ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងជាអ្នកជំនួញម្នាក់នៅកម្ពុជា កត់សម្គាល់ឃើញថា នៅពេលវិនិយោគិនជប៉ុន ចុះមកសិក្សាឱកាសវិនិយោគនៅកម្ពុជា សំណួរដែលកម្ពុជា តែងទទួលបានពីពួកគេ គឺពាក់ព័ន្ធនឹងបញ្ហាធនធានមនុស្ស និងតម្លៃអគ្គិសនី ដែលជាកត្តាដ៏សំខាន់ក្នុងការបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម។ ដោយឡែកចំពោះវិនិយោគិនអាម៉េរិកវិញ ត្រូវបានអ្នកជំនួញរូបនេះសង្កេតឃើញថា ពួកគេតែងសួរពាក់ព័ន្ធនឹងតម្រូវការទីផ្សារ និងសក្តានុពលនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីអាចទាក់ទាញក្រុមវិនិយោគិនមកពីប្រទេសធំៗ គឺទាមទារឱ្យភាគីពាក់ព័ន្ធខិតខំធ្វើទីផ្សារ និងបង្កភាពងាយស្រួលដល់ពួកគេជាមុនសិន។
ពាក់ព័ន្ធការវិនិយោគនៅកម្ពុជានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា បើទោះបីតម្លៃអគ្គិសនីនៅកម្ពុជា ហាក់រាងថ្លៃបន្តិចក៏ពិតមែន តែតម្លៃកម្លាំងពលកម្មនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។ កត្តានេះបានធ្វើឱ្យកម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស ពិសេសមកពីប្រទេសធំៗឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាអះអាងថា កម្ពុជាប្រកាន់ភ្ជាប់គោលជំហរស្វាគមន៍វិនិយោគិនបរទេសគ្រប់ជាតិសាសន៍ដោយគ្មានការរើងអើង សម្រាប់ការមកសិក្សា និងបោះទុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ទាំងវិនិយោគិនជប៉ុន និងវិនិយោគិនអាមេរិកពេលចុះមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពួកគេតែងសួរពាក់ព័ន្ធកម្លាំងពលកម្ម និងថ្លៃអគ្គិសនី។
បើតាមអ្នកជំនាញរូបនេះ តម្លៃអគ្គិសនីនៅកម្ពុជា ហាក់នៅខ្ពស់ជាងបណ្តាប្រទេសនៅក្នុងតំបន់ ហើយតម្លៃអគ្គិសនី បានរួមចំណែកក្នុងរង្វង់ប្រមាណ១០ទៅ១៥%នៃថ្លៃដើមសរុប។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្នុងអំឡុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការវិនិយោគនៅកម្ពុជាចាប់ផ្ដើមមានកំណើន ដែលបង្ហាញឱ្យឃើញថា កម្ពុជាមានបរិយាកាសវិនិយោគល្អប្រសើ និងនៅមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័យគម្រោងថ្មី និងពង្រីកផលិតកម្មបានជិត២៧០គម្រោង ជាមួយទុនវិនិយោគសរុបជិត៥ពាន់លានដុល្លារ និងអាចផ្តល់ការងារបានប្រមាណជាង៣០ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគដែល CDC បានអនុម័ត រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត៩០% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ បូ ដូឡា