ជាមួយគ្នានេះអេស៊ីលីដាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យមកវិនិយោគ និងប្រើប្រាស់សេវាអេស៊ីលីដាបន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកំពុងបើកទូលាយគ្រប់វិស័យសម្រាប់ការវិនិយោគបរទេស ហើយតាមច្បាប់វិនិយោគថ្មីរបស់កម្ពុជាក៏មានការលើកទឹកចិត្តវិនិយោគិនជាច្រើនផងដែរ។
នាជំនួបជាមួយក្រុមវិនិយោគិនជនជាតិជប៉ុនជាង៥០ក្រុមហ៊ុនកាលពីពេលថ្មីៗ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញពីសមិទ្ធផល និងការធ្វើពាណិជ្ជកម្មរវាងធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះជាមួយនឹងក្រុមហ៊ុនជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះធនាគារ អេស៊ីលីដា មានអតិថិជនជនជាតិជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលស្ថិតក្នុងវិស័យផ្សេងៗរាប់ចាប់តាំងពីការផលិតរហូតដល់លក់រាយ អចលនទ្រព្យ សំណង់ និងវេជ្ជសាស្ត្រជាដើម។
លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា អតិថិជនជនជាតិជប៉ុនលក្ខណៈសាជីវកម្មទាំងនេះមិនមែនប្រើប្រាស់សេវាកម្មឥណទានរបស់អេស៊ីលីដានោះទេ ពោលគឺពួកគេប្រើប្រាស់ជាសេវាទូទាត់នានាដូចជាទូទាត់ប្រាក់ខែជូនបុគ្គលិក និងទូទាត់ថ្លៃទំនិញជាដើម។
ក្រៅពីចែករំលែកបទពិសោធន៍លើការធ្វើពាណិជ្ជកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដារូបនេះក៏បានបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងចំណុចសក្តានុពលនានារបស់កម្ពុជាដល់ក្រុមវិនិយោគិនជនជាតិជប៉ុនផងដែរ ក្នុងន័យផ្តល់ជាធាតុចូលដល់ពួកគេសម្រាប់ពិចារណាមុនវិនិយោគនៅកម្ពុជា។ ក្នុងនោះលោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដែលត្រូវបានស្ថាប័នអន្តរជាតិ ក៏ដូចរាជរដ្ឋាភិបាលព្យាករណ៍អាចមានកំណើនក្នុងរង្វង់៥% នៅឆ្នាំនេះ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការកើនឡើងអតិផរណា ព្រមជាមួយនឹងសក្ដានុពលវិនិយោគជាច្រើនផ្សេងទៀតរបស់កម្ពុជា។
ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ និងច្បាប់វិនិយោគថ្មី ដែលបង្កការងាយស្រួលដល់វិនិយោគ និងមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនបរទេសជាច្រើនផងដែរ។
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតតាំងពីឆ្នាំ ១៩៩៤ រហូតមកត្រឹមខែកក្កដាឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនជិត១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារអាមេរិក៕