្រីចូលពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ប៉ុន្តែការនាំចូលនេះ អាចធ្វើទៅបានសម្រាប់តែប្រភេទត្រីដែលកសិករខ្មែរពុំអាចចិញ្ចឹមបានតែប៉ុណ្ណោះ។
បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ មានសមាជិកសមាគមវារីវប្បករនៅកម្ពុជាក្នុងខេត្តចំនួន៧ ស្ថិតនៅជុំវិញរាជធានីភ្នំពេញប្រមាណ៣០% ក្នុងចំណោម៦០%ដែលបានផ្អាកការចិញ្ចឹមកន្លងមក បានដាក់កូនត្រីចិញ្ចឹមឡើងវិញហើយ ក្រោយតម្លៃត្រីនៅលើទីផ្សាររក្សាបានស្ថិរភាពល្អ និងមានតម្លៃប្រសើរជាងមុន។ ប៉ុន្តែការដាក់កូនចិញ្ចឹមឡើងវិញរបស់កសិករទាំងនោះ កំពុងប្រឈមនឹងបញ្ហាខ្វះទឹក ក្រោយគ្មានភ្លៀងធ្លាក់ គួបផ្សំកសិករមួយចំនួនពុំមានអណ្ដូងសម្រាប់បូមទឹកបញ្ចូលក្នុងស្រះជាដើម។ កត្តានេះ បានធ្វើឱ្យការដាក់កូនត្រីចិញ្ចឹមមានសភាពយឺតយ៉ាវជាងរាល់ឆ្នាំ ហើយអាចធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សាមានបញ្ហាប្រឈមខ្លះៗនាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា រដូវបិទនេសាទ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ប៉ុន្តែនៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់អាចធ្វើការនេសាទបាន តែត្រូវប្រើប្រាស់ឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងច្បាប់៕
អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ