ទំនាក់ទំនងទ្វេភាគី

កម្ពុជា-ម៉ាឡេស៊ី ឯកភាពសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតាមបាតសមុទ្រ និងពង្រីកការហោះហើរ ត្រង់ជាមួយគ្នា


កម្ពុជា-ម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតាមបាតសមុទ្រ និងពង្រីកការហោះហើរត្រង់ជាមួយគ្នា ក្នុងគោលបំណងរឹតចំណងមិត្តភាព បង្កើនទំនាក់ទំនងទ្វេភាគី និងជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នា។
ទំនាក់ទំនងទ្វេភាគី
ដោយ

ការឯកភាពនេះធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជាមួយលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តីនៃកម្ពុជាកន្លងមក នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

តបតាមការអញ្ជើញរបស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីរយៈពេលមួយថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី សមភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរ។

វិស័យដែលភាគីទាំងពីរប្តេជ្ញាពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរនោះរួមមានវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

បន្ថែមលើនេះ សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជាមួយចំនួន រួមទាំងខេត្តសៀមរាបផងដែរ។ ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរបានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។

ដោយឡែក ពាក់ព័ន្ធវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពជួយគាំទ្រលើការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រ ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

ជាងនេះទៅទៀត សមភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា ក្រៅពីពិភាក្សាលើពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ក៏បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយចំនួនផងដែរ ដោយផ្ដោតសំខាន់លើវិស័យធនាគារ និងវិនិយោគ។

លើសពីនេះ សម្ដេចធិបតី បានអញ្ជើញធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ ដោយក្នុងកម្មវិធីនោះ សម្ដេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះស្ដីពី«គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ម៉ាឡេស៊ី ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពាណិជ្ជថ្មី «ខេប៊ីប្រាសាក់ ម.ក» ប្រកាសបើកសម្ពោធជាផ្លូវការហើយ!

ព័ត៌មាន
ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិ…

កម្ពុជាគ្រោងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការនាំចេញ

ព័ត៌មាន
ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ