ប្រទេសទាំង ៣ នេះនឹងនាំយកបច្ចេកវិទ្យារបស់ពួកគេច្របាច់បញ្ចូលគ្នាដើម្បីបង្កើតបានផលិតផលរួមគ្នាថ្មីមួយ ខណៈដែលក្រុងតូក្យូកំពុងស្ថិតក្នុងដំណើរការបន្ធូរបន្ថយច្បាប់សម្រាប់ការនាំចេញសព្វាវុធ ហើយសង្ឃឹមថា នឹងអាចភ្ជាប់ទំនាក់ទំនងដែលចក្រភពអង់គ្លេស និងអ៊ីតាលីត្រូវលក់យន្តហោះទៅប្រទេសផ្សេងទៀត។
តាមគម្រោងការណ៍នេះ គឺយន្តហោះចម្បាំងប្រភេទ F-X ថ្មីដែលទទួលផលិតដោយក្រុមហ៊ុនជប៉ុន Mitsubishi នោះ នឹងត្រូវជំនួយឱ្យយន្តហោះចម្បាំងចាស់ ប្រភេទ F-2 ដែលកាលពីមុនប្រទេសជប៉ុនបានអភិវឌ្ឍជាមួយសហរដ្ឋអាមេរិក។
យន្តហោះចម្បាំងប្រភេទ F-X របស់ជប៉ុន និងប្រភេទ Tempest របស់ចក្រភពអង់គ្លេសដែលបានបន្តវេនពីយន្តហោះចម្បាំងទីហ្វុង Eurofighter នោះ នឹងត្រូវដាក់បញ្ចូលគ្នា ដើម្បីផលិតចេញឱ្យទៅជាយន្តហោះចម្បាំងថ្មីចុងក្រោយបង្អស់មួយសម្រាប់ប្រើប្រាស់នៅឆ្នាំ២០៣៥។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យប្រទេសជប៉ុននូវការគាំទ្រកាន់តែច្រើនក្នុងការទប់ទល់នឹងឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន ហើយវាក៏នឹងបង្កើតឱកាសសម្រាប់ចក្រភពអង់គ្លេសក្នុងការបង្កើនវត្តមានកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
ការប្រកាសពីការអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នានៅថ្ងៃទី៩ខែធ្នូនេះ គឺបានកើតឡើងនៅរយៈពេល៤ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រកាសពីគោលដៅចំណាយក្នុងបំណងកសាងសមត្ថភាពយោធារបស់ប្រទេសជប៉ុន រួមទាំងការបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ដើម្បីឆ្លើយតបនឹងការចំណាយសរុបរយៈពេល ៥ ឆ្នាំនូវថវិកាចំនួន ៤៣ ពាន់ពាន់លានយ៉េនប្រហែល ៣១៦ ពាន់លានដុល្លារនេះ រាជរដ្ឋាភិបាលជប៉ុននឹងត្រូវការថវិកាបន្ថែម ៣០ ពាន់លានដុល្លារ ក្នុងការចំណាយលើវិស័យការពារជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមថវិកាទាំងនោះ គឺថវិកា ១ ភាគ៤គឺបានមកពីការមូលនិធិតាមរយៈការដំឡើងពន្ធ។
កំណែទម្រង់យុទ្ធសាស្ត្រសន្តិសុខជាតិដែលគ្រោងនឹងចេញផ្សាយនៅចុងខែនេះ ត្រូវគេព្យាករថាវានឹងអនុញ្ញាតឱ្យប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ មានសមត្ថភាពវាយប្រហារទប់ស្កាត់ជាមុន និងអាចដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយនោះគឺជាការផ្លាស់ប្តូរដ៏សំខាន់ និងដ៏ចម្រូងចម្រាសមួយ ដែលឃ្លាតឆ្ងាយពីគោលនយោបាយគ្រាន់តែការពារខ្លួនរបស់ជប៉ុន ដែលត្រូវបានអនុម័តបន្ទាប់ពីបានចាញ់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥។
ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងតែកើនឡើងពីប្រទេសចិន និងកូរ៉េខាងជើងនោះ ប្រទេសជប៉ុនបាននិងកំពុងពង្រីកភាពជាដៃគូការពារជាតិរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមទាំងប្រទេសអូស្ត្រាលី និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងជាមួយបណ្ដាលប្រទេសអឺរ៉ុបផងដែរ៕
អត្ថបទ ៖ សុខ ជា