បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

ជំនួបត្រីភាគីរវាងមេដឹកនាំអាមេរិកជប៉ុន និងកូរ៉េខាងត្បូង នៅកម្ពុជា បានជជែកស៊ីជម្រៅលើបញ្ហារសើប និងបញ្ហាក្ដៅអ្វីខ្លះ?


ថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកា បានព្រមព្រៀងគ្នាចាត់វិធានការ ជាដំណោះស្រាយឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ស្របពេលដែលភាពតានតឹងបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ជុំវិញការសាកល្បងកាំជ្រួចមីស៊ីលរបស់របបទីក្រុងព្យុងយ៉ាង។
អាមេរិកជប៉ុនកូរ៉េសន្យាឆ្លើយតបរួមគ្នាបើព្យុងយ៉ាងសាកល្បងនុយក្លេអ៊ែរម្តងទៀត!

ការព្រមព្រៀងគ្នាដូចនេះ ធ្វើឡើងក្នុងពេលដែលមេដឹកនាំកំពូលនៃប្រទេសទាំងបី រៀបចំជំនួបត្រីភាគីក្រៅផ្លូវការមួយ អំឡុងពេលមានវត្តមាននៅកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១០ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីសប្ដាហ៍មុន។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគី នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida លើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ គឺកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលនេះបានជំរុញឡើង ក្រោយពីមានចរិតបង្កហេតុកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង ចំពោះស្ថានការណ៍នៅឧបទ្វីកូរ៉េ។

នៅចំពោះមុខក្តីព្រួយបារម្ភថាកូរ៉េខាងជើងនឹងសាកល្បងនុយក្លេអ៊ែរជាលើកទី៧ រាប់ចាប់តាំងពីការសាកល្បងដំបូងក្នុងឆ្នាំ ២០១៧ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីបានបានយល់ព្រមធ្វើការរួមគ្នាពង្រឹងការការពារ និងរារាំងការគម្រាមកំហែង និងក៏ដូចជាស្វែងរកការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងបីនៅក្រោយកិច្ចប្រជុំ។

យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍រួមដដែលគូសបញ្ជាក់យ៉ាងច្បាស់ថា ទ្វាសម្រាប់ការសន្ទនាគ្នានៅតែបើកចំហ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងតាមបែបការទូត ជាមួយទីក្រុងព្យុងយ៉ាង និងបើទោះបីជា ក្រោយពេលដែលកូរ៉េខាងជើងពិតជាធ្វើតេស្តនុយក្លេអ៊ែរជាលើកទី៧ក៏ដោយ ពោលគឺប្រទេសទាំងបីនឹងមិនបិទទ្វារសម្រាប់ការចរចាទេ ទោះស្ថិតក្នុងក្របខណ្ឌណាក៏ដោយ។

គួរជម្រាបថា នៅមុនជំនួបរវាងថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុននេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន ស៊ុកយ៊ូល សុទ្ធតែមានជំនួបទ្វេភាគីជាមួយ សហរដ្ឋអាមេរិកគឺលោក ចូ បៃឌិន រៀងៗខ្លួន។ ក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ទៅលោកចូ បៃឌិនអំពី ផែនការរបស់រដ្ឋាភិបាលទីក្រុងតូក្យូក្នុងការបង្កើនថវិកាការពារជាតិរបស់ខ្លួន ហើយប្រធានាធិបតីអាមេរិកបានគាំទ្រលើគំនិតនេះ។

ដោយឡែក សម្រាប់ភាគីកូរ៉េខាងត្បូងវិញ លោក យ៉ូន សុកយ៊ូល បានជជែកជាមួយលោកបៃឌិន អំពីបញ្ហាក្តៅនៅឧបទ្វីបកូរ៉េ ហើយសន្យាថា ពួកគេនឹងនៅតែរួបរួមគ្នាចំពោះសកម្មភាពបង្កហេតុណាមួយរបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានយ៉ុនហាប់។

គួរបញ្ជាក់ថា ទាំងជំនួបត្រីភាគី និងទាំងទ្វេភាគីដែលបានរៀបរាប់ខាងលើ បានធ្វើឡើងក្នុងឱកាសដែលមេដឹកនាំកំពូលទាំងអស់មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាមួយនឹងវត្តមានប្រទេសជាដៃគូច្រើនទៀត។

ក្រៅតែពីបញ្ហាដ៏រសើបនៅទាក់ទងនឹងកូរ៉េខាងជើង ជំនួបត្រីភាគីនេះ ក៏បានលើកយកបញ្ហានៅអ៊ុយក្រែនមកជជែកផងដែរ។ ពួកគេក៏បានឆ្លៀតលើកឡើងពីកោះតៃវ៉ាន់ ដោយបានរំលឹកឡើងវិញពីភាពចំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅជុំវិញកោះប្រជាធិបតេយ្យមួយនេះ ដែលគេចាត់ទុកជាធាតុដែលមិនអាចខ្វះបាន នៃសន្តិសុខ និងវិបុលភាពក្នុងសហគមន៍អន្តរជាតិ៕




អត្ថបទបន្ទាប់


ហេតុផលនៅពីក្រោយអធិការបតីអាល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម មុននឹងឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលG20នៅបាលី

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា បានធ្វើដំណើរទស្សនកិច្ចទៅរដ្ឋធានីហានូយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង…

អាមេរិកសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនគ្រាក់ៗមួយចំនួន ដែលបន្តផ្គត់ផ្គង់បណ្តាញយោធាដល់រុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen បានបញ្ជាក់បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើបណ្តាញឆ្លងដែននៃបុគ្គល និងក្រុមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ