ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ បានបង្ហាញពីការពង្រីកសមាជិកភាពជាលើកដំបូង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានវិវត្តពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ក្រោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨។ ការចូលរួមនេះបានធ្វើឱ្យអង់គ្លេសក្លាយជាសមាជិកទី១២ នៃកិច្ចព្រមព្រៀងនេះ ហើយក៏ជាប្រទេសសមាជិកដំបូងមកពីទ្វីបអឺរ៉ុប ខណៈប្រទេសជាមាជិកដែលមានស្រាប់ រួមមាន អូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ ប៉េរូ ណូវែលហ្សេឡង់ សិង្ហបុរី និងវៀតណាម។
លោក រីយូសេអ៊ី អាកាហ្សាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ និងការស្តារសេដ្ឋកិច្ចឡើងវិញបានលើកឡើងថា កិច្ចព្រមព្រៀង CPTPP បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាពាណិជ្ជកម្មសេរី និងជំរុញកំណើនសេដ្ឋកិច្ចរបស់ជប៉ុននិងតំបន់។ លោករំពឹងថា តាមរយៈការចូលជាសមាជិករបស់ចក្រភពអង់គ្លេសនេះ វានឹងជួយផ្សព្វផ្សាយឱ្យពិភពលោកកាន់តែស្គាល់កិច្ចព្រមព្រៀងនេះបន្ថែមទៀត។
ដោយឡែក លោកស្រី ជូលៀ ឡុងបូថុម (Julia Longbottom) ឯកអគ្គរាជទូតអង់គ្លេស បានអះអាងថា បន្ទាប់ពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប គោលនយោបាយពាណិជ្ជកម្មឯករាជ្យរបស់ចក្រភពអង់គ្លេស បានអនុញ្ញាតឱ្យខ្លួនបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗជាមួយបណ្តាប្រទេសផ្សេងៗ រួមទាំងការចូលជាសមាជិក CPTPP នៅពេលនេះ។ លោកស្រីបានលើកឡើងថា សមាជិកភាពរបស់ចក្រភពអង់គ្លេស បានជួយប្រែក្លាយ CPTPP ពីកិច្ចព្រមព្រៀងក្នុងតំបន់ប៉ាស៊ីហ្វិកទៅជាកិច្ចព្រមព្រៀងសកលពិតប្រាកដ។
លោកស្រីបានអះអាងថា ចក្រភពអង់គ្លេសជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងចំណោមសមាជិក CPTPP បន្ទាប់ពីប្រទេសជប៉ុន ហើយការចូលជាសមាជិករបស់អង់គ្លេសបានបង្កើន GDP របស់ប្លុកប្រហែល២៥%។
កិច្ចព្រមព្រៀង CPTPP គ្របដណ្តប់មិនត្រឹមតែពន្ធលើទំនិញប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងជំរុញពាណិជ្ជកម្មសេរីលើសេវាកម្ម និងសេរីភាវូបនីយកម្ម ការវិនិយោគផងដែរ។ ការចូលរួមរបស់ចក្រភពអង់គ្លេសនេះ បានជំរុញឱ្យទីផ្សាររបស់កិច្ចព្រមព្រៀងនេះកើនឡើងពី៥១០លាននាក់ ដល់៥៨០លាននាក់៕
ដោយៈ សរ សុជាតិ