នេះជាលើកទីមួយហើយ ដែលជប៉ុនបានប្រកាសបែបនេះចាប់តាំងពីអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនដែលបានហោះរំលោភចូលក្នុងទឹកដីសហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈ។ ជប៉ុនអះអាងថា វាមានលក្ខណស្រដៀងគ្នាទៅនឹងបាឡុងដែលហោះចូលក្នុងប្រទេសជប៉ុនកន្លងមកដែរ។
បើតាមក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា ទីក្រុងតូក្យូបានទាមទារឱ្យរដ្ឋអំណាចទីក្រុងប៉េកាំងបញ្ជាក់ឱ្យបានច្បាស់ពីការពិត និងទប់ស្កាត់កុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត។ ក្នុងនោះជប៉ុនក៏បានសង្កត់ធ្ងន់ថា តូក្យូនឹងមិនអាចទទួលយកបានឡើយនូវការរំលោភចូលដោយវត្ថុហោះណាមួយក្នុងដែនអាកាសរបស់ខ្លួននោះ។
ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ទៀតថា វត្ថុដែលត្រូវបានរកឃើញពេលនោះ គឺបានហោះក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុនក្នុងខែវិច្ឆិកាឆ្នាំ២០១៩ និងខេត្តភាគឦសាននៃតំបន់ Miyagi និង Aomori ក្នុងខែមិថុនាឆ្នាំ២០២០ និងខែកញ្ញាឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយដោយក្រសួងការពារជាតិទីក្រុងតូក្យូបានឱ្យដឹងថា៖ «យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលទិន្នន័យព័ត៌មាន និងឃ្លាំមើលប្រឆាំងនឹងបាឡុង រួមទាំងឧបករណ៍គ្មានមនុស្សបើកផ្សេងទៀតដែលបម្រើចារកម្មបរទេស»។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារនោះដែរថា កងកម្លាំងស្វ័យការពារនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ រួមទាំងមីស៊ីលបាញ់ពីលើអាកាសទៅអាកាស ដើម្បីដោះស្រាយការលុកលុយក្នុងដែនអាកាសក្នុងរូបភាពបែបនេះ។
មិនទាន់មានការឆ្លើយតបណាមួយ ពីភាគីចិនជុំវិញ វត្ថុហោះពីលើប្រទេសជប៉ុននេះឡើយ។ ប៉ុន្តែកន្លងមក សម្រាប់ករណីនៅអាមេរិក ប៉េកាំងប្រកាន់ខ្ចាប់ថា បាឡុងនោះប្រើសម្រាប់ឧត្តុនិយមប៉ុណ្ណោះ ហើយថ្មីៗនេះ ចិនបានចោទអាមេរិកវិញថា បានបញ្ជូនបាឡុងទៅហោះរំលោភចូលដែនអាកាសរបស់ចិន ច្រើនជាង ១០ដង គិតចាប់តាំងពីដើមឆ្នាំ២០២២។ ការចោទប្រកាន់នេះ ក៏ត្រូវអាមេរិកច្រានចោលដូចគ្នា៕