យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបនឹងការសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ដែលអ៊ីស្រាអែលបានចោទក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនថា បានរំលោភលើបទឈប់បាញ់។ នេះជាការវាយប្រហារលើកដំបូងតាំងពីបទឈប់បាញ់នៅតំបន់នេះ បានចូលជាធរមានរយៈពេល៣សប្តាហ៍ ក្រោមការសម្របសម្រួលពីលោក ដូណាល់ ត្រាំ កន្លងមកនេះ។
បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងតិច២៦នាក់រួមទាំងមនុស្ស៥នាក់នៅក្នុងផ្ទះតែមួយ មនុស្ស៤នាក់នៅក្នុងអគារតែមួយនៅក្នុងសង្កាត់មួយនៅទីក្រុងហ្គាហ្សា និងមនុស្ស៥នាក់ដែលកំពុងជិះក្នុងរថយន្តតែមួយផងដែរ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងពេលធ្វើដំណើរទៅកូរ៉េខាងត្បូង នៅថ្ងៃពុធ ថា តាមអ្វីដែលលោកបានដឹង គឺក្រុមហាម៉ាសបានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ហើយអ៊ីស្រាអែល ក៏បានវាយប្រហារតបវិញ។ ដូច្នេះហើយនៅពេលរឿងនេះកើតឡើង អ៊ីស្រាអែលគួរតែវាយប្រហារតបវិញបែបនេះហើយ។
លោក ត្រាំ បាននិយាយថា ការវាយប្រហារនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់សុពលភាពនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា នោះទេ ដោយលោកបានបន្ថែមថា គេត្រូវយល់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន គឺជាផ្នែកតូចមួយនៃសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយពួកគេត្រូវតែមានឥរិយាបថល្អ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើក្រុមហាម៉ាសមានឥរិយាបថល្អ ពួកគេនឹងទទួលបានក្តីសុខ ប៉ុន្តែបើពួកគេមិនល្អ នោះពួកគេនឹងរងការវាយប្រហារ។
លោក ត្រាំ បានបន្ថែមថា គ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងចំពោះទាហានអ៊ីស្រាអែល ទេ ប៉ុន្តែមានគេនិយាយថា វាជាការប្រហារដោយការអ្នកលបបាញ់។ ដូច្នេះហើយវាជាការសងសឹកចំពោះរឿងនេះ ហើយអ៊ីស្រាអែលមានសិទ្ធិចំពោះការវាយសងសឹកវិញ៕
ដោយ៖ សុខ មង្គល