អត្ថបទនេះ បានធ្វើបច្ចុប្បន្នភាព នៅម៉ោង ១១ ៖៥២ នាទី ថ្ងៃទី ០៧ ខែមេសា​ ឆ្នាំ២០២០

សម្តេច ហ៊ុន សែន៖ កម្មករកម្មការិនី ដែលត្រូវបានព្យួរការងារ នឹងទទួលបាន ៧០ដុល្លារក្នុងមួយខែពីរដ្ឋ និងថៅកែរោងចក្រ​


សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះថា រដ្ឋ និងថៅកែរោងចក្រកាត់ដេរ នឹងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរ ដែលត្រូវបានព្យួការងារ និងលែងមានលក្ខខណ្ឌតម្រូវឲ្យពួកគេត្រូវ មកទទួលវគ្គបណ្ដុះបណ្ដាលខ្លី ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះទៀតនោះដែរ។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
ដោយ

ថ្លែ​ងនៅក្នុង​សន្និសីទសារព័ត៌មាន​នៅវិមាន​សន្ដិភាព​ កាលពីព្រឹក​ថ្ងៃទី០៧ មេសានេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្មករ​កម្មការិនី នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែអំឡុងពេល​រោងចក្រ​ព្យួការងារ ចំនួន​ទឹកប្រាក់ ៧០ ដុល្លារអាមេរិក ដោយក្នុងនោះ រដ្ឋ​នឹង​ចេញ​៤០ដុល្លារ ខណៈដែល​ថៅកែរោងចក្រ​ នឹងចេញ៣០​ដុល្លារ។

សម្តេច ហ៊ុន សែន​ បានបញ្ជាំក់យ៉ាងដូច្នេះ «ពេលមុន ថា​អ្នកអាចទទួលបាន​នូវការ​ឧបត្ថម្ភ​រយៈពេល​ ៦ខែ តម្រូវ​ឲ្យហ្វឹកហាត់​៤ខែ និងត្រៀម២ខែទៀត ប៉ុន្ដែ ឥឡូវ​អត់ហ្វឹកហាត់បានទេ ដោយសារតែយើង​បាន​បិទ​អស់ហើយ នូវកន្លែងបណ្ដុះបណ្ដាល​វិជ្ជាជីវៈផ្សេងៗ។ ប៉ុន្ដែ កម្មករ​នៅតែទទួលបាន​ ៧០ដុល្លារ​ដែរ។ ពីរដ្ឋ​ ៤០​ដុល្លារ និងពីរោងចក្រ ៣០ដុល្លារ! បាន ៧០ដុល្លារ។»

សម្តេច ហ៊ុន បញ្ជាក់ថា ថវិកា​ដែលនឹង​ផ្ដល់ជូនកម្មករនេះ គឺ​ជាជំនួយសង្គម​ នៅក្នុងរយៈពេល​ដែលមានការ​ព្យួរ​ការងារ។

ការប្រកាស​​របស់នាយករដ្ឋមន្ត្រីនេះ គឺក្រោយពេលដែល ខាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានអះអាង​ថា រោងចក្រ​ដែលបាន​ផ្អាក​ដំណើរការ​ផលិត មិនអាចមានលទ្ធភាព​បង់​ប្រាក់ខែ​ ៤០នៃប្រាក់ខែគោល ជូនកម្មករ​កម្មការិនី ដូចការណែនាំ​កាលពីមុន​​បានទេ ដោយសារតែ​ក្រុមហ៊ុន​អ្នកបញ្ជាទិញ​មិនព្រម​ទូទាត់​ប្រាក់តាមកិច្ចសន្យា​ និង​បាន​ ថែមទាំង​បាន​លុបចោល​ការកម្ម៉ង់ទិញ​សម្រាប់​រយៈពេល ២ទៅ៣ ខែខាងមុខ​ទៀតផងដែរ។

តាមអ្វីដែលជា​វិធានការ​កាលពីមុន​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​កម្មករ​នយោជិត​នឹងទទួលបាន ប្រាក់ខែ ៦០% នៃប្រាក់ខែគោល ១៩០ ដុល្លារ ស្មើនឹងប្រមាណ​១១៤ ដុល្លារអាមេរិក ក្នុងមួយខែ ដោយក្នុងនោះ រដ្ឋ​នឹងចេញ ២០% ខណៈដែលថៅកែ​រោងចក្រ​ចេញ ៤០% ដោយមានភ្ជាប់ជាមួយលក្ខខណ្ឌ​តម្រូវ​ឲ្យ​មកទទួល​រៀន​វគ្គ​បណ្ដុះបណ្ដាលខ្លី​។ ប៉ុន្ដែ ក្រោយមក ខាងរោងចក្រ​ប្រកាសថា មិនមានលទ្ធភាព​បង់​ ៤០% ទើប​នៅថ្ងៃទី ០៧ មេសានេះ សម្តេច ហ៊ុន សែន​បាន​ប្រកាស​ពី វិធានការណ៍ថ្មី ដោយកម្មករ​នឹងទទួលបានប្រាក់​ឧបត្ថម្ភ​ចំនួន​ ៧០ដុល្លារ ក្នុងនោះ​រដ្ឋចេញ ៤០ និង​ ថៅកែចេញ ៣០ដុល្លារ។

បើតាម​សម្តេចហ៊ុន សែន ​គិតមកទល់​ពេលនេះ មានរោងចក្រ​ជាង ១០០ រោងចក្រ​ហើយ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​បញ្ជាក់​ថា សមាគមគាំទ្រ​ និងថ្លែ​ងអំណរគុណ​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ដាក់ចេញ​នូវ​វិធានការថ្មីៗនេះ។

លោក មានប្រសាសន៍យ៉ាងដូច្នេះ «នេះគឺជាអ្វីដែល​យើងបាន​ស្នើសុំ ហើយយើង​សូមថ្លែង​អំណរគុណ​ដល់រាជរដ្ឋាភិបាល ជាពិសេសស​ម្តេចតេជោ ចំពោះ​ការសម្រេចនេះ ដែលឆ្លុះបញ្ចាំង​ពីការយកចិត្ត​ទុកដាក់​របស់រាជរដ្ឋាភិបាល​ចំពោះទាំងបង​ប្អូនកម្មករ​និយោជិត និងអ្នក​វិនិយោគ​ទូទៅ ក្នុងគ្រា​មាន​វិបត្តិនេះ»។

នៅពេល​ដែលត្រូវបាន​សួរថា តើ​កម្មករ​និយោជិត​រោងចក្រដែល​ព្យួការងារ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ នៅពេលណានោះ? លោកកាំង ម៉ូនីកា​បញ្ជាក់ថា ខាងសមាគម​នឹង​មានសេចក្តីណែ​នាំ​​លម្អិត​បន្ថែមទៀត​​លើយន្តការ​សម្រាប់អនុវត្ត។

យ៉ាងណាក៏ដោយ អគ្គលេខាធិការរង​សមាគ​រោងចក្រ​កាត់ដេរកម្ពុជារូបនេះ បានគូសបញ្ជាក់​ច្បាស់ថា យន្តការគាំទ្រនេះ គឺសម្រាប់តែចំពោះរោងចក្រ​ណាដែលនឹង​ត្រូវព្យួរការងារ​ផលិតកម្ម​ជាបណ្តោះអាសន្ន​តែប៉ុណ្ណោះ។ ចំពោះរោងចក្រ​ដែលមាន​ការបញ្ជា​ទិញត្រូវ​ផលិត​ដូចធម្មតា គឺត្រូវធ្វើការ​ជាធម្មតា ហើយរោងចក្រ​បើកប្រាក់ឈ្នួល​ជូនកម្មករ​និយោជិត​ពេញ​ជាធម្មតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជ​រដ្ឋាភិបាលកាត់បន្ថយចំណាយជាង ៩០០លានដុល្លារ ដើម្បីបង្វែរថវិកាបម្រុងសម្រាប់វិបត្តិកូវីដ១៩

ព័ត៌មាន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ (ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) ថា រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំណា…

លទ្ធភាពដែលកម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន មានត្រឹម០,១%ប៉ុណ្ណោះ

ព័ត៌មាន
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងភាពអាសន្នអាចមានលទ្ធភាពត្រឹម០,១%ប៉ុណ្ណោះ មានន័យថា លុះត្រាណា ទាល់តែមានសភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ