មន្ទីរពេទ្យេខេត្តសៀមរាប គឺជាមន្ទីរពេទ្យដ៏សំខាន់មួយ ក្នុងចំណោមមន្ទីរពេទ្យធំៗ នៅក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែទទួលអ្នកជំងឺពីក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ពោលខេត្តជុំវិញចំនួន ៦ ក៏តែងតែមកទទួលសេវាព្យាបាលដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃតម្រូវការផ្នែកសុខាភិបាលនៅក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់ម្គាល់ ដែលទាមទារយ៉ាងចាំបាច់ ក្នុងការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសុខាភិបាលយ៉ាងគំហុកនេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានគូសបញ្ជាក់ថា គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពិតជាចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តសៀមរាប ជាពិសេសអាចបម្រើសេវាជូនបងប្អូន មិនចំពោះតែខេត្តសៀមរាបប៉ុណ្ណោះទេ ខេត្តផ្សេងៗក៏អាចទទួលសេវាពីមន្ទីរពេទ្យនេះផងដែរ។ លោកបានចាត់ទុកគម្រោងកែលម្អនេះ គឺជាការឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេវាសុខាភិបាលនៅកម្ពុជា។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ទាំងបច្ចេកវិទ្យា សម្ភារបរិក្ខាពេទ្យកម្រិតស្ដង់ដានៃអគារមន្ទីរពេទ្យដ៏ថ្មីសន្លាងនេះ មិនចាញ់មន្ទីរពេទ្យនៅក្រៅប្រទេសនោះឡើយ។ ការកែលម្អមន្ទីរពេទ្យនេះទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជឿជាក់ថា អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។ បើតាមអនុប្រធានមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យរូបនេះ ក្រៅពីបំពាក់ឧបករណ៍ និងសម្ភារទំនើប មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានលើកកម្ពស់ធនធានក្នុងស្រុក ពោលគឺបុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ទើរ១០០ភាគរយ សុទ្ធសឹងជាអ្នកដែលរស់នៅក្នុងខេត្តសៀមរាប ផ្ទាល់តែម្ដង។ វេជ្ជបណ្ឌិតតាមឯកទេសនីមួយៗ សុទ្ធសឹងតែជាធនធានដែលប្រកបដោយសក្ដានុពល និងបានបញ្ចប់ការសិក្សាពីក្រៅប្រទេសតាមជំនាញរៀងៗខ្លួន។ អនុប្រធានមន្ទីរពេទ្យបង្អែករូបនេះ កត់សម្គាល់ឃើញថា បច្ចុប្បន្ន វិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើន និងមិនចាញ់ប្រទេសដទៃឡើយទាំងបច្ចេកវិទ្យា និងធនធានមនុស្ស។
សូមបញ្ជាក់ថា ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តជុំវិញ និងលើកកម្ពស់លទ្ធភាពក្នុងការមកទទួលសេវាសុខាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថានសុខាភិបាល និងបរិក្ខារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យស្រុកចំនួនបួន តាមរយៈការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាងផងដែរ៕