យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ចុងក្រោយមួយនៃកិច្ចប្រជុំកំពូលចុងសប្តាហ៍នេះ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) នឹងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។
ក្នុងនោះ ប្រទេសជប៉ុនកាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពដ៏គ្រោះថ្នាក់ បន្ទាប់ពីការប្រឈមមុខគ្នា ដ៏តានតឹងចុងក្រោយបំផុតរវាងនាវាហ្វីលីពីន និងនាវាចិន នៅឯថ្មប៉ប្រះទឹកក្បែរប្រជុំកោះស្ព្រេតលី ក្នុងសមុទ្រចិនខាងត្បូង។
ទីក្រុងតូក្យូបានបន្ថែមថា ខ្លួនយល់ស្របនឹងការជំទាស់របស់ហ្វីលីពីនចំពោះការទាមទារដែនសមុទ្រខុសច្បាប់ ការធ្វើសកម្មយោធា សកម្មភាពបង្ខិតបង្ខំ និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលនេះចង់សំដៅទៅប្រទេសចិន។
ជាមួយនឹងមេដឹកនាំម៉ាឡេស៊ី នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានយល់ព្រមជាមួយលោក Anwar Ibrahim ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងផ្តល់ប្រាក់ចំនួន២,៨លានដុល្លារអាម៉េរិក សម្រាប់ឧបករណ៍ព្រមាន និងឃ្លាំមើលដែនសមុទ្រ។
នាយករដ្ឋ មន្ត្រីជប៉ុនរូបនេះបាននិយាយទៀតថា ជាមួយនឹងពិភពលោកនៅក្នុងចំណុចរបត់ប្រវត្តិសាស្ត្រ ប្រទេស ជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងប្រទេសម៉ាឡេស៊ី ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ និងដើម្បីធានាដល់ពិភពលោកដែលមានសេចក្តីថ្លៃថ្នូររបស់មនុស្ស។
គួរជម្រាបថា ម៉ាឡេស៊ី រួមជាមួយហ្វីលីពីន វៀតណាម ប្រ៊ុយណេ និងតៃវ៉ាន់ មានការទាមទារដែនទឹកត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង។
នៅពេលសួរអំពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនកាលពីថ្ងៃសៅរិ៍ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៉េកាំងជឿថា កិច្ចសហប្រតិបត្តិការណាមួយគួរតែអំណោយផលដល់ការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍរួមរវាងអាស៊ាន និងប្រទេសជប៉ុន។
គួរំលឹកថា កាលពីខែកញ្ញា យោធាមកពីបណ្តាប្រទេសអាស៊ានបានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងរបស់ពួកគេ ទោះបីជាម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានទទូចថា ជាសមយុទ្ធមិនមែនប្រយុទ្ធ ដោយផ្តោតលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងការល្បាតដែនសមុទ្រ។ កិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃសៅរិ៍ ដែលមានប្រទេសចូលរួមដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា ក៏បានចារជាថ្ងៃរំលឹកខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងអាស៊ានជាមួយប្រទេសជប៉ុនផងដែរ៕