ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានសម្តែងក្តីរីករាយ ស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជា និងភ្ញៀវអន្តរជាតិ ដែលនេះជាឱកាសដំបូង នៃពិធីបុណ្យចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុនថ្មី បន្ទាប់ពីបានឡើងគ្រងរាជសម្បត្តិ កាលពីឆ្នាំទៅម៉ិញនេះ។ ឯកអគ្គរាជទូតបានមានប្រសាសន៍ថា រជ្ជកាល”Heisei“មុន មានរយៈពេលប្រហែល៣១ឆ្នាំ។ រជ្ជកាលនេះបានចាប់ផ្តើមក្នុងអំឡុងពេលដែលប្រទេសជប៉ុន បានចូលពាក់ព័ន្ធយ៉ាងសកម្ម ក្នុងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ហើយបានបន្តការគាំទ្ររបស់ខ្លួន ដល់ការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដោយផ្អែកលើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងអំឡុងនេះ ចំណងមិត្តភាព រវាងប្រទេសទាំងពី ត្រូវបានពង្រឹង និងបានប្តេជ្ញាខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងសករាជថ្មី ”Reiwa” មានន័យថា «ភាពស្រស់ស្អាត និងសុខដុមរម្យនា» ដោយយកទំនុកចិត្ត និងកិច្ចសហការ ដែលត្រូវបានបង្កើតឡើងនៅក្នុងសករាជ ”Reiwa” ធ្វើជាមូលដ្ឋាន។
នាឱកាសនោះដែរ ឯកឧត្តម ប៊ិន ឈិន ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានថ្វាយនូវព្រះសព្វសាធុការពរ ថ្វាយព្រះករុណា ព្រះចៅអធិរាជថ្មី ព្រមទាំងប្រជាជនជប៉ុន មានសុខសន្តិភាព សុភមង្គលនិងវិបុលភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន មានឬស្សគល់និងមានការគាំទ្រយ៉ាងពេញទំហឹងពីអតីតព្រះមហាវិរក្សត្រ បរមរតនកោដ្ឋ តាំងពីដើមទស្សវត្ត១៩៥០មកម្ល៉េះ ដោយមានទំនាក់ទំនងយ៉ាងជិតស្និត រវាងព្រះរាជវង្សានិវង្សកម្ពុជា-ជប៉ុន និងមានការផ្លាស់ប្តូតទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់ បានជំរុញឱ្យមានទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៣ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពកម្ពុជា-ជប៉ុន នៅឆ្នាំ១៩៥៥។ ទំនាក់ទំនងនេះ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរក្នុងរយៈពេលជាង៦៧ឆ្នាំមកនេះ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្រិតទ្វេភាគីនិងពហុភាគី ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រាស័យទាក់ទងរវាងប្រជាជនប្រទេសទាំងពីរ ទោះមានការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកយ៉ាងណាក៏ដោយ។
តាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា គិតក្នុងរយៈពេល ៦ឆ្នាំ កន្លងមក ពោលគឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ជប៉ុនបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា មានជាង ១.៦០០ លានដុល្លារអាមេរិក ប្រាក់កម្ចីមានការប្រាក់ប្រមាណ ៣៤៥ លានដុល្លារអាមេរិក និងជំនួយលើកិច្ចសហប្រតិបត្តិការបច្ចេកទេសមានប្រមាណ ៩០០ លានដុល្លារអាមេរិក។ ជំនួយអភិវឌ្ឍន៍របស់ជប៉ុនដែលបានផ្ដល់មកឲ្យកម្ពុជា គឺមានភាគច្រើន ផ្ដោតទៅលើវិស័យអាទិភាពចំនួន ៣ រួមមាន ការអភិវឌ្ឍលើវិស័យឧស្សាកម្ម ការធ្វើឲ្យគុណភាពនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង និងការជំរុញគាំទ្រនិរន្តរភាពសង្គម តាមរយៈការពង្រឹងអភិបាលកិច្ច៕