លោក អ៊ែនឌី បឺនែម (Andy Burnham) អតីតអភិបាលក្រុង Greater Manchester បានក្លាយជាមេដឹកនាំថ្មីរបស់គណបក្សពលករ បន្ទាប់ពីទទួលបានការគាំទ្រពីសមាជិកសភាចំនួន៣៧៩រូបក្នុងចំណោម៤០៣រូប។ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីទី៧របស់អង់គ្លេស ចាប់តាំងពីឆ្នាំ២០១៦ ដែលបង្ហាញពីការផ្លាស់ប្តូរមេដឹកនាំយ៉ាងញឹកញាប់ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍មកនេះ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់នេះកើតឡើងដោយសារប្រព័ន្ធសភារបស់អង់គ្លេស អនុញ្ញាតឱ្យបក្សកាន់អំណាចផ្លាស់ប្តូរមេដឹកនាំ និងនាយករដ្ឋមន្ត្រីបាន ដោយមិនចាំបាច់រៀបចំការបោះឆ្នោតសកលថ្មី ប្រសិនបើបក្សនោះនៅតែរក្សាសំឡេងភាគច្រើនក្នុងសភា។
នៅក្នុងសុន្ទរកថាដំបូងលោក អ៊ែនឌី បឺនែម (Andy Burnham) បានសន្យាថា នឹងស្តារស្ថិរភាពនយោបាយដោះស្រាយបញ្ហាបែកបាក់ក្នុងសង្គម កែលម្អជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ដែលជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អង់គ្លេសនាពេលបច្ចុប្បន្ន។ ក្រោយទទួលតំណែងជាផ្លូវការ លោកនឹងថ្លែងសុន្ទរកថាដំបូង និងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។ ក្រុមអ្នកវិភាគរំពឹងថា លោកនឹងកែសម្រួលមុខតំណែងសំខាន់ៗដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងជំរុញស្ថិរភាពនយោបាយឡើងវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតប្រជាមតិដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៦ មក អង់គ្លេសបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់រួមមានលោក David Cameron, លោកស្រី Theresa May, លោក Boris Johnson, លោកស្រី Liz Truss, លោក Rishi Sunak, លោក Keir Starmer និងលោក Andy Burnham ដែលទើបឡើងកាន់តំណែងនៅថ្ងៃនេះ។ ការផ្លាស់ប្តូរ
មេដឹកនាំជាញឹកញាប់នេះបានធ្វើឱ្យអង់គ្លេស ក្លាយជាប្រទេសមួយដែលមានការប្តូរនាយករដ្ឋមន្ត្រីច្រើនបំផុតក្នុងចំណោមប្រទេសប្រជាធិបតេយ្យធំៗ នារយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕
ដោយ: តែម សុខុម