បច្ចេកវិទ្យា A

UN អំពាវនាវឱ្យពន្យឺតការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ខណៈចិន និងលោក ត្រាំ មិនខ្វល់ពីការគំរាមកំហែង


អង្គការសហប្រជាជាតិ បានចេញមុខអំពាវនាវដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោកឱ្យពន្យឺតល្បឿន នៃការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ ខណៈមហាអំណាចយក្សទាំងពីរ គឺចិន និងសហរដ្ឋអាម៉េរិក បែរជាបង្ហាញជំហរព្រងើយកន្តើយចំពោះក្ដីព្រួយបារម្ភ និងការព្រមានពីសំណាក់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent។
បច្ចេកវិទ្យា A
ដោយ

នៅក្នុងលិខិត១ច្បាប់ ដែលផ្ញើទៅកាន់បណ្តាប្រទេសនានា និងក្រុមអ្នកអភិវឌ្ឍន៍ AI លោក វ៉ូលឃើរ ធើក (Volker Türk) មេដឹកនាំសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកកំពុងស្ថិតនៅលើគែម នៃការផ្លាស់ប្តូរដ៏គ្រោះថ្នាក់មួយ ដែលមិនអាចកែប្រែបាន ដែលវាពុំត្រឹមតែប៉ះពាល់ដល់មនុស្សជាតិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ជោគវាសនារបស់មនុស្សជាតិជំនាន់ក្រោយៗទៀតផង។
លោកបានគូសបញ្ជាក់ថា ការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់នាពេលបច្ចុប្បន្ន ដើម្បីបង្កើត AI ដែលកាន់តែមានសមត្ថភាពខ្លាំងក្លាឡើងៗនោះ គឺជាជំហានឆ្ពោះទៅរកហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចបំផ្លាញអត្ថិភាព នៃជីវិតរស់នៅគ្រប់ទិដ្ឋភាពទាំងអស់។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់រដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយឱ្យចាត់វិធានការជាបន្ទាន់តាមរយៈវេទិកាពហុភាគី ដើម្បីកំណត់ក្របខ័ណ្ឌគ្រប់គ្រងលើម៉ូដែល AI កម្រិតខ្ពស់ និងទំនើបៗ ដោយឈរលើមូលដ្ឋាននៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ការព្រួយបារម្ភអំពីគ្រោះថ្នាក់ដ៏មហន្តរាយ នៃ AI បានកើនឡើងកម្ដៅកាលពីសប្តាហ៍មុន បន្ទាប់ពីអ្នកស្រាវជ្រាវ២រូបមកពីក្រុមហ៊ុន Anthropic បានចេញការព្រមានថា បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះអាចឈានទៅដល់ការផ្លាស់ប្តូរពិភពលោក និងបង្កឱ្យមានការផុតពូជ នៃមនុស្សជាតិនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
បច្ចុប្បន្នសហរដ្ឋអាម៉េរិក និងចិនកំពុងឈរនៅជួរមុខគេ នៃការប្រជែងអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ទំនើបៗ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើគោលនយោបាយគ្រប់គ្រង AI និងការអនុវត្តក្នុងឧស្សាហកម្មនេះ ដោយបញ្ហាទាំងនេះត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទក្តៅនៅក្នុងជំនួបពិភាក្សាទ្វេភាគីនាចុងខែនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាម៉េរិក។
កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការលើកឡើងអំពីការគំរាមកំហែង នៃ AI និងបានព្រមានប្រឆាំងនឹងការបង្កើតរូបភាពប្រឈមមុខដាក់គ្នា ឬការប្រកួតប្រជែងដោយចេតនាមិនល្អ។ លោក ហ្គួ ចៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការពន្លើសពីការគំរាមកំហែង និងការបង្កើតការប្រឈមមុខដាក់គ្នាមានតែរំខានដល់ដំណើរការ នៃការគ្រប់គ្រង AI ពិភពលោកប៉ុណ្ណោះ ហើយវាមិនបានផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។
ដោយឡែកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហររឹងប៉ឹងថា អាទិភាពចម្បងរបស់លោក គឺការធានាឱ្យសហរដ្ឋអាម៉េរិកអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យបានលឿនជាងប្រទេសចិន ថែមទាំងបានមើលស្រាលលើការព្រមានរបស់ក្រុមអ្នកស្រាវជ្រាវទៀតផង។ លោកបានថ្លែងថា គ្រប់ភាគីទាំងអស់គួរតែធ្វើការរួមគ្នាដើម្បីជំរុញ AI ក្នុងលក្ខណៈមួយ ដែលបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍រួម និងតម្រង់ទិសឆ្ពោះទៅរកអំពើល្អ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហេតុអ្វីប្រទេសជាច្រើននិយាយពីការកាត់បន្ថយការពឹងផ្អែកលើដុល្លារ ប៉ុន្តែមិនទាន់មានលទ្ធ​ផល​ជាក់ស្តែង?

ជាច្រើនឆ្នាំមកហើយដែលប្លុកប្រទេស BRICS បាននិយាយអំពីការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែទោះបី​មាន​ការជំរុញឱ្យប្រើរូបិយប…

កម្ពុជាត្រូវតតាំងផ្លូវច្បាប់ក្រោមយន្តការ UNCLOS ជាមួយថៃយ៉ាងហោចណាស់៦លើកបន្ថែមទៀតនៅក្នុងសំណុំរឿងវិវាទដែនសមុទ្រ

កម្ពុជា និងថៃត្រូវតតាំងគ្នាតាមផ្លូវច្បាប់ក្រោមយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងសំណុំរឿងវិវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ