នាយករដ្ឋមន្ត្រីជប៉ុនលោក ណូរីហ៊ីសា តាម៉ូរ៉ា (Norihisa Tamura) បាននិយាយថា មេរោគបំប្លែងថ្មីឌែលតា គឺមានការឆ្លងរីករាលដាលខ្លាំង ហើយមេរោគដើមរបស់វា មិនអាចប្រៀបផ្ទឹមបាននោះទេ។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែមានការគាំទ្របន្ថែមទៀតពីសហគមន៍វេជ្ជសាស្ត្រ ដើម្បីធានាថា មន្ទីរពេទ្យមានគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩អាចសម្រាកព្យាបាលបានគ្រប់គ្រាន់។
សូមជម្រាបថា មានអ្នកជំងឺម្នាក់ក្នុងចំណោម១០នាក់ គឺមានមន្ទីរពេទ្យទទួលបានសម្រាកព្យាបាល នៅក្នុងទីក្រុងតូក្យូ ដែលវាកំពុងបង្កឲ្យសាធារណជនមានការខកចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់រាជរដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ-១៩ និងសង្គ្រោះពលរដ្ឋ។
ជាមួយនឹងការឆ្លងរីករាលដាលកូវីដ-១៩នៅតែបន្ដ មិនទាន់ឃើញសញ្ញាថមថយសោះនោះ រដ្ឋាភិបាលកំពុងសម្រេចចិត្តនឹងដាក់តំបន់ផ្សេងទៀតឲ្យស្ថិតក្រោមវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈដែលបច្ចុប្បន្នខេត្តចំនួន១៣ហើយ រួមទាំងទីក្រុងតូក្យូផង ស្ថិតនៅក្រោមវិធានការនេះ។
ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅជប៉ុនមានការហក់ឡើងខ្ពស់ ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃនៅជប៉ុនហាក់មានការថយចុះជាងមុន ដោយសារតែប្រជាជនកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា នៅថ្ងៃទី២២ខែសីហា ជប៉ុន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺននាក់ និងស្លាប់មានចំនួន២៤នាក់។ សរុបមកទល់ពេលនេះ ជប៉ុនមានអ្នកឆ្លងកូវីដ១៩ជាង១លាន៣សែននាក់ហើយ និងស្លាប់មានជាង១ម៉ឺន៥ពាន់នាក់ហើយ៕