សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចជាង ១៣%ក្នុងត្រីមាសទី៣ឆ្នាំនេះ


សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់ស្ទង់តាមរយៈផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺមានកំណើនជាង១៣% បើគិតក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដល់ទៅពីរខ្ទង់ដូចនេះ កើតឡើងខណៈដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់។ នេះបើតាមការប្រកាសដោយរដ្ឋាភិបាលក្រុងហាណូយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
GDPវៀតណាមត្រីមាសទី៣ឡើងដល់ជាង១៣%!

នេះជាកំណើនសេដ្ឋកិច្ចមានអត្រាដល់ទៅពីរខ្ទង់ប្រចាំ​ត្រីមាសជាលើកដំបូងរបស់វៀតណាម ក្នុងឆ្នាំ២០២២នេះ ខណៈដែលត្រីមាសមុនៗមានកំណើនក្រោម១០%ប៉ុណ្ណោះ។ កំណើនប្រចាំត្រីមាសទី៣ដែលមានជិត ១៣,៧% នេះត្រូវបានរុញច្រាន​ដោយកំណើនការចំណាយប្រើប្រាស់ក្នុងស្រុកដ៏ខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពី​ឆ្នាំ២០០៩។ បើយោងតាមការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម។

ជាក់ស្តែងកាលពីខែសីហា ការលក់រាយ និងសេវាកម្មបានកើនឡើង​៥០% ធៀបនឹងខែសីហាកាលពីឆ្នាំ២០២១។ លើសពីនេះ ប្រទេសវៀតណាមបាន​បន្ធូរបន្ថយការរឹតបន្តឹងការចូលមកដល់ទឹកដីខ្លួន សម្រាប់ជនបរទេស មុន​ប្រទេសជិតខាងឯទៀត ដែលធ្វើឱ្យបច្ចុប្បន្ន វៀតណាមរំពឹងចំនួន​ភ្ញៀវមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុននឹងកើនឡើងច្រើនជាងគេ។ វិស័យទេសចរណ៍តំណាងឱ្យប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

គួរកត់សម្គាល់ថា សេដ្ឋកិច្ចវៀតណាមបន្តមានកំណើន​វិជ្ជមានរហូត ទោះបីជាប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ​ទើបអាចងើបចេញពីដំណើរជាប់ផុងក្នុងវិបត្តិកូវីដ១៩កាលពីឆ្នាំ២០២១ក៏ដោយ ហើយបើទោះបីជាពិភពលោកកំពុងប្រទះនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបង្កដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក្ដី។

ជាក់ស្តែងនៅក្នុងត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមកំណើន៥% ត្រីមាសទី២កើនឡើងដល់ ៧,៨% ហើយបន្ដឡើងរហូតដល់ជាង១៣%ក្នុងត្រីមាសទី៣នេះ។

ក្រៅតែពីកំណើននៃការចំណាយប្រើប្រាស់ក្នុងស្រុក សេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏បានរួមចំណែកយ៉ាងធំដោយការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។ ជាក់ស្ដែងការនាំចេញរបស់វៀតណាម​ទៅទីផ្សារអាមេរិក ចាប់ពីខែមករា ដល់ខែកញ្ញា មានកំណើនជាង២៥%ឯណោះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

សូមជម្រាបថា ការកើនឡើងតម្លៃទំនិញដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមខ្លាំងណាស់ណាទេ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជិត ៣%ប៉ុណ្ណោះ​នៅក្នុងខែសីហាធៀបនឹងឆ្នាំមុន។​ កាលពីដើមខែកញ្ញា មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនការព្យាករ​របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ដល់៧% ពោលគឺមានខ្ពស់ជាង ១% បើធៀបនឹងការព្យាករណ៍កាលពីបីខែមុន។ IMF កោតសសើរការទប់ស្កាត់អតិផរណាបានល្អរបស់វៀតណាម ហើយបានកត់សម្គាល់ពីការស្ទុះងើបឡើងវិញ​ជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម ការលក់រាយ និងទេសចរណ៍របស់ប្រទេសនេះផងដែរ៕




អត្ថបទបន្ទាប់


ចិនត្រៀមបញ្ចេញកម្ចី ៤២ពាន់លានដុល្លារ សម្រាប់ចំណាយលើការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលចិន បានបែងចែកកញ្ចប់ថវិកា៤២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក តាមរយៈការផ្ដល់កម្ចី ដោយធនាគាររដ្…

តើពិភពលោកកំពុងប្រឈមនឹងហានិភ័យការជាប់គាំងសេដ្ឋកិច្ច ឬយ៉ាងណា?

ព័ត៌មាន
ពិភពលោកអាចត្រូវការចាយពេលច្រើន ដល់ទៅរាប់ឆ្នាំដើម្បីអាចដោះស្រាយបញ្ហាថាមពល ដែលខ្លួនកំពុងប្រឈមមុខ ក្នុងការធ្វើពិធិកម្មទីផ្សារកាត់ផ្ដាច់ការផ្គត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ