ប្រមុខការទូតអាមេរិកប្រាប់មេដឹកនាំអារ៉ាប់ថា បទឈប់បាញ់មិនអាចធ្វើទៅរួចទេ!

ហេតុអ្វីអាម៉េរិកជំទាស់ការចង់បានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា?


មេដឹកនាំអារ៉ាប់ កាលពីពេលថ្មីៗបានដាក់សម្ពាធជាសាធារណៈឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខេន ប្រាប់អ៊ីស្រាអែលឱ្យអនុវត្តបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារលើសាលារៀនគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ដែលប្រើសម្រាប់ជំរុំសុវត្តិភាព ខណៈអ្នកស្លាប់ត្រូវបានរាយការណ៍ចុងក្រោយបន្តកើតឡើងជិង១ម៉ឺននាក់ហើយគិតត្រឹមថ្ងៃសៅរិ៍ទី៤ ខែវិច្ឆិកា។
ប្រមុខការទូតអាមេរិកប្រាប់មេដឹកនាំអារ៉ាប់ថា បទឈប់បាញ់មិនអាចធ្វើទៅរួចទេ!
ដោយ

នៅក្នុងដំណើរទស្សនកិច្ចលើកទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសផ្ទុះឡើងមក រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ប្លីនខេន បានជួបសមភាគីអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាតា អេមីរ៉ាត់អារ៉ាបរួម និងហ្សកដានី កាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានីអាមែន ប្រទេសហ្សកដានី។ ក្នុង សន្និសីតកាសែតរួមគ្នានៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងហ្សកដានី បានថ្លែងទាមទារដ៏កម្រ ឱ្យអាម៉េរិកប្រាប់ឱ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់។ ភ្លាមៗនោះ ប្រមុខការបរទេសអាម៉េរិក លោក ប្លីនខេន បានឆ្លើយតបវិញថា បទឈប់បាញ់នៅពេលនេះនឹងទុកពេលឱ្យហាម៉ាសប្រមូលផ្តុំកម្លាំងវិញ ហើយនឹងបើកការវាយប្រហារជាថ្មីលើអ៊ីស្រាអែល ដូចថ្ងៃទី៧ តុលា។

ស្របពេលដែលកិច្ចចរចារបទឈប់បាញ់នៅតែមិនអាចកើតមាន នៅក្នុងតំបន់ហ្គាហ្សាឯណោះវិញអ្នកស្លាប់បានកើនឡើងជិត១ម៉ឺននាក់ហើយគិតត្រឹមថ្ងៃសោរ៍ ទី៤ វិច្ឆិកា។ នេះបើយោងតាមអាជ្ញាធរប៉ាឡេស្ទីននៅហ្គាហ្សា ខណៈមានសេចក្តីរាយការណ៍មកថា អ៊ីស្រាអែលបានវាយប្រហារទៅលើសាលារៀនមួយកន្លែងក្នុងទីក្រុង Jabalia ដែលត្រូវបានប្រើសម្រាប់ជំរុំជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់កំពុងរស់នៅ។ ទោះយ៉ាងណា អ៊ីស្រាអែលថា កងទ័ពខ្លួនមិនបានកំណត់គោលដៅលើសាលារៀននោះទេ ហើយកំពុងពិនិត្យមើលបន្ថែមទៀត។

ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃសៅរ៍ ប៉ូលីសបានរារាំងក្រុមបាតុកររាប់រយនាក់ ដែលបានធ្វើបាតុកម្មនៅខាងក្រៅលំនៅដ្ឋានរបស់លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជុំវិញការបរាជ័យ ដែលនាំឱ្យមានការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែមុន។ ការតវ៉ានេះ ក៏បានកើតឡើងស្របពេលដែលការស្ទង់មតិមួយបង្ហាញថា ប្រជាជនអ៊ីស្រាអែលជាងបីភាគបួនលែងទុកចិត្ត និងចង់ឱ្យលោក នេតាន់យ៉ាហ៊ូលាលែងពីតំណែង។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក យ៉ោវ ហ្កាឡាន់ថ៍ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនោះដែរថា កងកម្លាំងរបស់អ៊ីស្រាអែល បានវាយតបយ៉ាងធ្ងន់ធ្ងរតបវិញលើក្រុមហាម៉ាស ដោយបានបំផ្លាញបញ្ជាការដ្ឋានទំនាក់ទំនងយោធា លេនដ្ឋាន និងបណ្តាញផ្លូវរូងក្រោមដីក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ និងបានសម្លាប់មេបញ្ជាការហាម៉ាស ចំនួន១២នាក់ ចាប់តាំងពីដើមសង្គ្រាម។

ដោយឡែក នៅព្រំដែនលីបង់ឯណោះវិញ ក្រុមហេស្សប៊ូឡាគាំទ្រដោយអ៊ីរ៉ង់នៅតែបន្តបាញ់ប្រហារមីស៊ីល និងរ៉ុក្កែតមកលើទីតាំងអ៊ីស្រាអែលតាមចំណុចបណ្តោយព្រំដែន។ គិតត្រឹមថ្ងៃសុក្រ កងកម្លាំងហេស្សប៊ូឡាប្រមាណ៦០នាក់ហើយត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយអ៊ីស្រាអែល។ នៅក្នុងសុន្ទរកថា ដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែមុន រវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល ប្រមុខក្រុមហេសបូឡាលោក ហាសាន ណាស្រាឡា Hassan Nasrallah ថា សហរដ្ឋអាម៉េរិក គឺជាអ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់ជម្លោះតំបន់ហ្គាហ្សាដែលកំពុងបន្ត ហើយក៏អាចបញ្ឈប់សង្គ្រាមមិនឱ្យរាលដាលដែរ។ មេដឹកនាំក្រុមេហស្សប៊ូឡារូបនេះបានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមជម្រើសទាំងអស់ដាក់លើតុរួចហើយ រួមទាំងសង្គ្រាមពេញទីជាមួយអ៊ីស្រាអែល។

យ៉ាងណាក៏ដោយ ក្រោយការថ្លែងនេះ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បាននិយាយថា ហេស្សប៊ូឡា និងក្រុមឯទៃទៀតមិនត្រូវគេងចំណេញពីជម្លោះនេះជាដាច់ខាត។ សហរដ្ឋអាម៉េរិក មិនចង់ឃើញសង្គ្រាមរាលដាលដល់លីបង់នោះទេ ហើយបើមែននោះការបំផ្លិចបំផ្លាញទៅលើប្រជាជនលីបង់គឺនឹងជៀសពុំរួច។ ឆ្លើយតបនឹងសារព្រមានរបស់មេដឹកនាំហេស្សប៊ូឡា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក នេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្របានព្រមានតបវិញថា «កុំសាកល្បងខ្លួនអី! វានឹងក្លាយជាកំហុសដែលអ្នកនឹកស្រមៃមិនដល់»៕




អត្ថបទបន្ទាប់


ការនាំចូលសាច់ខុសច្បាប់ បង្កបញ្ហាដល់អាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ

ព័ត៌មាន
សាច់បង្កកនិងសត្វរស់ ដែលលួចនាំចូលខុសច្បាប់ កំពុងបង្កក្ដីបារម្ភដល់អ្នកធ្វើអាជីវកម្មស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ស្របពេលនិន្នា…

តើការលាឈប់ពីតំណែងរដ្ឋមន្រ្តីកសិកម្មរបស់ប្រធានាធិបតីហ្វីលីពីនបណ្ដាលមកពីមូលហេតុវអ្វី?

ព័ត៌មាន
លោក ហ្វឺឌីណាង់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានសម្រេចចិត្តលះបង់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបានដឹកនាំដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ