ពួកគេបានបង្ហាញការបារម្ភចំពោះការរីកដុះដាលនៃល្បែងអនឡាញនៅកម្ពុជាក្នុងការធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម និងការវិនិយោគរបស់ខ្លួននៅកម្ពុជា។ តើក្រុមអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការបារម្ភរបស់វិនិយោគិនជប៉ុន លើល្បែងអនឡាញក្នុងការធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ពួកគេ?
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នបញ្ហាល្បែងអនឡាញមិនទាន់ជះផលអវិជ្ជមានខ្លាំងនៅឡើយនោះទេ មកលើវិស័យវិនិយោគនៅកម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះបានចាត់ទុកការបង្ហាញក្តីបារម្ភរបស់វិនិយោគិនជប៉ុន លើបញ្ហារីកដុះដាលល្បែងអនឡាញនៅកម្ពុជា ក្នុងការធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិត និងការវិនិយោគរបស់ពួកគេ គឺជារឿងត្រឹមត្រូវ និងគួរពិចារណា។
សម្រាប់អ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា ប្រសិនបើល្បែងអនឡាញរីករាលដាលដល់តំបន់សេដ្ឋកិច្ចពិសេស ហើយគ្មានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រូបនេះ ស្នើដល់រាជរដ្ឋាភិបាល ត្រូវមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះបញ្ហានេះ ដើម្បីចៀសវាងបង្កផលប៉ះពាល់ដល់ការវិនិយោគរបស់កម្ពុជានាពេលខាងមុខ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរីកសាយភាយនៃល្បែងអនឡាញក្នុងស្រុក ពិតជាអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក បើសិនគ្មានលក្ខខណ្ឌកំណត់ឲ្យបានសមស្រប។
សម្រាប់បណ្ឌិត គី សេរីវឌ្ឍន៍ ការរីករាលដាលនៃល្បែងអនឡាញ និងកំណើននៃកាស៊ីណូហាក់មិនសូវមានការជាប់ពាក់ព័ន្ធគ្នាខ្លាំងជាមួយស្ថានភាពវិនិយោគប៉ុន្មានឡើយ។ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលវិស័យល្បែងអនឡាញក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង នឹងអាចធ្វើឲ្យពលរដ្ឋកម្ពុជាងាយនឹងធ្លាក់ចូលក្នុងវិស័យល្បែង ដែលធ្វើឲ្យកម្ពុជាអាចបាត់បង់កម្លាំងពលកម្មនឹងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីការរីកដុះដាលនៃល្បែងអនឡាញ និងកំណើនកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិនិយោគិនបរទេស ក៏បានបង្ហាញក្តីបារម្ភចំពោះបញ្ហាប្រព័ន្ធទឹក-ភ្លើង ផងដែរ ដែលអាចបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៅកម្ពុជា។ ជាការឆ្លើយតបនូវបញ្ហាខាងលើឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការដោះស្រាយលើបញ្ហាប្រព័ន្ធទឹក-ភ្លើង នេះឲ្យបានឆាប់។
ដោយឡែក ទាក់ទិននឹងការរីកដុះដាលនៃល្បែងអនឡាញ និងកំណើនកាស៊ីណូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស៕