យានអវកាស

ក្រុមហ៊ុនជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងប្រជែងជាមួយក្រុមហ៊ុនចិន ដើម្បីឡើងទៅកាន់ឋានព្រះចន្ទ


ក្រុមហ៊ុនអវកាសឯកជនរបស់ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងរួមគ្នាប្រកួតប្រជែងជាមួយក្រុមហ៊ុនអវកាសរបស់ប្រទេសចិន ក្នុងការប្រណាំងប្រជែងឡើងទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីយានអវកាសរបស់ចិន បានត្រឡប់មកកាន់ភពផែនដីដោយសុវត្ថិភាពជាមួយនឹងទិន្នន័យដែលពួកគេប្រមូលបានពីឋានព្រះចន្ទ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
យានអវកាស
ដោយ

ក្រុមហ៊ុនអវកាសឯកជនរបស់ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក បានរួមគ្នាដើម្បីប្រកួតជាមួយក្រុមហ៊ុនអវកាសរបស់ប្រទេសចិនក្នុងការប្រណាំងប្រជែងបាញ់បង្ហោះយានអវកាសទៅកាន់ឋានព្រះចន្ទ។ ជាក់ស្ដែង កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់លោក អេឡិន ម៉ាស បានបាញ់បង្ហោះរ៉ុក្កែតមួយផ្ទុកដោយយានអវកាសចំនួន២ចេញពីមជ្ឈមណ្ឌលអវកាសមួយនៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក។

ក្នុងចំណោមយានអវកាសទាំងពីរនេះមានមួយជារបស់ក្រុមហ៊ុនអវកាសឯកជនអាយស្ប៉េស (Ispace) របស់ជប៉ុន ហើយការបាញ់បង្ហោះយានអវកាសលើកនេះបានបង្ហាញពីការប៉ុនប៉ងជាលើកទីពីររបស់ជប៉ុន ក្នុងការចុះចតនៅលើឋានព្រះចន្ទ និងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅអាស៊ីដែលបានធ្វើដូច្នេះ បន្ទាប់ពីបានបរាជ័យម្ដងមកហើយកាលពីឆ្នាំ២០២៣។

នៅរយៈពេលប្រហែលមួយម៉ោងកន្លះបន្ទាប់ពីបានបាញ់បង្ហោះរ៉ុក្កែតនេះហើយ យានអវកាសសម្រាប់ចុះចតនៅឋានចន្ទរបស់ក្រុមហ៊ុន Ispace បានផ្ដាច់ចេញពីរ៉ុក្កែតនេះ ហើយចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទដោយខ្លួនឯង។

នាយកប្រតិបត្តិក្រុមហ៊ុន Ispace លោក តាកេស៊ី ហាកាម៉ាដា (Takeshi Hakamada) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃពុធថា នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការកសាងប្រព័ន្ធដែលមានសមត្ថភាពដឹកជញ្ជូនវត្ថុទៅកាន់ឋានព្រះចន្ទពីរទៅបីដងក្នុងមួយឆ្នាំនាពេលអនាគត។

ការបាញ់បង្ហោះរួមគ្នានូវយានអវកាសរបស់អាម៉េរិក និងជប៉ុននេះ បានធ្វើឡើងក្រោយយានអវកាសស៊ើបអង្កេតរបស់ចិន បាននាំយកសំណាក ដែលប្រមូលបានពីផ្នែកឆ្ងាយនៃឋានព្រះចន្ទត្រឡប់មកភពផែនដីវិញដោយជោគជ័យ ដែលជាការស្រាវជ្រាវលើកដំបូងនៅលើពិភពលោក។ ដូច្នេះហើយពេលនេះសហរដ្ឋអាម៉េរិកកំពុងសម្លឹងរកការជំរុញការអភិវឌ្ឍផ្នែកអវកាស ដែលដឹកនាំដោយវិស័យឯកជនជាវិធានការទប់ទល់នឹងប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


កាណាដា អាចនឹងចាត់វិធានការតបតតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក

ប្រទេសកាណាដា ដែលមានប្រជាជនសរុបជាង៤១លាននាក់ និងមានភូមិសាស្ត្រ ស្ថិតនៅទ្វីបអាម៉េរិកខាងជើង អាចនឹងចាត់វិធានការតបតវិញតាមរយៈការដំឡើងពន្ធល…

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃសំបុត្រ៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ

(ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥) - ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ