នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា ដែលរដ្ឋាភិបាលចម្រុះរបស់លោកកំពុងរងសម្ពាធដោយសារការបង្កើនចំណាយលើសុខុមាលភាព និងការចំណាយផ្សេងៗកំពុងមានការកើនឡើងនោះ បានប្តេជ្ញាថា នឹងជួយជំរុញឱ្យក្រុមអាជីវកម្មបង្កើនប្រាក់ឈ្នួលនៅក្នុងកិច្ចប្រជុំចរចាប្រចាំឆ្នាំនៅឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនជប៉ុនមួយចំនួនបានដំឡើងប្រាក់ឈ្នួលដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំកាលពីដើមឆ្នាំ២០២៤នេះ។
លោក អ៊ីស៊ីបា បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំត្រីភាគីរវាងរដ្ឋាភិបាល ក្រុមហ៊ុន និងមេដឹកនាំសហជីពថា ពួកគេបានស្នើសុំឱ្យអាជីវកម្មសហការគ្នា ដើម្បីសម្រេចបាននូវកំណើនប្រាក់ឈ្នួលដ៏ច្រើននៅក្នុងការចរចាប្រាក់ឈ្នួលអប្បរមានៅឆ្នាំក្រោយ។
ក្រុមសហជីពកម្មករដែលធំជាងគេនៅជប៉ុនកំពុងស្វែងរកការដំឡើងប្រាក់ឈ្នួលយ៉ាងតិច៥% នៅក្នុងឆ្នាំ២០២៥ ដែលស្រដៀងទៅនឹងការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះអ្នកសេដ្ឋកិច្ចសង្ស័យថា ការដំឡើងនេះវាទំនងជានឹងកើតឡើងនូវវិបត្តិថ្មីមួយទៀតសម្រាប់ប្រទេសជប៉ុន។
លោក អ៊ីស៊ីបា ក៏បានសន្យាដែរថា នឹងដាក់ចេញវិធានការជាក់លាក់មួយចំនួននៅឆ្នាំក្រោយនេះ ដើម្បីសម្រេចបាននូវគោលដៅគោលនយោបាយរបស់លោកក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យមចំនួន៤២%នៅចុងទសវត្សរ៍នេះ។ លោកបានអះអាងថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបន្តពិភាក្សាជាមួយថ្នាក់ដឹកនាំធុរកិច្ច និងការងារពីគោលដៅប្រាក់ឈ្នួលអប្បបរមា ហើយសង្ឃឹមថា ការដំឡើងប្រាក់ឈ្នួលនេះនឹងអាចសម្រេចបាន៕
អត្ថបទ៖ សុខ មង្គល