ជប៉ុនគ្រោងបណ្ដុះបណ្ដាលកម្មករវ័យកណ្ដាលឱ្យជួយផ្នែកបច្ចេកវិទ្យា

ជប៉ុនដែលកំពុងខ្វះកម្លាំងពលកម្ម គ្រោងបណ្តុះបណ្តាលកម្មករវ័យកណ្ដាលឱ្យជួយផ្នែកបច្ចេកវិទ្យា


ប្រទេសជប៉ុនកំពុងងាកទៅរកកម្មករវ័យកណ្តាល ដើម្បីជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការដាក់ចេញកម្មវិធីហ្វឹកហាត់ការងារសាកល្បង ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំក្រោយ សម្រាប់អ្នកដែលមានក្តីប្រាថ្នាចង់ផ្លាស់ប្តូរអាជីពរបស់ពួកគេ។
ជប៉ុនគ្រោងបណ្ដុះបណ្ដាលកម្មករវ័យកណ្ដាលឱ្យជួយផ្នែកបច្ចេកវិទ្យា

ក្រសួងការងាររបស់ជប៉ុនរំពឹងថា នឹងមានក្រុមហ៊ុនប្រមាណ៦០ក្រុមហ៊ុនចូលរួមអនុវត្តកម្មវិធីមួយនេះ។ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបានព្យាករថា ជប៉ុននឹងប្រឈមនឹងខ្វះកម្លាំងពលកម្មប្រមាណ៨០ម៉ឺននាក់នៅឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
គំនិតផ្តួចផ្តើមថ្មីស្នើឡើងដោយក្រសួងការងាររបស់ជប៉ុននេះនឹងផ្តោតលើកម្មករឧស្សាហកម្មដែលគ្មានជំនាញបច្ចេកវិទ្យា រួមទាំងអ្នកដែលមានអាយុខ្ទង់៤០ និង៥០ឆ្នាំផងដែរ ដើម្បីឱ្យពួកគេទទួលបានការបណ្តុះបណ្តាលខ្លះៗ ដើម្បីក្លាយជាវិស្វករផ្នែកទន់ និងអ្នកសរសេរកូដកម្មវិធីផងដែរ។អ្នកហាត់ការនឹងត្រូវបញ្ជូនទៅតាមក្រុមហ៊ុន ដែលបានចូលរួមក្នុងកម្មវិធីនេះសម្រាប់រយៈពេលហាត់ការរហូតដល់៦ខែ ដោយក្នុងរយៈពេលនោះពួកគេ នឹងរៀនធ្វើការងារតាមការចង្អុលបង្ហាញរបស់គ្រូបង្គោលតាមរយៈកម្មវិធីសិក្សានេះ។

ក្រសួងការងាររំពឹងថា ក្រុមហ៊ុនប្រហែល៦០នឹងចូលរួមនៅក្នុងកម្មវិធីនេះ ដែលនឹងត្រូវបង្កើតឡើងដោយឈរលើមូលដ្ឋានសាកល្បង ហើយអ្នកហាត់ការងារ ក៏នឹងទទួលបានប្រាក់ឈ្នួលសម្រាប់ការងាររបស់ពួកគេផងដែរ។
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបានព្យាករថា ជប៉ុននឹងប្រឈមមុខនឹងកង្វះកម្មកររហូតដល់៨០ម៉ឺននាក់នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅក្នុងឆ្នាំ២០៣០។ កម្មវិធីថ្មីនេះមានគោលបំណងជួយសម្រាលការខ្វះខាតនេះ ដើម្បីជួយជំរុញឧស្សាហកម្មនេះឱ្យកាន់តែរីកចម្រើនថែមទៀតតាមរយៈការលើកទឹកចិត្តដល់កម្មករវ័យចាស់ដែលជាធម្មតាមានការលំបាកក្នុងការចូលប្រឡូកក្នុងវិស័យថ្មីនេះ។
មនុស្សប្រហែលជាង២ពាន់នាក់ ដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថា នឹងទទួលបានការហ្វឹកហាត់ការងារតាមរយៈកម្មវិធីនេះក្នុងពេលសាកល្បងរយៈពេល២ឆ្នាំដំបូង នៃកម្មវិធីនេះ ហើយបើជោគជ័យមែន ក្រសួងការងារនឹងមានគោលដៅដាក់ឱ្យដំណើរការពេញលេញតែម្ដង។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ចាត់ទុកវិស័យឌីជីថលជាអាទិភាពសេដ្ឋកិច្ច ហើយកំពុងសម្លឹងមើលការជំរុញបង្កើនការវិនិយោគលើវិស័យនេះឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្រសួងការងារបានស្នើសុំថវិកាប្រហែលជាង១ពាន់លានដុល្លារ សម្រាប់ការបណ្តុះបណ្តាលឡើងវិញ និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតនៅក្នុងថវិកាសារពើពន្ធឆ្នាំ២០២៤ ដែលមួយផ្នែកនឹងប្រើសម្រាប់កម្មវិធីថ្មីនេះ។
កម្មករវ័យកណ្តាល និងវ័យចាស់កាន់តែច្រើនឡើងនៅប្រទេសជប៉ុនកំពុងស្វែងរកការផ្លាស់ប្តូរអាជីពការងាររបស់ពួកគេ ខណៈដែលការធ្លាក់ចុះនូវការអនុវត្តជាប្រពៃណីដូចជាការងារពេញមួយជីវិត និងប្រព័ន្ធផ្អែកលើប្រាក់អតីតភាពការងារមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង។
បើតាមទិន្នន័យរបស់រដ្ឋាភិបាល ចំនួនមនុស្សដែលមានអាយុពី៤៥ទៅ៦៤ឆ្នាំ ដែលកំពុងស្វែងរកការផ្លាស់ប្តូរការងារជាមធ្យមជាង៣លាននាក់កាលពីឆ្នាំមុន កើនឡើង២៧% បើធៀបនឹងរយៈពេល៤ឆ្នាំមុន ដែលវាបានកើនឡើងលឿនជាងក្រុមអាយុផ្សេងទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហ្វីលីពីនចោទចិនថាបានយាយីអ្នកនេសាទខ្លួន និងបានពង្រាយរបាំងបណ្តែតក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

ភាពតានតឹងនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង រវាងចិន និងហ្វីលីពីនកើតឡើងជាថ្មីម្តងទៀត។ ហ្វីលីពីនកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ឆ្មាំឆ្នេរសម…

ថៃរំពឹងអាចនាំក្រុមហ៊ុនអាមេរិកធំៗ៣ មកដាក់ទុនវិនិយោគរហូតដល់៥ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវេស៊ីង បាននិយាយកាលពីថ្ងៃអាទិត្យថា រាជាណាចក្រដែលមានពលរដ្ឋប្រមាណជា៧០លាននាក់នេះរំពឹងថា នឹងទទួលបានការវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ