ប្រាក់ដុល្លារអាម៉េរិក នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក បើយោងតាម ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ឱ្យដឹងថា ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសដល់ទៅ៨៩% កាលពីអំឡុងខែមេសា ឆ្នាំនេះ។ ប្រទេសសមាជិក BRICS ដូចជារុស្ស៊ី និងអ៊ីរ៉ង់ ចង់កាត់បន្ថយការប្រើប្រាក់ដុល្លារ ដោយសារទណ្ឌកម្មរបស់អាម៉េរិក អាចរឹតត្បិតការចូលប្រើប្រព័ន្ធហិរញ្ញវត្ថុសកលរបស់ពួកគេ។ ប៉ុន្តែក្រុមអ្នកជំនាញចង្អុលបង្ហាញថា ប្លុក BRICS នៅមានឧបសគ្គធំៗដូចជាការធ្វើសមាហរណកម្មហិរញ្ញវត្ថុនៅមានកម្រិត ផលប្រយោជន៍សេដ្ឋកិច្ចខុសគ្នា និងការជឿទុកចិត្តគ្នានៅមានកម្រិតក្នុងចំណោមសមាជិក គួបផ្សំប្លុកនេះនៅមិនទាន់មានរូបិយប័ណ្ណរួមនៅឡើយ។
ឧបសគ្គមួយទៀត គឺការប្រជែងគ្នារវាងចិន និងឥណ្ឌា ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចសំខាន់ៗក្នុងប្លុកនេះ ដោយអតុល្យភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរវាងប្រទេសទាំងពីរក៏ធ្វើឱ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមានភាពលំបាកផងដែរ។
បច្ចុប្បន្នរុស្ស៊ី និងចិន ទូទាត់ពាណិជ្ជកម្មជិត៩០%របស់ពួកគេជាប្រាក់រូប៊ល និងប្រាក់យន់ ខណៈអ្នកវិភាគយល់ថា ការផ្លាស់ប្តូរនេះត្រូវបានជំរុញជាចម្បងដោយទណ្ឌកម្មរបស់លោកខាងលិចជាជាងកើតចេញពីគោលនយោបាយរួមរបស់ប្លុកប្រទេស BRICS។
សម្រាប់ពេលនេះ ក្រុមអ្នកជំនាញយល់ថា ប្រាក់ដុល្លារអាម៉េរិកនៅតែមានអត្ថប្រយោជន៍សំខាន់ៗដូចជាសាច់ប្រាក់ងាយស្រួល ទីផ្សារដ៏ធំសម្បើម និងការទទួលស្គាល់ទូលំទូលាយទូទាំងពិភពលោក។
ដូចនេះការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក នៅតែជាគោលដៅរយៈពេលវែងជាជាងការផ្លាស់ប្តូរដែលអាចកើតឡើងភ្លាមៗ៕