ទឡ្ហីករណ៍ ដែលគេសង្ស័យនោះ គឺថា លោក ត្រាំ អាចប្រឹងច្បាមយកអាម៉េរិកខាងត្បូង និង អាម៉េរិកខាងជើង ហើយដកខ្លួនបន្ដិចចេញពីអឺរ៉ុប ហើយទុកអឺរ៉ុបឲ្យទប់ទល់នឹងលោកពូទីន រីឯទ្វីបអាស៊ីវិញ គឺទុកឱ្យជប៉ុន និងឥណ្ឌា ទប់ទល់ឥទ្ធិពលចិន ។
តើមានអំណះអំណាងអ្វីខ្លះធ្វើឱ្យមានការសង្ស័យថា អាម៉េរិក ចិន និងរុស្ស៊ី កំពុងពុះហែកពិភពលោកចែកគ្នាកាន់កាប់?
ករណី នៅប្រទេសវេណេស៊ុយអេឡាថ្មីៗនេះ អាចជាតម្រុយមួយនៃចម្លើយសម្រាប់សំណួរខាងលើនេះ។ វេណេស៊ុយអេឡា មានប្រព័ន្ធការពារដែនអាកាសមិនខ្លាំងដល់សហរដ្ឋអាម៉េរិក ប៉ុន្ដែក៏មិនអន់ពេកដែរ ដោយសារតែប្រទេសនេះ មានប្រព័ន្ធការពារដែនអាកាសទាំងរបស់រុស្ស៊ី និង ចិន ប៉ុន្តែនៅពេលដែលយន្តហោះសហរដ្ឋអាម៉េរិកប្រមាណ១៥០ គ្រឿងបើកការវាយប្រហារ ប្រព័ន្ធនេះ មិនដំណើរការទាល់តែសោះ ហើយបើកផ្លូវឲ្យកងកម្លាំងពិសេសសហរដ្ឋអាម៉េរិក វាយឆ្មក់ចូលដល់និវេសនដ្ឋានលោក នីកូឡា ម៉ាឌូរ៉ូ រួចចាប់ខ្លួនបានយ៉ាងជោគជ័យដោយងាយស្រួលទៅវិញ ដោយប្រើពេលវេលាប្រតិបត្តិការត្រឹមតែជាង ២ម៉ោងប៉ុណ្ណោះ។
ទឡ្ហីករណ៍នេះហើយ ជាសំនួរលេចឡើង ពីព្រោះប្រតិបត្តិការនេះវាកើតឡើងក្រោយជំនួបរវាងលោកត្រាំ និងលោក ពូទីន នៅអាឡាស្កា កាលពីខែសីហា និង ជំនួបជាមួយនឹងលោក ស៊ី នៅខែតុលា ឆ្នាំមុននេះ ។ នៅក្នុងជំនួបជាមួយនឹងលោកពូទីន ព័ត៌មានដែលប្រកាសវាអាចជារឿងសន្តិភាពនៅអ៊ុយក្រែន ហើយ ពេលជួបជាមួយនឹងលោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង គឺរឿងសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែនៅក្នុងជំនួបដាច់ដោយឡែកនេះ វាអាចមានបញ្ហាភូមិសាស្រ្តនយោបាយ នៅពីក្រោយវាំងននខ្មៅនោះ។
នៅមុនប្រតិបត្តិការនៅវេណេស៊ុយអេឡា ដែលជាជម្រុកស្តុកប្រេងធំបំផុតនៅលើពិភពលោកនៅអាម៉េរិកខាងត្បូង ហើយនិងដំឡើងសាច់ដុំលើកោះហ្រ្គីនលែន នៅអាម៉េរិកខាងជើង លោកត្រាំ ហាក់បង្ហាញការយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែពេលខ្លះលោកហាក់ដូចជា កំពុងតែរុញទំនួលខុសត្រូវនេះទៅឱ្យអឺរ៉ុបគ្រប់គ្រង ហើយហាក់មិនសូវនិយាយអំពីសម្ពាធយោធាដែលរុស្ស៊ី បានបន្តដាក់ទៅលើអ៊ុយក្រែនឡើយ។
ក្រោយពេលដែលសហរដ្ឋអាម៉េរិក ផ្តោតសកម្មភាពខ្លាំងនៅទ្វីបអាម៉េរិកខាងត្បូង និងទ្វីបអាម៉េរិកខាងជើង ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ក៏ហាក់ដូចជាបន្ថយសកម្មភាពនៅអាស៊ី ជាពិសេស គឺអាស៊ីប៉ាស៊ីហ្វិក ដែលនាំឲ្យមានការសង្ស័យថា សហរដ្ឋអាម៉េរិក អាចទុកទ្វីបនេះ ឱ្យចិន ដើរតួនាទីជាបងធំ ។ សព្វថ្ងៃនេះចិន ច្បាមឥទ្ធិពល និងតួនាទីខ្លាំងណាស់នៅអាស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ ចិនត្រូវតែប៉ះពាល់ដល់ជប៉ុន ដែលមានឥទ្ធិពលមាំទាំមួយនៅក្នុងតំបន់ ហើយត្រូវប៉ះជាមួយនឹងឥណ្ឌាដែលសុទ្ធតែជាខ្លាកំណាច និងមានឥទ្ធិពលនៅអាស៊ីខាងត្បូង។
ដោយឃើញទឡ្ហីករណ៍ទាំងនះហើយ ទើបសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ត្រាំ ទុកបញ្ហាឱ្យរុស្ស៊ី ត្រូវប្រឈមមុខ និងដណ្តើមឥទ្ធិពលជាមួយនឹងសហភាពអឺរ៉ុបនៅអឺរ៉ុប ហើយទុកឲ្យចិន ធ្វើដើរតួនាទីនេះ នៅអាស៊ី ដោយសង្ឃឹមថា មានជប៉ុន និង ឥណ្ឌា ជួយទប់ឥទ្ធិពលចិន ហើយខ្លួនលូកជ្រៅទៅក្នុងកិច្ចការនៅហ្រ្គីនលែន នៅទ្វីបអាមេរិកខាងជើង និង វេណេស៊ុយអេឡានៅអាម៉េរិកខាងត្បូង ។
សរុបមក ទាំងប្រតិបត្តិការយោធានៅវេណេស៊ុយអេឡា ការកើនឡើងនៃសកម្មភាពអាម៉េរិកលើកោះហ្រ្គីនលែន ការបន្ថយសម្ពាធផ្ទាល់លើរុស្ស៊ីនៅអឺរ៉ុប និងការស្ងៀមស្ងាត់ជាងមុននៅអាស៊ីប៉ាស៊ីហ្វិក បានបង្កើតជាសញ្ញាដ៏គួរឲ្យកត់សម្គាល់មួយ នៅក្នុងល្បែងនៃការបែងចែកអំណាចពិភពលោក។ ទោះមិនមានភស្តុតាងផ្លូវការណាមួយបញ្ជាក់ពី “ការបែងចែកពិភពលោក” ជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំង៣នេះក៏ដោយ ប៉ុន្តែសកម្មភាពជាក់ស្តែងទាំងនេះ បានបើកផ្លូវឲ្យទឡ្ហីករណ៍ភូមិសាស្ត្រនយោបាយមួយលេចឡើងថា សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ អាចកំពុងកំណត់អាទិភាពថ្មី ដោយផ្តោតលើទ្វីបអាម៉េរិកខាងជើង និង អាម៉េរិកខាងត្បូង រួចទុកឲ្យអឺរ៉ុបឲ្យប្រឈមមុខនឹងរុស្ស៊ី ហើយអាស៊ីឱ្យទៅចិន ៕