ការស៊ើបអង្កេតលើកម្មវិធីលើ TikTok

សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធបើកការស៊ើបអង្កេតលើកម្មវិធីលើ TikTok


ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក និង មន្ត្រីកំពូលមកពីគណបក្សសាធារណរដ្ឋបានអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បើកការស៊ើបអង្កេតលើកម្មវិធី វីដេអូខ្លី TikTok និង ក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ដោយសារការសាងកំហុសដដែលៗម្តងហើយម្តងទៀត ជុំវិញការចូលទៅប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ការស៊ើបអង្កេតលើកម្មវិធីលើ TikTok

បើយោងតាមលិខិតកាលពីថ្ងៃអង្គារ ទី ៥ ខែកក្កដា ពីសមាជិកព្រឹទ្ធសភាលោក Mark Warner មកពីគណបក្សប្រជាធិបតេយ្យ និង លោក Marco Rubio មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា កម្មវិធីវីដេអូខ្លី TikTok បានអនុញ្ញាតឱ្យបុគ្គលិកអភិឌ្ឍកម្មវិធីរបស់ខ្លួន និង នាយកប្រតិបត្តិក្នុងប្រទេសចិនចូលប្រើទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិកម្តងហើយម្តងទៀត។ សមាជិកព្រឹទ្ធសភាទាំង ២ រូបនេះ បាននិយាយថា ការចូលប្រើបែបនេះ គឺវាបានផ្ទុយស្រឡះទៅនឹងការអះអាងរបស់ TikTok ទៅកាន់សមាជិកសភា និង អ្នកប្រើប្រាស់អាមេរិកដែលថា ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានការពារ។ សមាជិកព្រឹទ្ធសភាបានសរសេរថា ដោយមានការបំភាន់ម្តងហើយម្តងទៀតរបស់កម្មវិធី TikTok ទាក់ទងនឹងសុវត្ថិភាពទិន្នន័យ ដំណើរការទិន្នន័យ និង ការអនុវត្តអភិបាលកិច្ចសាជីវកម្ម សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យប្រធានគណៈកម្មការពាណិជ្ជកម្មសហព័ន្ធធ្វើសកម្មភាពភ្លាមៗលើបញ្ហានេះ។

យ៉ាងណាមិញ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានបញ្ចាក់ថា ខ្លួនបានទទួលសារលិខិតនេះហើយ ប៉ុន្តែមិនទាន់ផ្តល់ការអត្ថាធិប្បាយឆ្លើយតបនៅឡើយទេ។

ថ្វីបើបែបនេះក្តី កម្មវិធី TikTok បានអះអាងកាលពីថ្ងៃអង្គារថា ការចូលប្រើទិន្នន័យ គឺស្ថិតនៅក្រោមការគ្រប់គ្រង និងការពារយ៉ាងរឹងមាំ ដែលស្ថិតក្រោមការត្រួតពិនិត្យ ដោយក្រុមសន្តិសុខដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ការអះអាងបែបនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងលិខិតរបស់សមាជិកព្រឹទ្ធសភា ដើម្បីបញ្ជាក់ថាកម្មវិធី TikTokមិនដែលបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលចិនឡើយ។

មែនទែនទៅ កាលពីសប្តាហ៍មុនកម្មវិធី TikTok បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ខ្លួនកំពុងធ្វើការលើកិច្ចព្រមព្រៀងចុងក្រោយជាមួយរដ្ឋបាលលោក Biden ដែលនឹងការពារទិន្នន័យអ្នកប្រើប្រាស់ និង ផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកយ៉ាងពេញលេញ។ TikTok បានទទួលស្គាល់នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកដែលមានមូលដ្ឋាននៅប្រទេសចិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិកបានមែន ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រងសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ។ នាយកប្រតិបត្តិTikTok លោក Shou Zi Chew បានប្រាប់សមាជិកព្រឹទ្ធសភាថា ខ្លួនកំពុងធ្វើការជាមួយម៉ាស៊ីនមេផ្ទុកទិន្ទន័យរបស់ក្រុមហ៊ុន Oracle Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកលើការគ្រប់គ្រងសុវត្ថិភាពទិន្នន័យកម្រិតខ្ពស់ថ្មី ដែលនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរជម្រាបថា ភាពចម្រុងចម្រាសនេះ មានរយៈពេលជិត ២ ឆ្នាំហើយចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនមេ ByteDance ដកហូតកម្មវិធី TikTok ចេញពីសហរដ្ឋអាមេរិក ដោយសារតែការភ័យខ្លាចថាទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។

ក្រោមហេតុផល សុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់នេះដែរ ស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FCC ថ្មីៗនេះ ក៏ទើបតែបានបានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Google អនុវត្តដកកម្មវិធី TikTok ដែលជារបស់ក្រុមហ៊ុនចិន បាយដេនស៍ (ByteDance) ចេញពីប្រព័ន្ធកម្មវិធី Play Store និង App Store របស់អាមេរិកផងដែរ៕




អត្ថបទបន្ទាប់


វៀតណាម និងកូរ៉េខាងត្បូង ដាក់គោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម និង កូរ៉េខាងត្បូង បានដាក់គោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យបានដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣ខា…

ពិធីចុះកិច្ចព្រមព្រៀងសហការ រវាង មាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) ហ្គោលដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក ( GC Property)

ព័ត៌មាន
រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ