គម្រោងអភិវឌ្ឍន៍បណ្ដាញបច្ចេកវិទ្យា 6G នេះត្រូវបានរំពឹងទុកថា នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០៣០ ខណៈដែលបណ្ដាញ 6G ត្រូវបានគេរំពឹងថា នឹងមានល្បឿនលឿនជាង ១០ ដង បើធៀបនឹង 5G ដែលពិភពលោកកំពុងមានប្រើប្រាស់នាពេលបច្ចុប្បន្ន។
បណ្ដាញបច្ចេកវិទ្យាជំនាន់ទី៦ ឬហៅ 6G នេះ ដែលមានសមត្ថភាពខ្ពស់ ជាមួយនឹងល្បឿនប្រើប្រាស់លឿនជាង 5G ដល់ទៅ១០ដងនោះ វាអាចនឹងត្រូវបានគេយកទៅប្រើប្រាស់ពេញលេញលើ បច្ចេកវិទ្យារថយន្ដបើកបរដោយស្វ័យប្រវត្តិ ហើយសម្រាប់វិស័យវេជ្ជសាស្ត្រវិញ វាអាចនឹងត្រូវគេយកទៅប្រើប្រាស់សម្រាប់ការវះកាត់ពីចម្ងាយ ដែលត្រូវការការបញ្ជូនទិន្នន័យលឿននិងទំហំធំ ជាមួយនឹងផលរំខានតិចតួចបំផុត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។
យ៉ាងណាក៏ដោយចុះ ការចាប់យកគំនិតផ្តួចផ្តើមនូវការដំឡើងបណ្តាញ 6G នេះ បង្ហាញពីជំហរប្រកួតប្រជែងដ៏រឹងមាំរបស់ប្រទេសជប៉ុន ប៉ុន្តែការកំណត់គោលដៅជាក់លាក់ គឺ អាចមានផលពិបាក បើគ្មានការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីផ្ដល់នូវមូលដ្ឋានគ្រឹះទិន្នន័យទេនោះ។
ទោះជាយ៉ាងណាក្តី សេចក្តីព្រាងសំណើលើការអភិវឌ្ឍបច្ចេកវិទ្យា 6G របស់ជប៉ុននេះ នឹងរួមបញ្ចូលតម្រូវការជាក់លាក់ចំពោះការអភវិឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធានាថាបណ្ដាញ 6G មានសុវត្ថិភាព អាចទុកចិត្តបាន និងត្រឹមត្រូវតាមស្ដងដារប្រើប្រាស់របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។
គួរជម្រាបថា សំណើរបស់ជប៉ុន ទាក់ទងនឹងការអភិវឌ្ឍបណ្ដាញ 6G នឹងត្រូវដាក់ជូនកិច្ចប្រជុំនៃក្រុមការងារនៅក្នុងសហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅក្នុងខែមិថុនាខាងមុខនេះ ដោយក្រុមការងារជប៉ុននៃរាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងបង្កើតលក្ខខណ្ឌបច្ចេកទេសសម្រាប់បណ្តាញ 6G នៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ និងរំពឹងថា នឹងអាចដាក់ឲ្យប្រើប្រាស់បណ្ដាញបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតនេះ នៅឆ្នាំ២០៣០ខាងមុខ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន