ការនាំចេញអង្ករ​កម្ពុជា

អ្នកជំនាញ៖ អង្ករមិនត្រូវបានដាក់បញ្ចូលក្នុងមុខទំនិញនាំចេញពីកម្ពុជាទៅចិន តាមរយៈ FTA រវាងកម្ពុជា-ចិន នោះទេ!


មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា អង្កររបស់កម្ពុជាមិនត្រូវបានចាត់ចូលក្នុងបញ្ចីមុខទំនិញជាង៣៤០ មុខ ដែលនឹងអនុញ្ញាតឲ្យនាំចូលទៅកាន់ប្រទេសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន នោះឡើយ។ ប៉ុន្ដែ អង្កររបស់កម្ពុជានៅតែអាចនាំចេញទៅកាន់តែទីផ្សារចិនតាមរយៈការកាតូពិសេស ដោយផ្ដល់ដោយរដ្ឋាភិបាលចិនដដែល ហើយតាមរយៈកូតានេះ អង្ករកម្ពុជាក៏ទទួលបានការអនុគ្រោះពន្ធទាបរួចទៅហើយផងដែរ។
អ្នកជំនាញ៖ អង្ករមិនត្រូវបានដាក់បញ្ចូលក្នុងមុខទំនិញនាំចេញពីកម្ពុជាទៅចិន តាមរយៈ FTA រវាងកម្ពុជា-ចិន នោះទេ!
ដោយ

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវបាន​ប្រកាស​បិទបញ្ចប់​ជាស្ថាពរ​នៅថ្ងៃទី ២០ ខែកក្កដា កន្លងទៅ​ថ្មីៗនេះ ហើយ​ការចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀងនេះ​នឹងត្រូវ​ធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ​នឹងអាច​ចូលជាធរមាន​នៅខែមករា​ឆ្នាំ២០២១​ខាងមុខនេះ។  តាមរយៈ​កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាត​ឲ្យ​មុខទំនិញ​របស់​កម្ពុជា​ជាង​៣៤០ មុខ នឹងអាច​នាំទៅកាន់ទីផ្សារចិន  ដោយរួចពន្ធ ដោយក្នុងនោះ ភាគច្រើន​ជាមុខទំនិញ កសិកម្ម និងឧស្សាហកម្ម​កែច្នៃ។ នេះបើតាម​ការអះអាង​របស់​ឯកឧត្តម សុខ សុភ័ក្រ​ រដ្ឋលេខាធិការនៃក្រសួង​ពាណិជ្ជកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​ថ្មីៗនេះ។

តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិន ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ឆាប់ៗនេះ នឹង​ជំរុញ​ដល់​ផែនការ​នាំចេញអង្ករ​កម្ពុជា​១លាន​តោន​ដែរទេ?

គោលដៅ​នាំចេញ​អង្ករ​១លានតោន​របស់​កម្ពុជា ដែលធ្លាប់​ប៉ង​មក​ជាច្រើន​ឆ្នាំមកហើយនោះ បាននិងកំពុង​កាន់តែកៀក​ខិត​ចូលមកដល់ ថែមទាំង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ដែលត្រៀម​នឹង​ចុះហត្ថលេខា​ឆាប់ៗនេះទៀត  ដែលគេមើលឃើញថា​ជាសញ្ញាល្អ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា។ ទោះយ៉ាងណា បើតាម​ការអះអាង​របស់​លោក លន់ យ៉េង លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យដឹងថា សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិននេះ ផលិតផល​អង្ករ​របស់​កម្ពុជា មិនបាន​ស្ថិត​នៅក្នុង​ចំណោម​មុខទំនិញ​រួចពន្ធ​ជាង​៣០០ មុខ ដែលនឹងត្រូវ​នាំចេញ​ទៅចិន​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះទេ។ ប៉ុន្ដែ អង្ករ​កម្ពុជា​នៅតែ​អាច​នាំកាន់​ទៅទីផ្សារ​ចិនបាន​​តាមរយៈ​ការផ្ដល់ជូន​កូតា​ពិសេស​ ដែលមាន​ការព្រមព្រៀង​ពីសំណាក់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ។តាមរយៈ​កូតាពិសេសនេះ កម្ពុជា​អាចនាំចេញ​អង្ករ​ទៅកាន់ប្រទេស​ចិន ដោយមាន​ការអនុគ្រោះពន្ធ​ ពោលគឺកំណត់​យក​ត្រឹម​១% ប៉ុណ្ណោះ នៃតម្លៃ​អង្ករ​ដែលបាន​នាំទៅដល់​ប្រទេសចិន។ 

អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករ​កម្ពុជា​គូសបញ្ជាក់ថា ហេតុផល​ដែល​ភាគីចិន​មិន​ដាក់បញ្ចូល​អង្ករ​របស់​កម្ពុជា​ចូល​ទៅក្នុង​មុខទំនិញ​នាំទៅចិន​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរិ ក៏ព្រោះតែ​ប្រទេសចិន​ក៏មាន​ការផលិត​អង្ករ​ច្រើន​ដូច​កម្ពុជាដែរ ហើយ​មិនមែន​មាន​តែកម្ពុជា​ដែល​មិនអាច​នាំចេញអង្ករ​ទៅចិន​តាមកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ ប្រទេស​ដែល​មាន​កិច្ចព្រមព្រៀង​សេរី​ជាមួយចិន​ផ្សេងទៀត ក៏មិនអាច​នាំចេញអង្ករ​ទៅចិន​តាម​កិច្ចព្រមព្រៀងនេះ​បានដូចគ្នាដែរ។

តាម​ការគូសបញ្ជាក់​របស់​លោក លន់ យ៉េង គិតតាំងពីឆ្នាំ២០១៥ មកទល់នឹងពេលនេះ ភាគីចិនបាន​ផ្ដល់​កូតា​សម្រាប់​អង្ករ​នាំចេញ​ពីកម្ពុជាទៅចិន ចំនួន ៥លើក​មកហើយ ដោយ​លើកដំបូង​១០ម៉ឺន តោន​ ក្រោយមកក៏​​ដំឡើងជាបន្ដបន្ទាប់​រហូតដល់​ មកដល់​ ៤០​ម៉ឺនតោន​នាពេល​បច្ចុប្បន្ននេះ។ ​កូតា​៤០ម៉ឺនតោនេះ ទៀតសោត ​ ក៏ត្រូវប្រើប្រាស់​អស់​ជិត​២០ម៉ឺនតោន​ហើយដែរ និងដាច់ឆ្នាំនេះ អាច​នឹងត្រូវអស់ហើយ​ ដែលវា​នឹងត្រូវ​ការ​រដ្ឋាភិបាល​ទាំងពីរ​ជជែក​គ្នា​បន្តទៀត​ដើម្បី​កំណត់​កូតា​ថ្មី ហើយសហព័ន្ធ​ស្រូវអង្ករ​កម្ពុជាជឿជាក់ថា នៅចុងឆ្នាំនេះ រដ្ឋាភិបាលទាំងពីរ​នឹង​ជជែកគ្នាជាថ្មី​ពីការកំណត់​កូតា​នាំចេញ​អង្ករនេះ។

តាមរបាយការណ៍ ពីសហព័ន្ធ ស្រូវអង្ករ​កម្ពុជា គិតតាំងពីឆ្នាំ២០១៥ មកទល់នឹងបច្ចុប្បន្ននេះ ដោយ​មាន​កូតា​ពីភាគីចិន​ផ្ដល់​សម្រាប់​អង្ករ​កម្ពុជានេះ គេសង្កេតឃើញថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់ប្រទេស​ចិន​សម្រេចបាន​ជាង​១លាន​២សែនតោនហើយ៕

កម្ពុជា​រំពឹងឆ្នាំនេះ នាំចេញ​អង្ករ​បាន​ជាង៨០ម៉ឺនតោន និងឆ្នាំក្រោយ​រំពឹងអាច​ដល់​គោលដៅ១លានតោន

គិតមកទល់​នឹង​រយៈពេល ៧ខែ ដើមឆ្នាំ២០២០នេះ កំណើន​នៃការ​នាំចេញអង្ករ​របស់​កម្ពុជា​បង្ហាញពីកំណើន​ខ្ពស់​គួរឲ្យកត់សម្គាល់​ ខណៈដែល​គោលដៅ​នាំចេញ​អង្ករ​១លានតោន​ ក៏​កំពុង​ស្ថិត​នៅកាន់តែ​ប្រកៀក​ប្រកិត​ផងដែរ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា លោក លន់​ យ៉េង បាន​អះអាងថា ការនាំចេញអង្ករ​របស់​កម្ពុជា​នៅពេញ១ឆ្នាំ​២០២០នេះ រំពឹង​នឹងហក់កើនឡើង​ដល់ទៅជាង៨០ម៉ឺនតោន ហើយ​នៅឆ្នាំ​ក្រោយនេះ រំពឹងថា​អាច​ដល់​កៀក ឬដល់​គោលដៅ​១លានតោន ដែល​បាន​ប៉ងទុក​ជាច្រើនឆ្នាំមកហើយនោះ។ ការអះអាង​ដូច្នេះ ដោយផ្អែកលើ​របាយការណ៍​នាំចេញអង្ករ​របស់​កម្ពុជា​នៅ៧ខែ ឆ្នាំ២០២០នេះ ឃើញថា​សម្រេច​បាន​កំណើន​ខ្ពស់​គួរឲ្យកត់សម្គាល់ ក្នុងទំហំបរិមាណ​ជាង ៤២,៦ ម៉ឺន​តោន កើនឡើងជាង ៣៨% បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុននេះ ខណៈដែល​តម្រូវការ​ទីផ្សារ​អង្ករ​របស់​កម្ពុជា​កំពុង​កើនឡើង​​ជាលំដាប់ ខណៈទីផ្សារ​ក៏មានការធ្វើពិពិធកម្ម​បានល្អផងដែរ។

លោក លន់​ យ៉េង បាន​លើកឡើងទៀតថា ជាទូទៅ​តាមរយៈ​ការ​សង្កេត​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​រយៈពេល ១០ឆ្នាំមកនេះ ឃើញថា ការនាំចេញអង្ករ​របស់​កម្ពុជា​នៅ៦ខែ ដើមឆ្នាំ​ច្រើនតែសម្រេចបាន​៤៥% និង៦ខែ ចុងឆ្នាំ គឺអាច​សម្រេចបាន​៥៥% នៃបរិមាណ​នាំចេញសរុប​។ ដូច្នេះ ផ្អែក​តាម​តួលេខ នៃការនាំចេញ ៦ ទៅ៧ខែ​មកនេះ សហព័ន្ធស្រូវអង្ករ​កម្ពុជា​រំពឹងថា ការនាំចេញ​អង្ករ​នៅពេញ​មួយឆ្នាំ២០២០នេះ អាចនឹង​សម្រេចបាន​រង្វង់​៨០ម៉ឺនតោន។

ដោយឡែក​ សម្រាប់​ឆ្នាំ២០២១ ខាងមុខនេះ វិញ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានរំពឹង​ទុកថា អាចនឹង​សម្រេច​បាន​ការនាំចេញ​កៀកទៅនឹង​គោលដៅ ១លានតោន ឬដល់​គោលដៅ១លាន​តោន។ លោក​ លន់​ យ៉េង អះអាង​ដូច្នេះ ដោយសារតែ​លោក​មើលឃើញថា នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ តម្រូវការ​ទីផ្សារ​អង្ករ​ពីកម្ពុជា​មានកំណើន​ជាលំដាប់​ ពិសេសអង្ករ​កម្ពុជា​ក៏មានការធ្វើ​ពិពិធកម្ម​ទីផ្សារថ្មីៗ​បានល្អផងដែរ។ តួយ៉ាង ទីផ្សារចិន នៅរយៈពេល​ចុងក្រោយនេះ បាន​ហក់កើនខ្ពស់ឡើងៗ គួរឲ្យ​កត់សម្គាល់ ពិសេស​តម្រូវការ​អង្ករក្រអូប​ពី​ទីក្រុងហុងកុង។ រីឯ​ការនាំចេញអង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប មកទល់ម៉ោងនេះ គឺនៅតែមាន​កំណើន​ ហើយវា​កើនឡើង​​ប្រហាក់ប្រហែល​ទៅនឹង​កំណើន​ តាំងពីពេលដែល​អង្ករ​កម្ពុជា​មិនទាន់​ត្រូវបាន​អឺរ៉ុប​យកពន្ធ​ដូច្នោះដែរ។ ទីផ្សារ​ប្រទេស​ផ្សេងៗទៀត ដូចជា អូស្ត្រាលី នេវេហ្សេឡង់ កាបុង និងប្រុយណេ ក៏មានសន្ទុះ​កើនខ្ពស់ដែរ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ នេះ បើតាម​ការអះអាង​របស់​រដ្ឋលេខាធិការរដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

បន្ថែមពីនេះ ទីផ្សារអូស្ត្រាលី​ក៏មានតម្រូវការ​កើនខ្លាំងដែរ នៅរយៈពេលងចុងក្រោយនេះ ខណៈដែល​ក្រុមហ៊ុន​អូស្ត្រាលី​ក៏បាន​មក​ចាប់ដៃគ្នា​ជាមួយវិនិយោគិន​នៅក្នុងស្រុក​សម្រាប់​ការធ្វើផលិតកម្មស្រូវអង្ករ​ផងដែរ ដូច្នេះ វានឹងធ្វើឲ្យ​ទីផ្សារ​អង្ករ​កម្ពុជា​ទៅកាន់អូស្ត្រាលីនឹង​មាន​កំណើន​កាន់តែច្រើន និង​ជាកំណើននិរន្តរភាព។

ក្រៅពីនេះទៀត បើមើល​ទីកាន់ទីផ្សារ​ប្រទេស​តូចៗ ដូចជា ប្រទេសកាប៊ុង ប្រទេស​ព្រុយណេ ជាដើម ក៏មាន​កំណើន​ខ្ពស់ដែរ នៅរយៈពេល​៥ឆ្នាំចុងក្រោយនេះ ហើយទីផ្សារ​ប្រទេស​តូចៗទាំងនេះ គឺមាន​ចំណែក​ទីផ្សារ​អង្ករ​របស់​កម្ពុជាធំ​នៅទីនោះ។ បើតាមសហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏មាន​យុទ្ធសាស្ត្រ នឹង​ជំរុញ​ទីផ្សារ​អង្ករ​ទៅកាន់ប្រទេស​តូចៗទាំងនោះ​កាន់តែច្រើនផងដែរ។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ប្រមាណ ៦២​ម៉ឺន​តោន ធ្លាក់​ចុះ​ជិត ១% ធៀប​នឹង​ឆ្នាំ​២០១៨​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើប Parkson នឹងលក់សាខារបស់ខ្លួនមួយកន្លែងនៅវៀតណាមក្នុងតម្លៃ ១០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Parkson Retial Asia Ltd ដែលមានមូលដ្ឋាននៅសិង្ហបុរី បានយល់ព្រមលក់ផ្សារទំនើប Parkson TD Plaza នៅក្នុងទីក្រុង Hai Phong នៃប្រទ…

SCG កើនប្រាក់ចំណេញ ៣៣% ក្នុងត្រីមាសទី២ បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រអាជីវកម្មថ្មីៗដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំជាងគេបំផុតមួយ នៅតំបន់អាស៊ី​អាគ្នេយ៍ ថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញនៅតែកើនឡើង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ