ពាណិជ្ជកម្មអ៊ីស្រាអែល-កូរ៉េខាងត្បូង

អ៊ីស្រាអែល លុបចោលពន្ធគយលើការនាំចូលរថយន្តពីកូរ៉េខាងត្បូង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចូលជាធរមាន


រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចលុបចោលការយកពន្ធគយលើការនាំចូលផលិតកសិកម្ម និងឧស្សាហកម្មពីកូរ៉េខាងត្បូង ដែលរួមមានទាំងរថយន្តផងដែរ ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ទើបតែចាប់ផ្តើមអនុវត្តនៅដើមខែធ្នូនេះ បន្ទាប់ពីប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីខែឧសភា ឆ្នាំមុនមកម្ល៉េះ ដោយវានឹងធ្វើឱ្យប្រទេសទាំងពីរ ទទួលបានផលចំណេញសេដ្ឋកិច្ចរៀងៗខ្លួន បើទោះបីជាបាត់បង់ចំណូលពន្ធគយប្រចាំឆ្នាំក្តី។
រូបតំណាង៖ ទំនាក់ទំនងអ៊ីស្រាអែល-កូរ៉េខាងត្បូង

លោក Avigdor Lieberman រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានចុះហត្ថលេខាសម្រេចឱ្យបញ្ចប់ការយកពន្ធគយរវាងការនាំចូលទំនិញពីកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

យោងតាមអាជ្ញាធរពន្ធរបស់អ៊ីស្រាអែល ឱ្យដឹងថា ការសម្រេចនេះ នឹងបញ្ចប់ការយកពន្ធ ៧% កន្លងមកលើការនាំចូលរថយន្ត និង ១២% លើការនាំចូលម៉ាស៊ីនត្រជាក់ពីកូរ៉េខាងត្បូង ខណៈរថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Hyundai និង Kia មានចំណែកយ៉ាងធំក្នុងទីផ្សាររថយន្តថ្មីៗរបស់អ៊ីស្រាអែល។

ស្ថាប័នរដ្ឋរបស់អ៊ីស្រាអែលដដែលនេះ បន្តថា ការកាត់បន្ថយពន្ធគយនេះ នឹងធ្វើឱ្យអ៊ីស្រាអែល បាត់បង់ចំណូលពន្ធប្រមាណ ៦៦លានដុល្លារក្នុងមួយឆ្នាំ។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ីស្រាអែល និងកូរ៉េខាងត្បូង បានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ អ៊ីស្រាអែលបានរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងនៃការនាំចេញរបស់ខ្លួន ដោយសារតែកូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ១៨ចំណុច ហើយបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចអ៊ីស្រាអែលប្រមាណ ១៤១លានដុល្លារ ក្នុងមួយឆ្នាំ។

បន្ថែមពីនេះ អ៊ីស្រាអែលក៏រំពឹងដែរថា នឹងជំរុញការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារកូរ៉េខាងត្បូង ព្រមទាំងជាការលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទៅវិនិយោគនៅអ៊ីស្រាអែលទៀតផង។

ពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីស្រាអែល និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១ មានប្រហែល ៣,៥ពាន់លានដុល្លារ កើនឡើង ៣៥% បើធៀបនឹងឆ្នាំ២០២០។

ក្រៅពីកូរ៉េខាងត្បូង ប្រទេសអ៊ីស្រាអែលក៏មានគម្រោង និងកំពុងចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដែរដូចជា អារ៉ាប់រួម ចិន វៀតណាម បារ៉ែន និងអង់គ្លេសជាដើម៕




អត្ថបទបន្ទាប់


ADB ផ្ដល់ប្រាក់កម្ចី ៥០លានដុល្លារ ដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភា…

សិង្ហបុរី និងញូវយ៉ក ជាប់ចំណាត់ជាទីក្រុងមានការចំណាយថ្លៃបំផុតសម្រាប់ការរស់នៅ

សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលម្ដងទៀត នៅឆ្នាំនេះ គឺជាទីក្រុងដែលមានការចំណាយថ្លៃបំផុតក្នុងការរស់ ខណៈទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឈរលំដា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ