ការប្ដេជ្ញារបស់ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីនេះ តែងតែបានផ្តល់ឱកាសជូនវិនិយោគិនជប៉ុនអាចលើកឡើងនូវបញ្ហាប្រឈម ក៍ដូចជា សំណូមពរនានា ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមក៍បានលើកឡើងពីការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគកាលពីខែតុលា ឆ្នាំ២០២១របស់កម្ពុជា ដែលបានជួយជំរុញឱ្យបរិស្ថានវិនិយោគកាន់តែមានភាពអំណោយផល ហើយរួមផ្សំ ជាមួយនឹងការបន្តខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ឯកឧត្តមមានជំនឿថា វត្តមានរបស់វិនិយោគិននិងធុរជនជប៉ុននឹងកាន់តែមានការកើនឡើងនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ បានប្ដេជ្ញាបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញនិងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លខ្ពស់នៅចំពោះមុខឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន អំពីសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានថ្លែងអំណរគុណដល់វិនិយោគិនជប៉ុនដែលជានិច្ចកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចចិត្តវិនិយោគ។ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានជំរាបដល់ភាគីជប៉ុនបន្ថែមថា កម្ពុជាប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងឱ្យកម្ពុជាក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ បន្ថែមពីនេះ ឯកឧត្តមក៍បានស្វាគមន៍រាល់គំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការ JICA, សមាគម JBAC និងពីសំណាក់គ្រប់ក្រុមហ៊ុនជប៉ុន ឱ្យចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំពាក់ជំនាញដល់ពលករកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជាក្នុងវិស័យដែលមានតម្រូវការជំនាញខ្ពស់ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិក ជាដើម។
សូមបញ្ជាក់ថា គិតតាំងទសវត្សរ៍ឆ្នាំ៩០ មកដល់ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយក្រុមហ៊ុនជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុប ជិត៣ពាន់លានដុល្លារ។ ក្នុងនោះ រួមមាន គម្រោងវិនិយោគផ្សារទំនើប គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្ត គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យជាដើម៕