ជប៉ុន-ឥណ្ឌា-ចិន

ជប៉ុន និងឥណ្ឌាខិតចូលជិតគ្នាកាន់តែខ្លាំងឡើងលើវិស័យយោធា ចំពេលឥទ្ធិពលចិនកំពុងរីកសាយ


ប្រទេសយក្សសេដ្ឋកិច្ច ជប៉ុន និងឥណ្ឌាបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែ កញ្ញាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើសន្តិសុខដែនសមុទ្រ រួមទាំងការពង្រីកសមយុទ្ធរួមគ្នា និងបង្កើតកិច្ចសន្ទនាការពារជាតិកម្រិតខ្ពស់ ខណៈដែលចិនកំពុងបង្កើនឥទ្ធិពលនៅជិតរបងផ្ទះប្រទេសទាំងពីរនេះកាន់តែខ្លាំងឡើងៗដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ជប៉ុន និងឥណ្ឌាខិតចូលគ្នាកាន់តែខ្លាំងឡើយ
ដោយ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក​យ៉ូស្សីមាសា (Yoshimasa Hayashi) ជាមួយរដ្ឋមន្ត្រី​ការពារជាតិ លោកយ៉ាសូកាហ្សូ (Yasukazu Hamada) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកចៃសានកា (Subrahmanyam Jaishankar) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោករ៉ាចណាត សីង (Rajnath Singh) នៅទីក្រុងតូក្យូ​ក្នុង​កិច្ចពិភាក្សា «ពីរបូកពីរ» របស់ខ្លួន។

រដ្ឋមន្ត្រីទាំងបួនរូប​បាន​បញ្ជាក់ឡើងវិញ ពីការប្រឆាំង​របស់ខ្លួន​ចំពោះ​ការប៉ុនប៉ង​ផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកដោយ​ឯកតោភាគី ពីសំណាក់ប្រទេសចិនក្នុងការពង្រីកដែនសីមា​របស់ខ្លួន​នៅក្នុង​សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

ក្នុងសេចក្តីថ្លែងការណ៍រួម​មួយ​ក្រោយកិច្ចប្រជុំ ភាគីជប៉ុនបាន​គូសបញ្ជាក់អំពីផែនការ​ពង្រឹង​សមត្ថភាពការពារខ្លួនរយៈពេល​ប្រាំឆ្នាំ រួមទាំងសមត្ថភាពក្នុង​វាយបកផងដែរ។ រីឯប្រទេសឥណ្ឌា ក៏បានបង្ហាញពីការគាំទ្រ​របស់ខ្លួនឆ្ពោះទៅរកការពង្រឹង​កិច្ចសហប្រតិបត្តិលើ​វិស័យយោធា និងសន្តិសុខដូចគ្នា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏ត្រូវបានគេ​រំពឹងថា នឹងទៅជួបជាមួយ​នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងអំឡុងពេលលោកនឹងទៅចូលរួមពិធីបុណ្យសពអតីតមេដឹកនាំ​ជប៉ុន លោក Shinzo Abe នៅថ្ងៃទី ២៧ ខែ កញ្ញា ខាងមុខផងដែរ។

មែនទែនទៅ ក្នុងពេលថ្មីៗនេះ ប្រទេសជប៉ុន និងឥណ្ឌាកំពុងខិតជិតគ្នា​លើវិស័យយោធា និងសន្តិសុខជាងពេលណាណា​ទាំងអស់ ដោយមើលឃើញពីការពង្រីកខ្លួន​របស់យោធាចិន​ក្នុងសមុទ្រចិន​ខាងត្បូង ពិសេសភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ រហូតដល់រឿងរ៉ាវ​ដ៏ចម្រូងចម្រាស់​នៃកប៉ាល​យោធាចិន ដែលបានចុះចតនៅកំពង់​ផែស្រីលង្កាកាលពីខែមុន ដែលជាបញ្ហាដ៏រសើបសម្រាប់ឥណ្ឌា។

លើសពីនេះ ជប៉ុនក៏​ចង់​ទប់ទល់​​ទំនាក់ទំនង​​ជិតស្និទ្ធ​​របស់​​ឥណ្ឌា​ជាមួយ​រុស្ស៊ី​ផងដែរ ខណៈដែលប្រទេសចិន និងរុស្ស៊ីកាន់តែ​មានភាពជិតស្និទ្ធ​ផ្នែក​យោធានោះ ជប៉ុន និងសហរដ្ឋអាមេរិកផ្ទុយ​ទៅវិញមាន​ការព្រួយបារម្ភថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងឥណ្ឌាអាចធ្វើឲ្យ​ខូចខាត​នូវតុល្យភាពអំណាចយោធា​បច្ចុប្បន្ន​នៅតំបន់អាស៊ីបូព៌ា។ ហេតុអ្វី? នោះក៏ដោយសារគេមើលឃើញថា រុស្សីបានផ្គត់ផ្គង់សម្ភារៈយោធាជាង​ពាក់កណ្តាល​ទៅឲ្យ​ឥណ្ឌាក្នុងរយៈពេល​ប្រាំឆ្នាំចុងក្រោយនេះ ហើយនៅពេលថ្មីៗនេះ ឥណ្ឌាក៏បានចូលរួម​សមយុទ្ធវុស្តុក (Vostok 2022) ដែលដឹកនាំដោយ​រុស្សីផងដែរ។

ទោះយ៉ាងណា​ ទីក្រុងញូដេលីវិញ​សម្លឹងឃើញថា ការចងទំនាក់ទំនងជាមួយរុស្សី គឺជាគន្លឹះដ៏សំខាន់ក្នុងការត្រួតពិនិត្យ​មើល​ទីក្រុងប៉េកាំង ក៏ព្រោះតែទំនាក់ទំនង​រវាងញូដេលី និងទីក្រុងប៉េកាំងនៅ​តែជាប់គាំង​មកទល់​នឹងពេលនេះ ដែលបណ្តាលមក​ពី​ការប៉ះទង្គិចគ្នានៅតាមព្រំដែន និងឥទ្ធិពលចិនកំពុងតែរះឡើងនៅប៉ាគីស្ថាន និងស្រីលង្កាជាដើម។

ទន្ទឹមនឹងនេះ ឥណ្ឌាក៏ក្រឡេកឃើញថា កិច្ចសហប្រតិបត្តិការ​ជាមួយជប៉ុន និងសហរដ្ឋអាមេរិក ក៏ជាមធ្យោបាយមួយ ដើម្បីទប់ទល់នឹងការពង្រីកខ្លួន​របស់ចិននៅដែន​សមុទ្រ​តែម្តង ហើយប្រទេសជប៉ុនសង្ឃឹមថា កិច្ចសន្ទនាសន្តិសុខ​ចតុភាគី Quad ដែលរួមមាន​សហរដ្ឋអាមេរិក និងអូស្ត្រាលីផងនោះ នឹងចងឥណ្ឌានៅក្នុងវិស័យសន្តិសុខ ដូចជាការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាទំនើបផងដែរ៕




អត្ថបទបន្ទាប់


ថៃបានអនុម័តថវិកាចំនួនជាង ៤ពាន់លានដុល្លារ គាំទ្រគម្រោងផ្ដួចផ្ដើមជួយកសិករដាំដុះស្រូវ

គណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករជាតិរបស់ថៃបានអនុម័តនៅថ្ងៃទី ៨ខែកញ្ញា ក្នុងការផ្តល់ថវិកាចំនួន ១៥០ ពាន់លានបាត ឬប្រហែលជាង ៤ព…

«ដាណន់» បង្កើតការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងនាមជានិយោជកឆ្នើម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា, ដាណន់កម្ពុជា ទទួលបានពានរង្វាន់និយោជកឆ្នើមអាស៊ីឆ្នាំ២០២២

ដាណន់កម្ពុជា (Danone Cambodia) បានទទួលបានពាន់រង្វាន់និយោជកឆ្នើមក្នុងចំណោមពានរង្វាន់ចំនួន៧ ឈ្នះដោយ៤ ប្រទេសរបស់ដាណន់ អាស៊ីអាគ្នេយ៍ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ