ទេសចរណ៍-បដិសណ្ឋារកិច្ច

ភោជនីយដ្ឋាន Cuisine Wat Damnak ដែលស្ថិតក្នុង​បញ្ជី​«ភោជនីយដ្ឋាន​ល្អបំផុតទាំង៥០នៅអាស៊ី» ឥឡូវនេះ បើកផ្លូវការនៅភ្នំពេញហើយ


ភោជនីយដ្ឋាន Cuisine Wat Damnak ដែលទទួលពានរង្វាន់ ស្ថិតក្នុងចំណោម«ភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅតំបន់អាស៊ី» (Asia’s 50 Best Restaurants) និងដែលបានកសាងភាពល្បីល្បាញនៅខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ ឥឡូវនេះ បានពង្រីកខ្លួនមកកាន់រាជធានីភ្នំពេញហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវដែលត្រូវការបទពិសោធន៍ទទួលទានអាហារបែបប្រណីត ។
ភោជនីយដ្ឋាន Cuisine Wat Damnak ដែលស្ថិតក្នុងបញ្ជី«ភោជនីយដ្ឋានល្អបំផុតទាំង៥០នៅអាស៊ី» ឥឡូវនេះ បើកផ្លូវការនៅភ្នំពេញហើយ
ដោយ

បង្កើតឡើងដំបូងបំផុតនៅខេត្តសៀមរាប ដោយចុងភៅជនជាតិបារាំង លោក Joannès Rivière ភោជនីយដ្ឋាន Cuisine Wat Damnak គឺជាភោជនីយដ្ឋានខ្មែរដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ជាភោជនីយដ្ឋានល្អបំផុត ក្នុងបញ្ជី«ភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅតំបន់អាស៊ី» (Asia’s 50 Best Restaurants) ។ 

លោក ងួន វេងឆាយ ដែលជាដៃគូពាណិជ្ជកម្មរបស់លោក Joannès Rivière និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការពង្រីកខ្លួនបន្ថែមមកកាន់រាជធានីភ្នំពេញ គឺដើម្បីផ្ដល់ឱកាសដល់ភ្ញៀវជាតិនិងអន្តរជាតិនៅរាជធានីភ្នំពេញបានទទួលបទពិសោធន៍ទទួលទានអាហារខ្មែរបែបប្រណីត ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ខេត្តសៀមរាបនោះឡើយ ។ 

លោក វេងឆាយ បានបន្តថា ភាពពិសេសប្លែកពីគេរបស់ភោជនីយដ្ឋាន Cuisine Wat Damnak ដែលនាំឲ្យខ្លួនកសាងភាពល្បីល្បាញបាននៅក្នុងតំបន់អាស៊ី គឺភោជនីដ្ឋាននេះផ្ដល់នូវបទពិសោធន៍នៃការទទួលទានអាហារបែបប្រណីត បន្ថែមពីលើការច្នៃប្រឌិតម្ហូបខ្មែរឲ្យមានរូបរាងបែបអាហារលោកខាងលិច ប៉ុន្តែរក្សាបានរសជាតិជាម្ហូបខ្មែរពិតៗ ។ 

លោក ងួន វេងឆាយ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak នៅរាជធានីភ្នំពេញ

លោក ងួន វេងឆាយ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា យើងត្រូវការពេលវេលាបន្តិចដើម្បីឲ្យភ្ញៀវខ្មែរយល់អំពីយើង ។ តាំងពីយើងចាប់ផ្ដើមបើកសាកល្បងនៅភ្នំពេញនេះមក ខ្ញុំបានឃើញភ្ញៀវមុខថ្មីៗអញ្ជើញមកជាហូរហែ ។ ពួកគាត់សប្បាយចិត្តដែលដឹងថាយើងមកភ្នំពេញ ព្រោះពីមុន ពួកគាត់ត្រូវធ្វើដំណើរទៅដល់ខេត្តសៀមរាប ។ ភ្ញៀវខ្លះ ពេលគាត់មកម្ដងហើយ គាត់អញ្ជើញមកទៀត ដោយនាំមិត្តភក្ដិថ្មីៗមកផងដែរ ។» 

លោក ងួន វេងឆាយ គឺជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ ដោយបានទទួលការសិក្សាលើវិស័យនេះនៅប្រទេសសិង្ហបុរី និងមានបទពិសោធន៍ការងារជាច្រើនឆ្នាំ ជាមួយក្រុមហ៊ុននិងសណ្ឋាការលំដាប់អន្តរជាតិទាំងក្នុងនិងក្រៅប្រទេស ។ 

លោក វេងឆាយ បានពណ៌នាអំពីភាពពិសេសរបស់ភោជនីដ្ឋាន Cuisine Wat Damnak ថា នៅទីនេះ ពេលភ្ញៀវអញ្ជើញមក គឺប្រៀបដូចភ្ញៀវមកលេងផ្ទះរបស់យើង យើងទទួលភ្ញៀវដោយភាពរាក់ទាក់ចេញពីបេះដូងជាម្ចាស់ផ្ទះ និងរៀបចំម្ហូបទទួលភ្ញៀវ ពោលគឺនៅទីនេះ ភ្ញៀវពុំអាចកុម្មង់ម្ហូបមុខនេះឬមុខនោះបានទេ ។ 

ផ្ទះបាយរបស់ភោជនីយដ្ឋាន Cuisine Wat Damnak មើលពីក្រៅបង្អួចកញ្ចក់ ។

លោក វេងឆាយ បានបន្តយ៉ាងដូច្នេះថា «នៅទីនេះ យើងសម្រិតសម្រាំងមុខម្ហូបមួយឈុត និងផ្លាស់ប្ដូរវាមួយខែម្ដង ។ គ្រឿងផ្សំគឺជ្រើសរើសដោយហ្មត់ចត់បំផុត និងប្រកបដោយគុណភាព ។» «ម្ហូបរបស់យើងមានភាពទំនើបបន្តិច ដែលបើអ្នកគ្រាន់តែអានម៉ឺនុយ អ្នកស្រមៃពីម្ហូបនោះមិនចេញទេ ។ ម្ហូបនីមួយៗ ត្រូវការបច្ចេកទេសចម្អិននិងគ្រឿងផ្សំរាងស្មុគស្មាញបន្តិច ប៉ុន្តែ អាហារមួយឈុតដែលយើងរៀបចំជូនភ្ញៀវ គឺផ្ដល់នូវគ្រប់រសជាតិនៃម្ហូបខ្មែរ ។» 

លោក វេងឆាយ បានបន្ថែមថា Cuisine Wat Damnak មិនមែនជាភោជនីយដ្ឋានបែបដែលមនុស្សម្នាធ្វើដំណើរកាត់ ឃើញ និងដើរចូលនោះទេ ពោលគឺអ្នកអញ្ជើញមក បានស្រាវជ្រាវអំពីភោជនីយដ្ឋាន បានស្គាល់ និងបានកក់ទុកជាមុន ។ 

ភោជនីយដ្ឋាន Cuisine Wat Damnak ទទួលពានរង្វាន់ជាភោជនីយដ្ឋានល្អបំផុត​ទាំង ៥០ នៅតំបន់អាស៊ី សម្រាប់ឆ្នាំ២០១៥ និងឆ្នាំ២០១៦ ។

លោក វេងឆាយ បានមានប្រសាសន៍ដូច្នេះថា «យើងមិនមែនផ្ដល់ត្រឹមតែអាហារនោះទេ យើងផ្ដល់នូវបទពិសោធន៍ទទួលទានអាហារ ពោលគឺបទពិសោធន៍នេះរាប់តាំងពីពេលដែលអ្នកដើរចូលភោជនីយដ្ឋានរហូតដល់ពេលអ្នកដើរចេញទៅវិញ ។ ហើយបទពិសោធន៍បែបនេះ បើនៅសិង្ហបុរី ឬនៅញូវយ៉ក សហរដ្ឋអាមេរិកវិញ គឺថ្លៃលើសយើងនេះ ដល់ទៅបួនប្រាំដងឯណោះ ។» 

បើតាមការឲ្យដឹងរបស់លោក វេងឆាយ មហិច្ឆតារបស់ Cuisine Wat Damnak គឺធ្វើឲ្យម្ហូបខ្មែរមានគុណភាពនិងស្តង់ដារអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយម្ហូបអឺរ៉ុប ម្ហូបជប៉ុន នៅលើឆាកអន្តរជាតិដែរ ហើយនៅថ្ងៃណាមួយ លោកចង់ឃើញ Cuisine Wat Damnak មានវត្តមាននៅទីក្រុងល្បីៗនៅលើពិភពលោក ៕

ការរៀបចំ​កន្លែងអង្គុយ​សម្រាប់ភ្ញៀវនៅក្នុង​ភោជនីយដ្ឋាន Cuisine Wat Damnak ។



អត្ថបទបន្ទាប់


កម្មវិធី​យុទ្ធនាការ​សង្គម «រួមគ្នា​ដើម្បី​ក្តី​ស្រមៃ​កុមារ​កម្ពុជា» ក្នុង​ការសាងសង់​សាលាមត្តេយ្យថ្មី ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន Yeo's ប្រចាំ​ប្រទេស​កម្ពុជា​និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)

ព័ត៌មាន
ក្រុមហ៊ុន Yeo’s ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងសហការគ្នាក្នុងការកសាងសាលាមត្តេយ្យថ្មីមួយសម្រាប់សិស្សានុសិស្ស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ