កម្ពុជានិងអ៊ីស្រាអែលខ្វះការជំរុញទំនាក់ទំនង

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថា កម្ពុជានិងអ៊ីស្រាអែលខ្វះការជំរុញទំនាក់ទំនងទើបធ្វើឲ្យការវិនិយោគនៅមានកម្រិត


ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជាលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងបាងកកប្រទេសថៃបានលើកឡើងពីចំណុចសក្តានុពលរបស់កម្ពុជា និងអ៊ីស្រាអែល ដែលវិនិយោគិននៃប្រទេសទាំងពីរគួរចាប់យកឱកាសក្នុងការសិក្សា និងវិនិយោគ។ ជាមួយគ្នានេះលោកជំទាវ ក៏បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ដែលប្រទេសទាំងពីរត្រូវរួមគ្នាដោះស្រាយផងដែរ។
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ

ឯកអគ្គរដ្ឋទូត​រូប​នេះ​ជឿជាក់​ថា ប្រសិនបើ​ប្រទេស​ទាំង​ពីរ​រួម​គ្នា​ជំរុញ​ដោះស្រាយ​បញ្ហា​ទាំងនេះ វា​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។ ទន្ទឹម​នឹង​នេះ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​របស់​ស្ថានទូត​ក្នុង​ការ​ធ្វើ​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល និង​រវាង​ប្រជាជន និង​ប្រជាជន​ផង​ដែរ​។

នា​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​មន្ត្រី​ជំនាញ និង​វិនិយោគិន​នៅ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​២៩ មិថុនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ លោក​ជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​លើក​ឡើង​ពី​ចំណុច​ខ្វះខាត ដែល​កម្ពុជា និង​អ៊ី​ស្រា​អែ​ល​ត្រូវ​រួម​គ្នា​ដោះស្រាយ​។ ចំណុក​ខ្វះខាត​ដែល​ឯកអគ្គរដ្ឋទូត​រូប​នេះ​កត់សម្គាល់​ឃើញ​កន្លង​មក​នោះ គឺ​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​មានការ​ជំរុញ​ឲ្យ​បាន​គ្រប់គ្រាន់​លើ​កិច្ច​សហ​ប្រតិបត្តិ និង​ការ​និង​វិនិយោគ​។ លោក​ជំទាវ​ជឿជាក់​ថា ប្រសិនបើ​បញ្ហា​នេះ​ត្រូវ​បាន​ជំរុញ វា​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត​។

ក្រោយ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កន្លែង​អាជីវកម្ម​មួយ​ចំនួន ជា​ពិសេស​រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់​គី​រី​សួគ៌ លោក​ជំទាវ Orna Sagiv មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា និង​បាន​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស ដែល​មាន​សក្តានុពល​ខ្ពស់​លើ​ការ​វិនិយោគ​។ ក្នុង​នោះ លោក​ជំទាវ មើលឃើញ​ថា កម្ពុជា​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ហើយ​វា​ស្រប​ទៅ​នឹង​ចំណុច​សក្តានុពល​របស់​អ៊ី​ស្រា​អែ​ល ដែល​មាន​ភាព​ល្បីល្បាញ​លើ​វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា​។ ជាមួយ​គ្នា​នេះ​លោក​ជំទាវ​ជំរុញ​ឲ្យ​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​សំឡឹង​មើល​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​នីមួយ​ៗ​។

ទោះបី​អ៊ី​ស្រា​អែ​ល​ពុំ​ទាន់​មាន​ស្ថានទូត​នៅ​កម្ពុជា តែ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង និង​កិច្ច​ប្រតិបត្តិ​គ្នា​ជាមួយ​គ្នា​ដ៏​ល្អជា​យូរ​មក​ហើយ​ដែរ​។ ជាក់ស្តែង​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ជំទាវ Orna Sagiv អ៊ី​ស្រា​អែ​ល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្នុង​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​តាំងពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ​។ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ អ៊ី​ស្រា​អែ​ល​បាន​ផ្តល់​ឱកាស​ឲ្យ​និស្សិត​ឆ្នាំ​ទី​៣​របស់​កម្ពុជា​ទៅ​ធ្វើ​កម្មសិក្សា​នៅ​អ៊ី​ស្រា​អែ​ល​រាប់រយ​នាក់​ក្នុង​១​ឆ្នាំ​ដែល​មក​ទល់​ពេល​នេះ​មាន​និស្សិត​កម្ពុជា​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ហើយ​បាន​ទៅ​សិក្សា​ពី​បច្ចេកទេស និង​បច្ចេកវិទ្យា​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​នេះ​។

ជាមួយ​គ្នា​នេះ លោក Moran Hadad ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​-​អ៊ី​ស្រា​អែ​ល​បាន​លើក​ឡើង​ពី​ចំណុចខ្លាំង​របស់​អ៊ី​ស្រា​អែ​ល​ថា អ៊ី​ស្រ​អែ​ល​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​អ្នកមាន​ជំនាញ ចំណេះដឹង និង​បទ​ពិសោធន៍​ច្រើន​លើ​វិស័យ​សំខាន់​ៗ​ដូច​ជា​បច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និង​ការ​ស្រាវជ្រាវ​។​ល​។ លោក​មើលឃើញ​ថា ទោះបី​កម្ពុជា​គ្មាន​បច្ចេកទេស​ខ្លាំង​ដូច​អ៊ី​ស្រា​អែ​ល តែ​កម្ពុជា​ជា​មូលដ្ឋាន​ដ៏​សំខាន់ ដែល​ពោរពេញ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង មាន​សមត្ថភាព និង​ឆន្ទៈ ហើយ​ជា​ច្រក​ទ្វារ​ចូល​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជាទី​ផ្សារ​ធំ​ទូលាយ និង​សកម្ម​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​។ ទាំងនេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវការ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​-​អ៊ី​ស្រា​អែ​ល​រូប​នេះ​ជឿជាក់​ថា ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ថោក​ក៏​ដោយ តែ​កម្ពុជា​មាន​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​កំណើន​លឿន​រហ័ស ដោយសារ​សមាសភាព​នៃ​ចំនួន​ប្រជាជន និង​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស ហើយ​ការ​នាំ​យកចំណេះ​ដឹង ជំនាញ និង​ការ​បង្កើត​ថ្មី​ៗ មក​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល​នឹង​ជួយ​ឱ្យ​កម្ពុជា​ជឿនលឿន​ជា​លំដាប់​។

បញ្ជាក់​ផង​ដែរ​ថា តាម​គម្រោង​លោក​ជំទាវ អ័​រណា សា​ហ្គី​វ (Orna Sagiv) ឯកអគ្គរដ្ឋទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​នៅ​ប្រទេស​ថៃ ត្រូវធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី ១ កក្កដា ឆ្នាំ​២០២២៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងRCEP

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិប ក្រោយចូ…

ទុនវិនិយោគសំណង់ធ្លាក់ចុះ៦៦%នៅត្រីមាសទី១ឆ្នាំ២០២២ ប៉ុន្ដែអ្នកជំនាញថាមិនប៉ះពាល់ខ្លាំងដល់វិស័យអចលនទ្រព្យឡើយ

ព័ត៌មាន
ការអនុម័តគម្រោងសំណង់នានា នៅកម្ពុជាគិតក្នុងត្រីមាសទី១ឆ្នាំ២០២២ មានការធ្លាក់ចុះទុនវិនិយោគដល់ទៅ ៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ