វិបត្តិមជ្ឈិមបូព៌ា

មេដឹកនាំ WHO ព្រមានពីគ្រោះថ្នាក់ដល់អាយុជីវិតនៃប្រជាជនហ្គាហ្សាដោយសារតែជំងឺ ជាងការទម្លាក់គ្រាប់បែក


យោងតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោកម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២៨ វិច្ឆិកា ថា មនុស្សកាន់តែច្រើនអាចនឹងស្លាប់ដោយសារជំងឺ ជាងការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ប្រសិនបើប្រព័ន្ធសុខាភិបាលមិនត្រូវបានស្តារឡើងវិញទេនោះ។ នៅក្នុងថ្ងៃដដែលនោះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង១២នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទី៣០នាក់បន្ថែមពីសំណាក់អ៊ីស្រាអែល ចំពេលដែលភាគីជម្លោះទាំងពីរអាចនឹងបន្តបទឈប់បាញ់ពីរថ្ងៃបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
វិបត្តិមជ្ឈិមបូព៌ា
ដោយ

យោងតាមអាជ្ញាធរនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយហាម៉ាស បានឱ្យដឹងថា មនុស្សជាង១ម៉ឺន៥ពាន់នាក់ហើយ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដោយប្រមាណ៤០% គឺជាកុមារ។

យ៉ាងណាមិញ បើតាមលោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទកាសែតមួយនៅទីក្រុងឡាអេ កាលពីថ្ងៃអង្គារថា នៅទីបំផុតនោះពិភពលោកនឹងឃើញមនុស្សស្លាប់ដោយសារជំងឺច្រើនជាងពីការទម្លាក់គ្រាប់បែក ប្រសិនបើមិនអាចដាក់ចេញ ឬស្តារប្រព័ន្ធសុខភាពនៅហ្គាហ្សាឡើងវិញទេនោះ។ លោកស្រីបានលើកឡើងពីការព្រួយបារម្ភម្តងហើយម្តងទៀតអំពីការកើនឡើងនៃការរីករាលដាលនៃជំងឺឆ្លង ជាពិសេសជំងឺរាគរូស។

ដោយសម្អាងលើរបាយការណ៍ របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពរស់នៅរបស់ជនភៀសខ្លួននៅភាគខាងជើងតំបន់ Gaza លោកស្រី ម៉ាហ្ការេត ថា ប្រជាជនទាំងនោះកំពុងគ្មានថ្នាំ គ្មានវ៉ាក់សាំង គ្មានការទទួលបានទឹកស្អាត និងអនាម័យ និងគ្មានអាហារ ហើយភាគច្រើនមានករណីជំងឺរាគក្នុងចំណោមទារកច្រើនណាស់។

លោកស្រី បានពិពណ៌នាអំពីការដួលរលំនៃមន្ទីរពេទ្យ Al Shifa នៅភាគខាងជើង Gaza ថា ជាសោកនាដកម្ម និងបានសម្តែងការព្រួយបារម្ភអំពីការឃុំខ្លួនបុគ្គលិកពេទ្យមួយចំនួនដោយកងកម្លាំងអ៊ីស្រាអែលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ កាលថ្ងៃអង្គារដែលជាថ្ងៃទីប្រាំនៃបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃ ដែលផុតនៅថ្ងៃពុធនេះ ក្រុមហាម៉ាសនិងអ៊ីស្រាអែល បានដោះដូរចំណាប់ខ្មាំង និងអ្នកទោសទៅវិញទៅមក​។

យោងតាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយថា ចំណាប់ខ្មាំង១២នាក់ ត្រូវបានផ្ទេរចេញពីតំបន់ហ្គាហ្សា ហើយយោធាអ៊ីស្រាអែលបានបញ្ជាក់ថា មានពលរដ្ឋអ៊ីស្រាអែល១០នាក់ និងជនបរទេស២នាក់។ ចំណាប់ខ្មាំងថ្មីទាំង១២នាក់នេះ គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ធ្វើជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ តុលា។

ដោយឡែក ជាថ្នូរនឹងការដោះលែងនេះ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានដោះលែងអ្នកជាប់ឃុំជនជាតិ ប៉ាឡេស្ទីន៣០នាក់ពីគុក Ofer និងមជ្ឈមណ្ឌលឃុំឃាំងមួយនៅក្នុងទីក្រុង Jerusalem។ យោងតាមក្លឹបអ្នកទោសប៉ាឡេស្ទីន អ្នកទោសប៉ាឡេស្ទីន៣០នាក់នោះមានស្ត្រី១៥នាក់ និងបុរសវ័យជំទង់១៥នាក់។

យោងតាមសារព័ត៌មាន Al Jazeera បាននិយាយថា ពួកគេទាំងនោះបានទៅដល់ទីក្រុង West Bank ហើយ។ មែនទែនទៅ បទឈប់បាញ់នេះបានធ្វើឱ្យតំបន់ហ្គាហ្សាស្ងប់ស្ងាត់ជាលើកដំបូង បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលប្រាំពីរសប្តាហ៍ ជាមួយនឹងការទម្លាក់គ្រាប់បែក ដែលសឹងតែប្រែក្លាយតំបន់នេះទៅជាកម្ទេចថ្ម។ បទឈប់បាញ់នេះ នឹងត្រូវផុតកំណត់នៅថ្ងៃពុធនេះ ប៉ុន្តែភាគីទាំងពីរបានយល់ព្រមបន្តបទឈប់បាញ់បន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងបន្ថែម។

គួរជម្រាបថា ចំនួនចំណាប់ខ្មាំងសរុបដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស ចាប់តាំងពីការចាប់ ផ្តើម​​​នៃបទឈប់បាញ់កាលពីថ្ងៃសុក្រសប្តាហ៍មុនមក ឥឡូវនេះមានចំនួនសរុប៨១នាក់ហើយ ក្នុងនោះមានជនជាតិ អ៊ីស្រាអែល៦០នាក់ជាស្ត្រី និងកុមារ និងជនបរទេសចំនួន២១នាក់ ដែលភាគច្រើនជាកម្មករថៃ ធ្វើការនៅអ៊ីស្រាអែល។ ខណៈដែលអ៊ីស្រាអែលវិញ បានដោះលែងអ្នកទោសប៉ាឡេស្ទីនសរុបចំនួន១៥០នាក់។

ជួនចំពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសG7 កាលពីថ្ងៃអង្គារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា គេគាំទ្រចំពោះការពន្យារពេលបទឈប់បាញ់បន្ថែមទៀតនៅតំបន់ហ្គាហ្សា និងការផ្អាកនាពេលអនាគត ដើម្បីបើកផ្លូវឱ្យមានការនាំចូលជំនួយ និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំងទាំងអស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Goldman Sachs កាត់បន្ថយយុទ្ធសាស្រ្តកំណើននៅគ្រប់តម្លៃទាំងអស់នៅក្នុងប្រទេសចិន

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនធនាគារ Goldman Sachs គឺលោក ដេវីដ សូឡូម៉ុន (David Solomon) បានព្រមានថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទី…

ហេតុអ្វីពាណិជ្ជកម្មសកលនឹងងើបឡើងវិញនៅឆមាសទី២ឆ្នាំនេះ ចំពេលសេដ្ឋកិច្ចមិនច្បាស់លាស់?

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងងើបឡើងវិញជាបណ្តើរៗចាប់ពីឆមាសទី២ ឆ្នាំ២០២៣ នេះតទៅ ដោយសារមានការគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ