កិច្ចព្រមព្រៀងវឌ្ឍនភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP នេះ គឺគ្របដណ្ដប់ទំហំ១ភាគ៣នៃពាណិជ្ជកម្ម និងចំនួនប្រជាជនសរុបក្នុងសកលលោក ហើយវានឹងក្លាយជាមូលដ្ឋានគ្រឹះពាណិជ្ជកម្មដ៏រឹងមាំនៅក្នុងតំបន់អាស៊ី។ នេះបើតាមការបញ្ជាក់អះអាងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនក៏រំពឹងថា សភានឹងអនុម័តចុងក្រោយលើការផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងនេះនៅក្នុងពេលឆាប់ៗនេះ។
ទាក់ទងទៅនឹងកិច្ចព្រមព្រៀងវឌ្ឍនភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នេះដែរ ប្រទេសថៃដែលជាសមាជិកកិច្ចព្រមព្រៀងនេះ ក៏ទើបតែបានសម្រេចអនុម័តផ្ដល់សច្ចាប័នដោយរដ្ឋសភារួចហើយដែរ និងរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ។
ដោយឡែក សម្រាប់កម្ពុជាវិញ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រធ្លាប់បានអះអាងថា ក្រុមការងាររបស់ក្រសួងកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភាជាតិត្រឹមដំណាច់ត្រីមាសទី២ ឬទី៣ ឆ្នាំ២០២១ នេះ។
សម្រាប់ប្រទេសជប៉ុន កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងមួយ ដែលជប៉ុនមានធ្វើជាមួយនឹងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលជាប្រទេសដៃគូពាណិជ្ជកម្មធំទី៣របស់ជប៉ុន។ ក្រៅពីជប៉ុន ចិន និងកូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP ក៏មានការចូលរួមពីប្រទេសអូស្ត្រាលី នូវែស័រឡង់ និងប្រទេសអាស៊ានទាំង១០ផងដែរ។
កិច្ចព្រមព្រៀង RCEP នេះ អាចនឹងចូលជាធរមានទៅបាន លុះត្រាតែមានការផ្ដល់សច្ចាប័នពីប្រទេសអាស៊ានចំនួន៦ និងប្រទេសក្រៅអាស៊ានចំនួន៣ផ្សេងទៀត ដែលជាសមាជិកកិច្ចព្រមព្រៀង៕