ម៉ូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ Kimi K3 របស់ក្រុមហ៊ុនចិន Moonshot AI បានធ្វើឱ្យពិភពបច្ចេកវិទ្យាអាម៉េរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃសុក្រ កន្លងទៅនេះ ជាពិសេសវាបានក្លាយជាគូប្រជែងដ៏ធំសម្រាប់កម្មវិធី Claude របស់ក្រុមហ៊ុន Anthropic និង ChatGPT របស់ក្រុមហ៊ុន OpenAI។ ម៉ូដែល AI ថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមការងាររបស់លោក យ៉ាង ជីលីន (Yang Zhilin) សហស្ថាបនិកក្រុមហ៊ុន Moonshot AI ដែលមានវ័យទើបតែ៣៤ឆ្នាំប៉ុណ្ណោះ។ បច្ចេកវិទ្យាថ្មីនេះត្រូវបានគេវាយតម្លៃថា មានសមត្ថភាពខ្ពស់ និងអស្ចារ្យមិនចាញ់ម៉ូដែលលំដាប់កំពូលរបស់សហរដ្ឋអាម៉េរិកឡើយ។
លោក អាណាស្តាសូស អេនជីឡូពូឡូស (Anastasios Angelopoulos) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Arena បានលើកឡើងថា Kimi K3 របស់ចិន កំពុងតែបង្ហាញឥទ្ធិពល និងសក្តានុពលដ៏ខ្លាំងក្លារបស់ចិននៅក្នុងពិភពបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន។ លោកបានបន្តថា ផ្អែកលើតារាងចំណាត់ថ្នាក់របស់ Arena ម៉ូដែល Kimi K3 នេះ កំពុងឈរនៅកំពូលតារាងក្នុងចំណោមម៉ូដែល AI ទាំងអស់ដែលមានសមត្ថភាពខាងសរសេរកូដ។
ជុំវិញការប្រកាសចេញម៉ូដែល Kimi K3 នេះដែរ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះវាត្រូវបានបញ្ចេញមុនពេលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាសបើកសន្និសីទពិភពលោកស្តីពី AI។ ក្នុងឱកាសនោះ លោក ប្រធានាធិបតីចិន ក៏បានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍ AI មិនគួរក្តោបក្តាប់ដោយប្រទេសណាមួយឡើយ ប៉ុន្តែវាត្រូវតែជាការអភិវឌ្ឍន៍រួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការជាសកល។
ដោយឡែកលោក ផាទ្រិក ម័រហ៊ីត (Patrick Moorhead) អ្នកវិភាគបច្ចេកវិទ្យាម្នាក់ទៀតបានអះអាងថា វត្តមានរបស់ AI Kimi K3 មានសន្ទុះខ្លាំងក្លា មិនខុសពីការបង្ហាញខ្លួនរបស់ DeepSeek កាលពីដើមឆ្នាំ ២០២៥ នោះឡើយ។ លោកបានបន្ថែមថា ទាំង DeepSeek និងម៉ូដែល AI ថ្មី Kimi K3 នេះ នឹងក្លាយជាគូប្រជែងដ៏ពិតប្រាកដ និងគួរឱ្យបារម្ភបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិកដូចជា Anthropic និង OpenAI នាពេលខាងមុខ៕
ដោយៈ សរ សុជាតិ