ការកែប្រែតួលេខសម្រាប់ផលិតផលក្នុងស្រុកសរុប(GDP) ដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យរបស់ជប៉ុននេះ បានធ្លាក់ចុះតិចតួចពីការព្យាករជាមធ្យមរបស់ក្រុមសេដ្ឋវិទូ ដែលរំពឹងសម្រេចបានកំណើន១,១% ដែលត្រូវបានធ្វើឡើងក្នុងការស្ទង់មតិមួយ។ ទិន្នន័យថ្មីនេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់ជប៉ុន ដែលឥឡូវនេះជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ ក្នុងពិភពលោក បានជៀសផុតពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែការចំណាយខ្លាំងជាងការរំពឹងទុករបស់ក្រុមហ៊ុនទៅលើរោងចក្រ និងឧបករណ៍មួយចំនួន។
ជាមួយគ្នានេះ ការចំណាយមូលធនរបស់ជប៉ុន បានកើនឡើង២% នៅត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសមុននោះ ដោយមានភាពល្អប្រសើរជាងការប្រកាសរបស់រដ្ឋាភិបាលនៅមុននោះ ដែលថានឹងមានការធ្លាក់ចុះ០,១%។ ប៉ុន្តែវានៅតែទាបជាងការព្យាករទីផ្សារដែលថា ជាមធ្យមនឹងមានកំណើន២,៥%។
ការកែប្រែតួលេខកំណើនរបស់ជប៉ុននេះ បានកើតឡើងចំពេលមានការរំពឹងទុករបស់ទីផ្សារកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលជប៉ុន អាចលុបចោលអត្រាការប្រាក់អវិជ្ជមានឆាប់បំផុតនៅខែនេះ និងមួយផ្នែកដោយសារសមាជិកក្រុមប្រឹក្សាលើកឡើងថា ប្រទេសជប៉ុន កំពុងឆ្ពោះទៅរកគោលដៅអតិផរណា២% តាមការកំណត់របស់ធនាគារកណ្តាល។ ធនាគារកណ្ដាលជប៉ុន គ្រោងនឹងបើកកិច្ចប្រជុំកំណត់គោលនយោបាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនដែលបង្កើតបានប្រហែល៦០%នៃសេដ្ឋកិច្ចរបស់ជប៉ុននោះបានធ្លាក់ចុះ០,៣% នៅក្នុងត្រីមាសចាប់ពីខែតុលា ដល់ខែធ្នូ ពោលគឺបានធ្លាក់ចុះទាបជាងការប៉ាន់ប្រាមាណពីដំបូងទៅទៀត ដែលថានឹងមានការធ្លាក់ចុះត្រឹមតែ០.២%ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា