ធនាគារកណ្តាលអឺរ៉ុបដំឡើងអត្រាការ

ធនាគារកណ្តាលអឺរ៉ុបសម្រេចចិត្តដ៏កម្រដំឡើងអត្រាការប្រាក់គោល ០,៧៥% ចំពេលអតិផរណាកើនខ្ពស់


នៅថ្ងៃព្រហស្បតិ៍ទី២៦តុលា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩មក ដោយសន្យាថា នឹងបន្តបង្កើនការចំណាយលើការខ្ចីប្រាក់នៅប៉ុន្មានខែខាងមុខនេះ។ ធនាគារកណ្តាលអឺរ៉ុប ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានពន្យល់ថា ការធ្វើដូច្នេះគឺដើម្បីទប់ទល់នឹងវិបត្តិអតិផរណាទំនិញ នៅតំបន់ចាយប្រាក់អឺរ៉ូ និងបើទោះបីតំបន់មួយនេះ កំពុងមានទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Financial Times។
ធនាគារកណ្តាលអឺរ៉ុបសម្រេចចិត្តដ៏កម្រដំឡើងអត្រាការប្រាក់គោល ០,៧៥% ចំពេលអតិផរណាកើនខ្ពស់
ដោយ

ធនាគារកណ្តាលអឺរ៉ុប ឬហៅកាត់ថា ECB បាន​ពន្យល់ថា នៅមួយរយៈចុងក្រោយ​នេះ​ អតិផរណា​ទំនិញ គឺ​គ្មាន​ការស្រុត​​ចុះ ហើយ​ចេះតែ​ឡើង​ខ្ពស់​ទៅៗ។ ទិដ្ឋភាព​ទំនិញឡើងថ្លៃ លុយអឺរ៉ូចុះថោក នេះ កើត​មាន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុងប្រទេស​​​តំបន់ចាយប្រាក់អឺរ៉ូ និងដែល​ប្រាក់​អឺរ៉ូ​​ចុះ​ថោក​ស្ទើរតែ​ស្មើ​នឹង​ប្រាក់​ដុល្លារ​អាមរិកទៅហើយនាពេល​ថ្មីៗនេះ​។ ​បើ​គិត​ពី​ខែមុនមក ​ក្នុង​ប្រទេស​​តំបន់​ចាយប្រាក់អឺរ៉ូ គឺអតិផរណាទំនិញ បានហក់​ឡើង​ខ្ពស់​​រហូត​ដល់ ៩,៩%។

ធនាគារកណ្ដាល​អឺរ៉ុប ECB បានសម្រេចដំឡើងអត្រាការ​ប្រាក់ ០,៧៥% ធ្វើឱ្យអត្រាការប្រាក់គោលបច្ចុប្បន្នមានចំនួន ១,៥%។ នេះជាការដំឡើងក្នុងកម្រិត​មួយខ្ពស់បំផុត ដែលគេមិនធ្លាប់ឃើញធនាគារកណ្ដាលរបស់ប្លុកនេះ​ធ្វើពីមុនមកនោះទេ ចាប់តាំងពីឆ្នាំ២០០៩។

មូលហេតុដែលធនាគារកណ្តាល​អឺរ៉ុបដំឡើង​អត្រាការប្រាក់ខ្ពស់ដូចនេះ គឺព្រោះ​តែ​វិបត្តិ​ថាមពល និងឧស្ម័ន​ ដែល​កើតចេញពី​សង្គ្រាមរុស្ស៊ី​​​ឈ្លាន​ពាន​អ៊ុយក្រែន ហើយ​ជំរុញ​ឲ្យ​ទំនិញ​ឡើងថ្លៃ​ខ្ពស់ យ៉ាងឆាប់រហ័សមួយ​រំពេច ​និងបាន​ផ្តល់​ភាព​ស្រពិច​ស្រពិល​មិន​ប្រាកដប្រជាចំពោះ​​ទីផ្សារ​ទំនិញនិង​តម្លៃ​ឧស្ម័ន​ រួមទាំងសេដ្ឋកិច្ចជារួម។

គួរជម្រាបថា អតិផរណាតំបន់អឺរ៉ូ​ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត​នៅពេលដែល​ទិន្នន័យខែតុលានេះ នឹងចេញផ្សាយ​នៅថ្ងៃចន្ទ​សប្តាហ៍ក្រោយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃ​ថាមពល​លក់ដុំនៅអឺរ៉ុប​បានធ្លាក់​បន្តិច​នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលវាទំនង​ទៅបន្ធូរបន្ថយ​សម្ពាធ​តម្លៃលក់រាយនៅក្នុងប៉ុន្មាន​ខែខាងមុខនេះ។

សូមបញ្ជាក់ថា ខណៈពេលដែលសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ​ត្រូវបានគេរំពឹងថា​នឹងកើនឡើង ០,៧%នៅក្នុងត្រីមាសទី៣ឆ្នាំនេះ អ្នកសេដ្ឋកិច្ចជាច្រើនរំពឹងថា វានឹងធ្លាក់ចុះវិញ ក្នុងរយៈពេល ៣ខែបន្ទាប់ ពោលគឺនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ដោយសារតែឥទ្ធិពលតម្រូវការថាមពលច្រើនក្នុងរដូវរងា ធ្វើឱ្យតម្លៃឡើងខ្ពស់ តម្លៃអាហារក៏ខ្ពស់ ដែលដាក់បន្ទុកលើការចំណាយរបស់អ្នកប្រើប្រាស់៕​




អត្ថបទបន្ទាប់


លោកពូទីនព្រមានប្រាប់លោកខាងលិចថា ពិភពលោកកំពុងជួបស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បាននិយាយថា «ពិភពលោកនឹងប្រឈមមុខនូវទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតមិនធ្ល…

សេដ្ឋកិច្ចកម្ពុជារំពឹងនឹងកើន ៦,៦% នៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ជាច្រើន

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣ ក្រោយររំពឹងសម្រេចបានកំណើនជាង ៥% នៅឆ្នាំ២០២២។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ