ក្រោយមោទនភាព នៃការផ្ដួលរំលំរបបដឹកនាំវេណេស៊ុយអេឡា តាមរយៈប្រតិបត្តិការផ្លេកបន្ទោរ លោក ដូណាល់ ត្រាំ បានបន្តយុទ្ធសាស្ត្រដដែលមកលើអ៊ីរ៉ង់ ដោយបានបើកការវាយប្រហារយ៉ាងសន្ធាប់ដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់ ដល់ទៅ៤៨រូប រួមទាំងឥស្សរជនកំពូលៗ នៃរបបបព្វជិតមូស្លីមផងដែរ។ ទោះជាយ៉ាងណាលទ្ធផលជាក់ស្តែងក្នុងរយៈពេល១៩ថ្ងៃមកនេះ បែរជាបង្ហាញភាពផ្ទុយគ្នាស្រឡះពីការរំពឹងទុក។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អាម៉េរិក មិនត្រឹមតែមិនទាន់អាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់ បាននោះទេ ប៉ុន្តែសូម្បីតែការធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ក៏កំពុងស្ថិតក្នុងភាពចលាចលដែរ។ ស្ថានភាពនេះបានបង្ខំឱ្យសម្ពន្ធមិត្តអារ៉ាប់ ដូចជាអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងគុយវ៉ែតជាដើម ស្រែកអំពាវនាវរកជំនួយពីអង្គការណាតូ និងប្រទេសចិន ដើម្បីជួយសម្របសម្រួលបញ្ហាច្រកសមុទ្រនេះ។
យោងតាមការចុះផ្សាយរបស់ Reuters លោក ត្រាំ បានស្នើសុំឱ្យប្រទេសមហាអំណាចចំនួន៦រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម បញ្ជូននាវាចម្បាំងមកជួយបើកច្រកសរសៃឈាមសេដ្ឋកិច្ច ដែលធានាការនាំចេញប្រេង២០% របស់ពិភពលោកក្នុង១ថ្ងៃៗ ប៉ុន្តែការឆ្លើយតបរបស់បណ្តាប្រទេសទាំងនោះហាក់ត្រជាក់ជ្រងំ។ សម្ពន្ធមិត្តអឺរ៉ុបដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីបានប្រកាសដោយចំហថា ពួកគេមិនទាន់មានផែនការបញ្ជូនកម្លាំងយោធាទៅចូលរួមក្នុងភ្លើងសង្គ្រាមនៅអ៊ីរ៉ង់នៅឡើយទេ។
ទោះបីជាហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ត្រូវបានរងការបំផ្លាញរាប់ពាន់លានដុល្លារក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក ក៏ខាតបង់សម្បើមមិនចាញ់គ្នាដែរ។ សារព័ត៌មាន New York Times បានទម្លាយថា ត្រឹមតែរយៈពេល៦ថ្ងៃដំបូង ទីក្រុងវ៉ាស៊ីនតោន បានចំណាយថវិកាអស់រហូតដល់ទៅជាង១១ពាន់លានដុល្លារ ដែលមានន័យថា គិតត្រឹមថ្ងៃទី១៨ នៃសង្គ្រាមនេះ ការចំណាយលើសម្ភារៈសឹកអាចហក់ឡើងដល់ខ្ទង់៣៤ពាន់លានដុល្លារ បាត់ទៅហើយ។ លើសពីនេះ ទំនុកចិត្តពីសម្ពន្ធមិត្តនៅមជ្ឈិមបូព៌ា និងមូលដ្ឋានយោធាអាម៉េរិកជាច្រើន ក៏ត្រូវបានរង្គោះរង្គើដោយសារការវាយប្រហារពីដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ។
ដោយឡែក សម្រាប់អ៊ីស្រាអែលឯណោះវិញ ការសងសឹកពីសំណាក់អ៊ីរ៉ង់ បានធ្វើឱ្យរដ្ឋមួយនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានកន្លងមក។ ទោះបីជាព័ត៌មានធំៗមិនទាន់ចុះផ្សាយ តែតាមការរាយការណ៍របស់គេហទំព័រធំៗនៅលើបណ្តាញសង្គម មានចលនាបាតុកម្មប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ កំពុងកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដោយសារពលរដ្ឋយល់ថា មេដឹកនាំរូបនេះកំពុងនាំប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយ។ ស្ថានភាពបច្ចុប្បន្នបានបង្ហាញឱ្យឃើញថា អ៊ីរ៉ង់ពិតជាកំពុងអូសអាម៉េរិក និងអ៊ីស្រាអែលឱ្យផុងខ្លួនក្នុងសង្គ្រាម ដែលពិបាកនឹងដកថយវិញបាន៕
ដោយៈ ខេមបូណូមីស