សារព័ត៌មាន Nikkei បានរាយការណ៍ថា នៅពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងថាមពលជប៉ុនមួយ គឺក្រុមហ៊ុន Mirarth បាន និងកំពុងជួយកម្ពុជា ក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅក្លាយជាអធិរាជស្វាយចន្ទី និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូលរបស់ពិភពលោក។ ជាក់ស្តែងកាលពីដើមខែមិថុនា ក្រុមហ៊ុននេះបានដាក់ឱ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ដែលត្រូវបានមន្រ្តីរដ្ឋបាលខេត្តនេះចាត់ទុកជានិមិត្តរូបនៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។
ពាក់ព័ន្ធនឹងរោងចក្រនេះ ក្រុមហ៊ុន Mirarth បានឲ្យដឹងថា រោងចក្រថ្មីនេះមានខ្សែច្រវាក់កែច្នៃចំនួនពីរដែលនាំមកពីប្រទេសវៀតណាម ដែលអាចកែច្នៃបកសំបកគ្រាប់ស្វាយចន្ទី បានចំនួន ៨តោន ក្នុងមួយថ្ងៃ ហើយអាចនឹងកែច្នៃវេចខ្ចប់នាំចេញបាននៅក្នុងរង្វង់២តោន នៅក្នុងមួយថ្ងៃ ដូច្នេះនៅក្នុងមួយឆ្នាំរោងចក្ររំពឹងថា នឹងអាចនាំចេញបានរហូតដល់ទៅ៦០០តោនឯណោះ ។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ ក្រៅពីបកសំបក កែច្នៃ និងវេចខ្ចប់ ក្រុមហ៊ុននៅអាចមានលទ្ធភាពប្រើប្រាស់សំណល់ពីសំបកគ្រាប់ស្វាយចន្ទីទាញយកឥន្ធនៈជីវម៉ាសផងដែរ។
ក្រៅពីរោងចក្រដែលបានសាងសង់រួចនេះ ក្រុមហ៊ុន Mirarth មានផែនការកសាងរោងចក្រថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ទៅ២ម៉ឺនតោន ស្របពេលសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា កសិករនៅក្នុងស្រុកអាចមានសមត្ថភាពប្រមូលផលគ្រាប់ស្វាយចន្ទីសរុបបានរហូតដល់ទៅ៦៥ម៉ឺនតោន ហើយស្ទើរតែទាំងអស់នៃគ្រាប់ស្វាយចន្ទីនេះត្រូវបាននាំចេញដោយមិនបានឆ្លងកាត់ការកែច្នៃ។
លោក កេនតារ៉ូ តានីហ្គោជី ( Kentaro Taniguchi ) មន្រ្តីប្រតិបត្តិនៅក្រុមហ៊ុន Mirarth Holdings បានអះអាងថា កម្មករដែលទទួលបានបទពិសោធន៍ក្នុងខេត្តកំពង់ធំ នឹងក្លាយជាបេក្ខជនអ្នកគ្រប់គ្រងនាពេលអនាគតនៅរោងចក្រថ្មី។
ដោយឡែក លោក អាស៊ូស៊ី យូអេណូ (Atsushi Ueno) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា រោងចក្រនៅកំពង់ធំជាគំរូមួយត្រូវបានបង្កើតឡើង ហើយលោក សង្ឃឹមថា វានឹងជំរុញការពង្រីកបន្ថែមទៀតនៅកម្ពុជា។
មកដល់ពេលនេះប្រទេសដែលកំពុងកាន់កាប់ដំណែងកំពូលជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក គឺប្រទេសវៀតណាម ដោយប្រទេសភូមិផងរបងជាមួយកម្ពុជានេះបានរួមចំណែករហូត៥៧% ឬប្រមាណ៣០ម៉ឺនតោន នៃទីផ្សារនាំចេញស្វាយចន្ទីនៅសរុបនៅលើពិភពលោក៕
ដោយៈ សរ សុជាតិ